អ្នក​ជួញដូរ​គ្រឿង​ភ្លុក​ជនជាតិ​ចិន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​តង់សានី

អ្នក​ជួញដូរ​គ្រឿង​ភ្លុក​ជនជាតិ​ចិន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​តង់សានី

នៅ​ក្នុង​រូបភាព​ដែល​ថត​កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ស្ត្រី​ជំនួញ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Young Feng Glan (រូប​កណ្តាល) ត្រូវ​អម​ដោយ​ប៉ូលិស​ចេញ​ពី​តុលាការ​នៅ​ក្នុង​ក្រុង Dar es Salaam ប្រតេស​តង់សានី។ វ៉ាស៊ីនតោន—

ក្រុម​មន្ត្រី​របស់​ប្រទេស​តង់សានី (Tanzania) ​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​របស់​អ្នក​ជំនួញ​ស្រី​ជនជាតិ​ចិន​ម្នាក់​ ដែល​ក្រុម​មន្រ្តី​តង់សានី​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ជា​ «ឈ្មួញ​ភ្លុក​ដំរី​ដ៏​សំខាន់​បំផុត។ ការ​ចាប់​ខ្លួន​ឈ្មួញ​ដ៏​សំខាន់​បែប​នេះ​មិនដែលមាន​ទេ​នៅ​ក្នុង​ប្រទេស​នេះ»។​

ស្រ្តីដែលគេ​ហៅ​ថា​ជា «ម្ចាស់​ក្សត្រី​ភ្លុក»​ ម្នាក់​នេះ​មាន​ឈ្មោះ​ Yang Feng Glan ​អាយុ ៦៦ឆ្នាំ ត្រូវ​បាន​ជាប់​ចោទ​ថា​ជា​អ្នក​ដឹកនាំ​ឈ្មួញ​មួយ​ក្រុម។​ ការ​ចាប់​ខ្លួន​ស្រ្តី​រូប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជ័យជំនះ​ដ៏​ធំ​មួយ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​អ្នក​ប្រមាញ់​សត្វ​ដំរី​ខុស​ច្បាប់។

ក្រុម​អាជ្ញាធរ​និយាយ​ថា​ ស្រ្តីរូប​នេះ​ជា​ដើមហេតុ​ជួញដូរ​ភ្លុក​ដំរី​ក្នុង​ «បរិមាណ​យ៉ាង​ច្រើន» ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

អ្នក​ជំនួញ​ភេទ​ស្រី​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ប៉េកាំង​ ប៉ុន្តែ​បាន​មក​រស់​នៅ​ប្រទេស​តង់សានី នៅឆ្នាំ​១៩៧៥​ ដោយ​ប្រកប​របរ​ជា​អ្នក​បកប្រែ។​

យោង​តាម​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំនេញ​ឈ្មោះ​សម្ព័ន្ធ​សត្វ​ដំរី (Elephant Action League) ​បាន​ឲ្យ​ដឹង​ថា​ ស្តេច​ស្រី​ភ្លុក​ដំរី​បាន​ផ្លាស់​ទៅ​ប្រទេស​អ៊ូហ្គង់ដា​ (Uganda) នា​ពេល​ថ្មីៗ​នេះ​ ប៉ុន្តែ​ បាន​ត្រឡប់​មក​ប្រទេស​តង់សានីវិញ​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗ​តែ​ម្តង។​

លោក​ Andrea Crosta ​ជា​សហស្ថាបនិក​មួយ​រូប​របស់​អង្គការ​សម្ព័ន្ធ​សត្វ​ដំរី​ និង​អង្គការ​ការពារ​សត្វ​ដំរី​ដែល​មាន​ឈ្មោះ​ថា WildLeaks បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា «នេះ​ជា​ដំណឹង​ដែល​យើង​បាន​រង់ចាំ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ ទីបំផុត​ អ្នក​ជួញ​ដូរ​ខុស​ច្បាប់​ជនជាតិ​ចិន​ដ៏​ល្បី​ឈ្មោះ​ម្នាក់​បាន​ជាប់​ពន្ធនាគារ​ហើយ។​ សង្ឃឹម​ថា​នាង​អាច​ផ្តល់​តម្រុយ​ឲ្យ​ពួក​យើង​ចាប់​បាន​អ្នក​ជួញ​ដូរ​ធំៗ​ផ្សេង​ទៀត​ និង​ក្រុម​មន្រ្តី​ពុករលួយ។​ យើង​ត្រូវតែ​បញ្ចប់​សម័យកាល​ដែល​មិន​អាច​ប៉ះពាល់​អ្នកធំ​បាន​ ប្រសិន​បើ​យើង​ចង់​សង្គ្រោះ​សត្វ​ដំរី»។

ស្រ្តី​អ្នក​ជំនួញ​រូបនេះ​ ត្រូវ​បាន​ជាប់​ចោទ​ពី​ការ​ចាប់​ផ្តើម​ជួញដូរ​ភ្លុក​ដំរី​ខុស​ច្បាប់ ​ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក​ម៉្លេះ។​ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​អង្គការ​សម្ព័ន្ធ​សត្វ​ដំរី​បាន​និយាយ​ថា​ នាង​បាន​សារភាព​ពី​បទ​ល្មើស​របស់​នាង​ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគា​រពី​២០​ទៅ​៣០​ឆ្នាំ។​

អង្គការ​សម្ព័ន្ធ​សត្វ​ដំរី​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​តង់សានី​បាន​ក្លាយ​ជា​មជ្ឍមណ្ឌល​បរបាញ់​ និង​សម្លាប់​សត្វ​ដំរី​ដោយ​ខុសច្បាប់​អស់​ប៉ុន្មាន​ឆ្នាំ​មកហើយ​ ដែល​មាន​សត្វ​ដំរី​ចំនួន​៨៥,០០០​ក្បាល​ត្រូវ​បាន​បាត់បង់ នៅ​ចន្លោះ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៤​៕

ប្រែសម្រួល​ដោយ វិញ​ សុជាតា