កឹម សុខា ចាត់​ចែង​ផ្ដាច់​មុខ​លើ​តំណែង​កូតា CNRP នៅ​រដ្ឋសភា?

នៅចំពោះប្រតិកម្ម របស់លោក កឹម សុខា តែម្នាក់ឯង ទៅនឹងការដករូបលោក ពីតំណែង​ជាអនុប្រធាន​ទីមួយ នៃ​រដ្ឋសភា​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​តាម​ដាន ព្រឹត្តិការណ៍នយោបាយកម្ពុជា រិះគិតថា តើតំណែង«កូតា» របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​រដ្ឋសភា​ជាតិ ជាការ​ចាត់ចែង​ផ្ដាច់​មុខរបស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ឬ​យ៉ាង​ណា?
កឹម សុខា ចាត់​ចែង​ផ្ដាច់​មុខ​លើ​តំណែង​កូតា CNRP នៅ​រដ្ឋសភា?
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត ហ្វេសប៊ុក)

នៅចំពោះការដកតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា ពីអនុប្រធានគណបក្សប្រឆាំង ដោយក្រុម​តំណាង​រាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជានោះ គេបែរជាមិនបានឃើញ លោក សម រង្ស៊ី ដែលជាប្រធាន​គណបក្ស​សង្គ្រោះជាតិ និងជាមេដឹកនាំប្រឆាំងដ៏ធំជាងគេ នៅកម្ពុជា មិនមានប្រតិកម្មអ្វីជាដុំកំភួនសោះ។ នៅលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់លោក គេបានឃើញលោកបានបង្ហោះ តែសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ​តាំង​ពី​ព្រឹក​ថ្ងៃទី៣០ ខែតុលានោះមក ហើយក៏មិនបានឃើញលោក បង្ហាញពីប្រតិកម្មអ្វីផ្សេង នៅតាម​បណ្ដាញ​​សារព័ត៌មាន ជាតិឬអន្តរជាតិនោះដែរ។

ភាពស្ងាត់ស្ងៀម របស់ប្រធានគណបក្សប្រឆាំង ដោយទុកឲ្យអនុប្រធានរបស់លោក គឺលោក កឹម សុខា បញ្ចេញ​ប្រតិកម្មតែម្នាក់ឯងនេះ បានធ្វើឲ្យក្រុមអ្នកតាមដាន ព្រឹត្តិការណ៍នយោបាយរំពឹង ទៅដល់​ការ​កំណត់​កូតា រវាង​គណបក្សសម្ព័ន្ធភាព (គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) ដែលត្រូវបានធ្វើ នៅពេល​គណបក្ស​​ទាំងពីរ បានរួមបញ្ចូលគ្នា ទៅជាគណបក្សសង្គ្រោះជាតិ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ បានរំលឹកករណីខាងលើ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើសម្លឹង​មើល​តាម«កូតា» នៃគណបក្សសម្ព័ន្ធភាពមួយនេះ (គណបក្សសង្គ្រោះជាតិ = គណបក្សសម រង្ស៊ី+គណបក្ស​សិទ្ធិ​មនុស្ស) តំណែងជានាយករដ្ឋមន្រ្តី ត្រូវបានទៅខាងគណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី ហើយ​តំណែង​ប្រធានរដ្ឋសភា ត្រូវបានទៅគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា នៅពេលឆ្នោះឆ្នោត។ តាម​ការ​ឯកភាព​គ្នា នៃ«កូតា»របស់គណបក្សទាំងពីរ ក្រោយការបោះឆ្នោត ការបញ្ចប់វិបត្តិនយោបាយ តាមកិច្ច​ព្រម​ព្រៀង​នយោបាយ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ជាមួយនឹងគណបក្សប្រជាជនកម្ពុជានោះ តំណែង​អនុ​ប្រធាន​រដ្ឋសភា​ទីមួយ នៃរដ្ឋសភា ប្រាកដជាត្រូវបាន ទៅខាងគណបក្សសិទ្ធិមនុស្ស។

ដូច្នេះតំណែងអនុប្រធានទីមួយ នៃរដ្ឋសភានេះ បើចាំបាច់មានអ្នកមកជំនួសតំណែងនោះ ក៏ត្រូវតែជា​មនុស្ស មកពីគណបក្សសិទ្ធិមនុស្សដែរ។ បើមិនដូច្នោះទេគណបក្សទាំងពីរ (សម រង្ស៊ី និងសិទ្ធិមនុស្ស) មុខជា​រង្គោះ​រង្គើ ប្រះស្រាំ បែកខ្ញែកគ្នា ដែលនាំឲ្យប្រជាប្រិយភាពធ្លាក់ចុះ យ៉ាងគំហុក។ ដូច្នេះចម្លើយ ត្រូវស្ថិតក្នុង​ភាព​ស្ទាក់​ស្ទើរ ដូចពាក្យចាស់មួយបានថ្លែងថា «ហាស្លាក់ខ្ជាក់ស្លែង ស្តោះត្រូវទ្រូងឯង»។ នេះបើតាម​ការអះអាង របស់លោក អ៊ូ វីរៈ ដដែល ដែលធ្លាប់ជាអតីតប្រធាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មួយរូបផង​នោះ។

យ៉ាងណាក៏ដោយ បណ្ដាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា សុទ្ធតែបានអះអាងថា ការដក​តំណែង​ពីលោក កឹម សុខា ជាល្បែងនយោបាយមួយ ដែលគណបក្សប្រជាជនកម្ពុជា ចង់ស្ទង់ពីទំនោរចិត្ត របស់​គណបក្សសង្គ្រោះជាតិ ហើយបើជំហ៊ានណាមួយ ដែលគណបក្សប្រឆាំងមួយនេះ ដើរដោយមិន​ប្រយ័ត្ន​​នោះ អាចនឹងធ្វើឲ្យគណបក្សនេះ បាត់សម្លេងឈឹងតែម្ដង។ លោក អ៊ូ វីរៈ បានបន្តថ្លែងថា៖ «បើគណបក្ស​សង្គ្រោះ​ជាតិ មិន​ដាក់បេក្ខភាពអនុប្រធានទីមួយ នៃរដ្ឋសភាថ្មីទេ គណបក្សសង្គ្រោះជាតិ នឹងមានប្រជាប្រិយភាព​ជាង​មុន។»

រីឯលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពវិញ ក៏បានថ្លែង​ប្រហាក់​ប្រហែល នឹងលោក អ៊ូ វីរៈដែរ។ លោកថា ការដកតំណែងលោក កឹម សុខា នេះ អាចជាចេតនាមួយ បង្កឲ្យ​មាន​ទំនាស់ផ្ទៃក្នុង និងការប្រះឆារ នៃគណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះស្នើឲ្យមានបេក្ខភាព អនុ​ប្រធាន​ទីមួយនៃរដ្ឋសភាជំនួសនោះ។ តែវាអាស្រ័យ លើការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល តែបើដាក់ឲ្យស្ថិតក្នុងភាពទំនេបាន កាន់តែប្រសើរ។

ការិយាល័យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅក្នុងប្រទេសបារាំង បានព្យាយាមស្វែងរកប្រតិកម្មផ្ទាល់ ពីលោក សម រង្ស៊ី តែមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយ លោក កឹម សុខា ដែលជាប្រធានស្ដីទី នៃគណបក្ស​សង្គ្រោះជាតិនៅកម្ពុជា បានសរសេរជំនួសមុខ ឲ្យលោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «លោក​ប្រធាន សម រង្សី និងខ្ញុំ កឹម សុខា ក្នុងនាមជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បាន​ពិភាក្សា​គ្នា និងបានឯកភាពគ្នាហើយថា គណបក្សសង្គ្រោះជាតិ មិនស្នើបេក្ខជន អនុប្រធានទី១ រដ្ឋសភា​ថ្មី​ជំនួស ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងរំលោភលើ កិច្ចព្រមព្រៀងនយោបាយ រវាងគណបក្សទាំងពីរ​នោះ​ឡើយ។»

ចំណែកឯលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានឈាន​មួយជំហ៊ាន កាន់តែជ្រៅជាងនរណាទាំងអស់។ លោកបានបរិហារការដក លោក កឹម សុខា ពីតំណែងជា​អនុ​ប្រធានទីមួយ នៃរដ្ឋសភា ក៏ដូចជាព្រឹត្តិកាណ៍ បាតុករវាយអ្នកតំណាងរាស្រ្ត២រូបជាដើមនោះ ថាជាចេតនា​បង្វែរស្ថានការណ៏ របស់ប្រទេសវៀតណាម និងគណបក្សប្រជាជនកម្ពុជា ដើម្បីបំបាត់ការចាប់អារម្មណ៍ ពី​បញ្ហា​ព្រំដែន និងផែនទី។ លោក សំអាត បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា គណបក្ស​ប្រជាជន​កម្ពុជា បានប្រើ«ព្រួញមួយ បាញ់បានសត្វបី៖ បង្វែរស្ថានការណ៏ បញ្ហាព្រំដែន និងផែនទី, បំបែក​បំបាក់​ផ្ទៃក្នុង CNRP, បន្ថយប្រជាប្រិយភាព CNRP»៕