គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់រហ័ស ករណី​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​

ភ្នំពេញ: ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ទាមទារ​យ៉ាងទទូច​សារជាថ្មី​ម្តងទៀត ឲ្យ​រាជរដ្ឋាភិបាល ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​មាន​ឯករាជ្យភាព​ក្នុងការ​ស៊ើបអង្កេត ដែល​គួរ​ឲ្យ​ទុកចិត្តបាន​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ជួយ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌ និង​ជួយ​ធានា​ដល់​សុវត្ថិភាព​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ក្នុងស្ថានភាព​ដ៏​គ្រោះថ្នាក់ នាពេល​បច្ចុប្បន្ននេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹងមិន​បញ្ជូន​បេក្ខភាព​ថ្មី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង ជា​អនុ​ប្រថាន​ទី​១ នៃ​រដ្ឋសភា ជំនួស​លោក​កឹម​សុខា នោះឡើយ​។​

​យ៉ាងណាក៏ដោយ ក្រោយពី​ហេតុការណ៍​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ ២ រូប កាលពី​ថ្ងៃទី​២៦​តុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​ថ្ងៃទី​២៨​តុលា បានប្រកាស​អំពាវនាវ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ស្រាវជ្រាវ​តាម​ចាប់​ជន​ប្រព្រឹត្តិ​វាយ​លើ​តំណាងរាស្ត្រ ដើម្បី​យកមក​កាត់ទោស​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង ទោះជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​គាំទ្រ​រដ្ឋាភិបាល​នោះទេ​។​

​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​ករណី​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ របស់​ក្រសួងមហាផ្ទៃ ក៏​ត្រូវបាន​បង្កើតឡើង ហើយ​ធ្វើ​ការងារ ដោយ​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម និង​ផ្តល់នូវ​ភស្តុតាង ដើម្បី​ឈានទៅដល់​ការចាប់ខ្លួន​ជន​ប្រព្រឹត្តិ​។

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃអាទិត្យ ទី​១​វិច្ឆិកា​នេះ មិនទាន់មាន​ការប្រកាស​ពី​ការចាប់ខ្លួន​ជន​អ្នកប្រព្រឹត្ត​អំពើហិង្សា​លើ​តំណាងរាស្ត្រ ២ រូបនោះ​នៅឡើយ​ទេ​៕​

គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់រហ័ស ករណី​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​