គ.ជ.ប ចាប់​ផ្ដើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ

មន្ត្រី​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឲ្យ​ដឹង​ថា គ.ជ.ប ចុះ​ឈ្មោះ​សាកល្បង​ជា​លើក​ដំបូង​របស់​ខ្លួន​តាម​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១៥​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ត​ទៅ។

ដោយឡែក​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​វិញ ធ្លាប់​បាន​រិះគន់​ថា បើ​ទោះ​ជា​កម្ពុជា រៀបចំ​ធ្វើ​កំណែ​ទម្រង់​ដូច​នេះ​ក៏ដោយ​ចុះ ក៏​គេ​មាន​ជំនឿ​តិចតួច​នៅ​ឡើយ​ថា ការ​បោះ​ឆ្នោត​លើក​នេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ថា បញ្ជី​ឈ្មោះ​សាកល្បង​នេះ​នឹង​ក្លាយ​ជា​ទិន្នន័យ​ដ៏​សុក្រឹត​មួយ ដែល​ពុំ​អាច​មាន​អ្នក​ណា​លួច​កែ ឬ​បន្លំ​បាន ជាពិសេស​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប​នេះ វា​នឹង​កាត់​បន្ថយ​បាន​នូវ​ភាព​ចម្រូងចម្រាស​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។

មន្ត្រី គ.ជ.ប និយាយ​ថា ការ​ចុះ​ឈ្មោះ​សាកល្បង​ដែល​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ នឹង​រៀបចំ​ឡើង​នៅ​ទូទាំង ២៥​រាជធានី-ក្រុង ដែល​ត្រូវ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ វិច្ឆិកា ទើប​បិទ​បញ្ចប់។

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា ប្រព័ន្ធ​បោះ​ឆ្នោត​លើក​នេះ គឺ​អាច​ធានា​បាន​នូវ​សុក្រឹតភាព​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ។ លោក​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ទំនើប គឺ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​អាណត្តិ​នេះ វា​នឹង​លុប​បំបាត់​បាន​ឈ្មោះ​ស្ទួន និង​អ្នក​លួច​បោះ​ជំនួស​ជាដើម ដែល​បញ្ហា​នេះ​បាន​បង្ក​ផល​ពិបាក ៤​អាណត្តិ​មក​ហើយ៖ «»។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ចាប់​ផ្ដើម​ពី​ខែ​មីនា ឆ្នាំ​២០១៦ ត​ទៅ។ ចំណែក​ការ​ចុះ​ឈ្មោះ​សាកល្បង​ដែល​មាន​រយៈពេល ១៥​ថ្ងៃ​នេះ នឹង​មិន​បម្រើ​ឲ្យ​ការ​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​ទេ ពោល​គឺ​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ការ​សាកល្បង​ទៅ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ដូច​ការ​គ្រោង​ទុក។

ប្រទេស​កម្ពុជា នឹង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៤ ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០១៧។ ដោយឡែក​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦ នឹង​រៀបចំ​នៅ​ឆ្នាំ​២០១៨។

ច្បាប់​បោះ​ឆ្នោត​ថ្មី​មាត្រា​៤៦ ចែង​ថា ដើម្បី​បោះ​ឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​ជាតិ​ខ្មែរ ព្រម​ទាំង​មាន​លក្ខខណ្ឌ​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង មាន​ទីលំនៅ​ដែល​សាមី​ខ្លួន​ត្រូវ​បោះ​ឆ្នោត​ជាដើម។ ដោយឡែក​មាត្រា​៤៩ វិញ កំណត់​ថា គ.ជ.ប ត្រូវ​ចេញ​បទបញ្ជា និង​នីតិវិធី​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​លំនៅឋាន​ច្បាស់លាស់ ឬ​ចាក​ចេញ​ពី​លំនៅឋាន​ទៅ​ស្នាក់​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​កម្ពុជា អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ-សង្កាត់ ដែល​សាមី​ខ្លួន​មាន​ទី​សំណាក់​នៅ​ក្នុង​ឃុំ-សង្កាត់​នោះ។

ជុំវិញ​ការ​បោះ​ឆ្នោត​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ធ្លាប់​បាន​រិះគន់​ថា បើ​ទោះ​ជា​កម្ពុជា បាន​ឈាន​មួយ​កម្រិត គឺ​បោះ​ឆ្នោត​តាម​បែប​ប្រព័ន្ធ​ទំនើប​ក៏ដោយ​ចុះ ក៏​គេ​នៅ​តែ​ពុំ​ទាន់​អាច​ជឿ​ទុក​ចិត្ត​បាន​ថា ការ​បោះ​ឆ្នោត​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ក្នុង​កម្រិត​ណា​មួយ​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា ដោយសារ​នេះ​ទើប​ជា​បទពិសោធន៍​លើក​ដំបូង​សម្រាប់​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ក៏ប៉ុន្តែ​លោក​នៅ​តែ​មាន​ជំនឿ​ថា ការ​បោះ​ឆ្នោត​តាម​បែប​ទំនើប​នេះ ពិត​ជា​អាច​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​សេរី និង​ជឿ​ទុក​ចិត្ត​បាន៖ «»។

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ គ.ជ.ប នឹង​ចាប់​អនុវត្ត​ចន្លោះ​ពី​ខែ​មីនា ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ ខាង​មុខ។ នេះ ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​របស់​កម្ពុជា ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​រយៈពេល​ប្រមាណ ៣០​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ក្រោយ​ពី​ការ​បោះ​ឆ្នោត ភាគី​គណបក្ស​ចាញ់​ឆ្នោត​តែង​តែ​ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ដែល គ.ជ.ប ចាស់ ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា មាន​និន្នាការ​លម្អៀង​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៤ កាល​ពី​ឆ្នាំ​២០១៣ ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​អស់​រយៈពេល ១​ឆ្នាំ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។