អភិបាល​ក្រុង​ព្រះសីហនុ​ព្រមាន​ផាក​ពិន័យ​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង

មន្ត្រី​រាជការ និង​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សកម្មភាព​រៀបចំ​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ ថា​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ​មាន​របៀប​រៀបរយ ប្រសើរ​ជាង​ពេល​មុន។

ប៉ុន្តែ​ចំពោះ​រថយន្ត​ដឹក​ទំនិញ​រថយន្ត​របស់​ការដ្ឋាន​ដឹក​ដី ឬ​ទំនិញ​ជាដើម អាជ្ញាធរ​គ្រប់គ្រង​មិន​ទាន់​បាន​ល្អ​ទេ ដោយ​បណ្ដាល​ឲ្យ​ជ្រុះ​អាចម៍​ដី ឬ​កម្ទេច​ថ្ម​តាម​ផ្លូវ​សាធារណៈ​កណ្ដាល​ក្រុង​ទេសចរណ៍​មួយ​នេះ​យ៉ាង​អនាធិបតេយ្យ។ បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ អះអាង​ថា អាជ្ញាធរ​កំពុង​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​ភាព​អសកម្ម​ទាំង​នេះ និង​ឈាន​ដល់​លុប​បំបាត់​ទាំង​ស្រុង។

ក្រុម​គ្រួសារ​អ្នក​ទេសចរ​មួយ​ចំនួន​ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ក្រុង​ព្រះសីហនុ បាន​បន្ត​រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​មូលដ្ឋាន​នេះ ទៅ​លើ​ការ​ទុក​ដាក់​កាក​សំណល់​រឹង​រាវ ឬ​សំរាម ដែល​គេ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ ឬ​ផ្លូវ​ជាតិ​លេខ​៤ ម្តុំ​ផ្សារ​វាលរេញ ជាដើម​នោះ នៅ​មិន​ទាន់​មាន​របៀប​រៀបរយ និង​ពុំ​ទាន់​មាន​អនាម័យ​ត្រឹមត្រូវ​ទេ ដោយ​ការ​ប្រមូល​ទុក​ដាក់​មិន​បាន​ទាន់​ពេលវេលា។

ទោះ​ជា​បែប​នេះ​ក្តី ភ្ញៀវ​ទេសចរ​បាន​កោត​សរសើរ​អាជ្ញាធរ​ខេត្ត​នេះ ថា​បាន​ចុះ​រៀបចំ​របៀប​រៀបរយ​នៃ​ការ​ដាក់​តាំង​លក់​ដូរ​សម្ភារៈ ឬ​មុខ​ទំនិញ​ផ្សេងៗ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​មាន​ភាព​ប្រសើរ​ឡើង។

ភ្ញៀវ​ទេសចរ​ថ្លែង​បន្ត​ថា សព្វថ្ងៃ​នេះ សកម្មភាព​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ ឬ​ទឹក​លាមក​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត ឃើញ​នៅ​តែ​បន្ត​កើត​មាន ក្នុង​នោះ​កាក​សំណល់​សំរាម ឃើញ​មាន​គរ​ទុក​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​តាម​ផ្សារ ឬ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ រយៈពេល​យូរ និង​មាន​ក្លិន​ស្អុយ​អសោច។ ជាង​នេះ ក៏​នៅ​មាន​រថយន្ត​ការដ្ឋាន​សំណង់​ដឹក​ដី ឬ​ថ្ម ព្រម​ទាំង​រថយន្ត​ដឹក​ទំនិញ និង​អ្នក​ដំណើរ ជាដើម បាន​ចូល​ចត​តាម​ផ្លូវ​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​គ្មាន​សណ្ដាប់ធ្នាប់។ បន្ថែម​លើ​នេះ សម្រាប់​រថយន្ត​ដឹក​ដី ថ្ម និង​ដី​ខ្សាច់ ជាដើម គឺ​ម្ចាស់​រថយន្ត ឬ​ម្ចាស់​ការដ្ឋាន​ទាំង​នោះ មិន​បាន​គ្រប​ឲ្យ​មាន​របៀប​រៀបរយ​ទេ ហើយ​អាចម៍​ដី ឬ​កម្ទេច​ថ្ម បាន​ជ្រុះ​ធ្លាក់​រាយប៉ាយ​ពាស​ពេញ​ផ្លូវ និង​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ព្រម​ទាំង​សោភ័ណភាព​ក្រុង​បាន​បន្ត​កើត​មាន៖ «កន្លង​មក​ខ្ញុំ​ឃើញ​អភិបាល​ក្រុង ចុះ​អនុវត្ត​វិធានការ​ជាមួយ​រថយន្ត​ដឹក​ដី​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​តាម​ផ្លូវ​សាធារណៈ​នេះ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា ម្ចាស់​រថយន្ត​ដឹក​ដី ឬ​ម្ចាស់​ការដ្ឋាន​ដឹក​ដី​ទាំង​នោះ គេ​មាន​ខ្នង​បង្អែក​អ្វី​នៅ​ពី​ក្រោយ​រឿង​រថយន្ត​ដឹក​ដី​នេះ​ទេ ទើប​បាន​ជា​រថយន្ត​ដឹក​ដី​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នា​កណ្ដាល​ក្រុង​ព្រះសីហនុ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ ហាក់​បី​ដូចជា​ផ្គើន​កម្លាំង​សមត្ថកិច្ច ឬ​ចំណាត់​ការ​របស់​អភិបាល​ក្រុង»

ផ្ដើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​រួម​សហការ​គ្នា​រក្សា​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ និង​អនាម័យ​បរិស្ថាន​ក្រុង​ទេសចរណ៍​នេះ​ឲ្យ​មាន​សោភ័ណភាព​ល្អ ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ឆ្នាំ​ខាង​មុខ។

បញ្ហា​នេះ​ដែរ គ្រូបង្រៀន​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​រាជការ​ច្រើន​ទៀត​នា​ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​សកម្មភាព​របស់​អភិបាល​ក្រុង​ព្រះសីហនុ ថា​បាន​ចុះ​អនុវត្ត​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​រៀបចំ​ចំណត​យានយន្ត​នៅ​តាម​ទីផ្សារ​ជាដើម​មាន​របៀប​រៀបរយ​ល្អ​ប្រសើរ​ជាង​អាណត្តិ​របស់​អភិបាល​ក្រុង​ចាស់។ ប៉ុន្តែ​លោក​ថា ភាព​អនាធិបតេយ្យ​នៃ​សកម្មភាព​របស់​រថយន្ត​ការដ្ឋាន​ដឹក​ដី​ឆ្លង​កាត់​ក្រុង​នៅ​បន្ត​កើត​មាន និង​បង្ក​ឲ្យ​មាន​អាចម៍​ដី​ជ្រុះ​រាយប៉ាយ​ពាស​ពេញ​ផ្លូវ​ថ្នល់ បង្ក​ឲ្យ​មាន​ធូលី និង​ភក់​ជ្រាំ ជាដើម។ ជាង​នេះ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ឬ​រថយន្ត​សណ្ដោង​កន្ទុយ បាន​បន្ត​បើក​ចេញ​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ និង​ចត​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ គ្រូបង្រៀន​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ហាញ​ឈ្មោះ និង​សាលា​បង្រៀន​រូប​នេះ បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ព្រះសីហនុ ឲ្យ​ជួយ​លុប​បំបាត់​ភាព​អសកម្ម​ទាំង​នេះ​ឲ្យ​បាន​ជា​ស្ថាពរ។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ថា អាជ្ញាធរ​កំពុង​មាន​វិធានការ​ទៅ​លើ​ម្ចាស់​ការដ្ឋាន​រថយន្ត​ដី ថ្ម ឬ​ខ្សាច់ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ជាដើម ដែល​បើកបរ​ចូល​ក្រុង ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​ជ្រុះ​អាចម៍​ដី ឬ​កម្ទេច​ថ្ម​នៅ​តាម​ផ្លូវ​សាធារណៈ និង​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ និង​សោភ័ណភាព​ក្រុង៖ «ការ​ផាក​ពិន័យ​រថយន្ត​ដឹក​ដី​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណភាព​ក្រុង​ព្រះសីហនុ នេះ គឺ​យើង​បាន​យក​ច្បាប់​ជា​គោល ដើម្បី​អនុវត្ត​ទៅ​លើ​ម្ចាស់​រថយន្ត​ដឹក​ដី​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សោភ័ណភាព​ក្រុង ឬ​ផ្លូវ​សាធារណៈ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ»

លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ ចាប់​បាន​រថយន្ត​ដឹក​ដី​ចំនួន ៣​គ្រឿង ដែល​ធ្វើ​សកម្មភាព​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សោភ័ណភាព​ក្រុង ផាក​ពិន័យ​បង់​ចូល​រដ្ឋ​ចំនួន ១​លាន​រៀល​ដាក់​ចូល​ទៅ​រតនាគារ​ជាតិ ហើយ​ក្នុង​ករណី​មិន​រាង​ចាល អាជ្ញាធរ​នឹង​បន្ត​ដាក់​ពិន័យ​តាម​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ពេល​ខាង​មុខ៖ «ការ​ផាក​ពិន័យ​តាម​ច្បាប់​រថយន្ត​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្ដាប់ធ្នាប់​ក្រុង​ទាំង​រថយន្ត​ការដ្ឋាន​ដឹក​ដី ឬ​សំណង់ រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​រថយន្ត​ដឹក​អ្នក​ដំណើរ ជាដើម ត្រូវ​ផាក​ពិន័យ​ចំនួន ១​យន្ត មួយ​គ្រឿង​ចំនួន​មួយ​លាន​រៀល។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ ដោយសារ​តែ​អាជ្ញាធរ​មាន​ការ​យោគយល់​ដល់​ម្ចាស់​រថយន្ត​ដឹក​ដី​ចំនួន ៣​គ្រឿង​ដែល​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន គឺ​អាជ្ញាធរ​ក្រុង និង​មន្ទីរ​បរិស្ថាន បាន​ផាក​តែ ១​លាន​រៀល​ទេ ដោយ​បង់​ចូល​ទៅ​ក្នុង​ថវិកា​ជាតិ»

លោក​ព្រមាន​ទៀត​ថា ក្នុង​ករណី​ម្ចាស់​ការដ្ឋាន​មាន​រថយន្ត​ដឹក​ដី រថយន្ត​ដឹក​ទំនិញ​ធំៗ និង​រថយន្ត​ដឹក​អ្នក​ដំណើរ ជាដើម មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បាន​ដាក់ ឬ​ផ្គើន​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ផែនការ​រៀបចំ​សោភ័ណភាព​ក្រុង​ទេ និង​បន្ត​ផាក​ពិន័យ​តាម​ច្បាប់​ធ្ងន់ធ្ងរ​ថែម​ទៀត គឺ​មាន​ផាក​ចាប់​ពី ១​លាន​រៀល​ដល់ ១០​លាន​រៀល​នា​ថ្ងៃ​ខាង​មុខ។

ដោយឡែក​សម្រាប់​រថយន្ត​ដឹក​អ្នក​ដំណើរ​ពី​ខេត្ត​កំពង់សោម ទៅ​ផ្សារ​វាលរេញ ដែល​កន្លង​មក​បង្ក​ការ​កក​ស្ទះ​ដោយ​ការ​ចត​យានយន្ត​អនាធិបតេយ្យ​តាម​ថ្នល់ ដើម្បី​ចាប់​ភ្ញៀវ​នៅ​តាម​ទីផ្សារ មាន​ផ្សារ​លើ និង​ផ្សារ​ពាណិជ្ជកម្ម ជាដើម លោក អ៊ី សុខឡេង បញ្ជាក់​ថា នៅ​ខែ​តុលា អាជ្ញាធរ​ក្រុង​បាន​ចាប់​រថយន្ត​ទាំង​នោះ​បាន​ចំនួន ៣​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុង​ចំនួន ១​ខែ ដើម្បី​ជា​ការ​ព្រមាន ព្រោះ​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ និង​បាត់បង់​សណ្ដាប់ធ្នាប់​ក្រុង៖ «រថយន្ត​ដឹក​អ្នក​ដំណើរ​ពី​កំពង់សោម ទៅ​ផ្សារ​វាលរេញ ដែល​ចត​ចាប់​ម៉ូយ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​មុខ​ផ្សារ​លើ គឺ​នៅ​ក្នុង​ខែ​តុលា នេះ អាជ្ញាធរ​ចាប់​បាន​រថយន្ត ៣​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ក្រុង​ចំនួន ១​ខែ ដើម្បី​ជា​ការ​ព្រមាន ព្រោះ​ម្ចាស់​រថយន្ត​ទាំង​នេះ​មិន​ព្រម​ចូល​ចំណត​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​សាធារណៈ​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ​ទេ»

ត្រង់​ចំណុច​នេះ អភិបាល​ក្រុង​ក៏​បាន​ទទូច​ដល់​ក្រុម​អាជីវករ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​នា​មូលដ្ឋាន​ក្រុង​ទេសចរណ៍​មួយ​នេះ ត្រូវ​ចូលរួម​សហការ​សម្អាត​បរិស្ថាន ឬ​សោភ័ណភាព​ក្រុង​ជាមួយ​អាជ្ញាធរ ដើម្បី​ប្រែ​ក្លាយ​ក្រុង​ព្រះសីហនុ ឲ្យ​មាន​អនាម័យ ឬ​សោភ័ណភាព និង​មាន​របៀប​រៀបរយ​ឡើង​វិញ។

ទាក់ទិន​បញ្ហា​នេះ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ព្រះសីហនុ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​រួម​សហការ​អនុវត្ត​វិធានការ​រក្សា​សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ក្រុង​ទេសចរណ៍​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​បាន​យូរ​អង្វែង ដើម្បី​ជា​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។