អ្នក​កាសែត​២​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ចោទ​ប៉ូលិស​ព្រំដែន​គំរាម​ពេល​បំពេញ​ការងារ

អ្នក​កាសែត ២​រូប​ដែល​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​វរ​ការពារ​ព្រំដែន​គោក​ម្នាក់ ប្រចាំ​ការ​នៅ​ច្រក​ចំបក់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​បាន​យក​កាំបិត​ផ្គាក់​ដេញ​កាប់ និង​បោក​កាមេរ៉ា​ថត ខណៈ​ពួក​គេ​ចុះ​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ​នោះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ឲ្យ​ជួយ​អន្តរាគមន៍​ពី​ការ​គំរាម​កំហែង​នេះ ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​បន្ត​ដាក់​ទៅ​តុលាការ​ខេត្ត ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

ក្រុម​អ្នក​កាសែត​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ត្រូវ​គេ​ដេញ​កាប់ និង​បោក​កាមេរ៉ា​ថត​រូប​នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ច្រក​ចំបក់ នៃ​ឃុំ​បឹងបេង ថា​ជា​សកម្មភាព​មួយ​រារាំង​ការងារ​របស់​អ្នក​កាសែត។ ពួក​គេ​អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​រូប​នោះ​ជា​បន្ទាន់ ដើម្បី​ការពារ​កុំ​ឲ្យ​ករណី​បែប​នេះ​កើត​មាន​ទៅ​លើ​អ្នក​យក​ព័ត៌មាន​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត។

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស ប្រចាំ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ផូ ប៊ុនថន រៀបរាប់​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ តុលា កន្លង​ទៅ អ្នក​សារព័ត៌មាន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៤​នាក់ រួម​មាន លោក ផូ ប៊ុនថន លោក កែ រិទ្ធី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ លោក ប៊ុន សំណាង អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) និង​លោក នីម វណ្ណា អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ និង​ការ​លួច​នាំ​ទំនិញ​គេច​ពន្ធ​ចូល​មក​កម្ពុជា នៅ​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

លោក​អះអាង​ថា នៅ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ស្រុក​ម៉ាឡៃ បាន​បំបែក​គ្នា​ជា ២​ក្រុម គឺ​រូប​លោក និង​លោក កែ រិទ្ធី បាន​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ច្រក​ចំបក់ ជា​ច្រក​របៀង រីឯ​អ្នក​យក​ព័ត៌មាន ២​នាក់​ទៀត​ចុះ​ទៅ​ច្រក​ផ្សេង​នៅ​ក្បែរ​នោះ។ លោក​បន្ត​ថា នៅ​ពេល​ដែល​ចុះ​ទៅ​ដល់​ច្រក​ចំបក់​ភ្លាម ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ឈ្មោះ ប្រុស ហៅ ម៉ាប់ បាន​ចេញ​មក​រារាំង និង​គំរាម​កំហែង​ពួក​គេ ដោយ​យក​កាំបិត​ផ្គាក់​ដេញ​កាប់ និង​បោក​កាមេរ៉ា​ថត​រូប​ខូច​មួយ​គ្រឿង៖ «ហើយ​ជន​នោះ​បាន​និយាយ​មក​លើ​ពួក​ខ្ញុំ​ថា ពួក​អ្នក​ឯង​មក​យក​ព័ត៌មាន​ស្អី​នៅ​កន្លែង​អញ​ធ្វើ​ការ។ ក្រោយ​មក ជន​នោះ​បាន​ស្ទុះ​ទៅ​ឆក់​ទូរស័ព្ទ​ពី​គ្នា​ខ្ញុំ​អ្នក​យក​ព័ត៌មាន​ម្នាក់​ទៀត ហើយ​ពេល​នោះ​ខ្ញុំ​ក៏​បាន​នាំ​គ្នា​រត់​តែ​ម្ដង»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ម្នាក់​ទៀត គឺ​លោក កែ រិទ្ធី ថ្លែង​ថា មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ដេញ​កាប់​ពួក​គាត់ គឺ​ជា​ការ​គំរាម​កំហែង និង​បិទ​សិទ្ធិ​សេរីភាព​ដល់​អ្នក​កាសែត ដោយសារ​ពួក​គេ​ចុះ​ទៅ​យក​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៅ​ចំណុច​ច្រក​ចំបក់​នោះ ដើម្បី​ចុះ​ផ្សាយ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប៉ូលិស​ការពារ​ព្រំដែន​នៅ​តំបន់​នោះ៖ «បាទ! ភ្លាមៗ​នោះ​ខ្ញុំ​បាន​រាយការណ៍​ប្រាប់​ទៅ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ ជុំវិញ​ករណី​ដែល​មន្ត្រី​ប៉ូលិស​ដេញ​កាប់​ពួក​ខ្ញុំ​នេះ។ ពួក​ខ្ញុំ​មិន​បាន​នៅ​ប្រឈម​មុខ​ជាមួយ​ជន​នោះ​ទេ ពីព្រោះ​ជន​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​មាន​កាំបិត​ជាប់​នឹង​ដៃ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ច្រក​របៀង​ចំបក់ លោក សាន់ សៃ មាន​ប្រសាសន៍​ថា នៅ​ច្រក​ចំបក់​ពុំ​មាន​ការ​នាំ​ពលករ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ និង​លួច​នាំ​ទំនិញ​គេច​ពន្ធ​ចូល​មក​កម្ពុជា នោះ​ទេ។ លោក​អះអាង​ថា មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​ច្រក​ចំបក់ ពុំ​បាន​ទៅ​គំរាម​កំហែង និង​រារាំង​អ្នក​កាសែត​មិន​ឲ្យ​ចុះ​យក​ព័ត៌មាន​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ គឺ​អ្នក​កាសែត​ទាំង ២​នាក់​នោះ បាន​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ច្រក​ចំបក់ ហើយ​មាន​ទំនាស់​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ច្រក​ចំបក់​ម្នាក់ រហូត​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​រង​របួស​ដៃ និង​ដើម​ទ្រូង៖ «ខ្ញុំ​បាន​ហៅ​អ្នក​សារព័ត៌មាន​នោះ​មក​វិញ ដើម្បី​ដោះស្រាយ​ដែរ តែ​ពួក​គាត់​មិន​មក​ទេ ហើយ​បាន​និយាយ​ថា នៅ​កន្លែង​ខ្ញុំ​សាហាវ​ណាស់។ បញ្ហា​នេះ ខ្ញុំ​អត់​ដឹង​រឿង​អី​ទាំងអស់ ទើប​ក្រោយ​មក​បាន​ខ្ញុំ​សួរ​ទៅ​អ្នក​របួស​នោះ ហើយ​គាត់​ថា​អ្នក​កាសែត​បាន​វាយ​គាត់​ឲ្យ​របួស​ដៃ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​សារព័ត៌មាន​បាន​អះអាង​ថា ពួក​គេ​ពុំ​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​រហូត​ដល់​បង្ក​របួស​ស្នាម​ដូច​ការ​លើក​ឡើង​របស់​ប្រធាន​ច្រក​ចំបក់​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ស៊ើប​អង្កេត​ជុំវិញ​ហេតុការណ៍​ដែល​កើត​ឡើង​នោះ​ហើយ និង​រក​ឃើញ​ថា មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ច្រក​ចំបក់ ពិត​ជា​ចេតនា​រារាំង​ដល់​ការងារ​របស់​អ្នក​កាសែត មិន​ឲ្យ​ចុះ​យក​ព័ត៌មាន​ប្រាកដ​មែន ពីព្រោះ​នៅ​ច្រក​របៀង​នោះ គឺ​ជា​ច្រក​មួយ​ដែល​តែង​កើត​មាន​ករណី​នាំ​ពលករ​ចេញ​ចូល​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ញឹកញាប់។ លោក ស៊ុំ ច័ន្ទគា ហៅ​ការ​រារាំង​ការងារ​របស់​អ្នក​កាសែត​ពី​សំណាក់​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​នេះ ថា​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ដល់​អ្នក​សារព័ត៌មាន៖ «យើង​មិន​ត្រូវ​ទៅ​វាយ​ដំ​អ្នក​សារព័ត៌មាន​ទេ ពីព្រោះ​អ្នក​សារព័ត៌មាន គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ទប់ស្កាត់ និង​ការពារ​ផល​ប្រយោជន៍​របស់​រដ្ឋ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធិ ឡោះ មាន​ប្រសាសន៍​ថា ករណី​ដែល​កើត​ឡើង​នោះ លោក​ពុំ​ដឹង​ថា​យ៉ាង​ណា​ច្បាស់លាស់​នៅ​ឡើយ​ទេ ហើយ​ថា លោក​កំពុង​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ៖ «ខ្ញុំ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​គ្នា មិន​ថា​គាត់​ជា​អ្នក​យក​ព័ត៌មាន ឬ​ជា​ប្រជាពលរដ្ឋ​ធម្មតា​នោះ​ទេ គឺ​បើ​ធ្វើ​ខុស​ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់​ដូច​គ្នា»

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ បង្ហាញ​ថា នៅ​ឆ្នាំ​២០១៥ មាន​ករណី​គំរាម​កំហែង​ពី​សំណាក់​សមត្ថកិច្ច​ទៅ​លើ​អ្នក​កាសែត​ចំនួន ៤​ករណី គឺ​នៅ​ក្រុង​ប៉ោយប៉ែត ចំនួន ៣​លើក និង​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មួយ​ករណី។ ទោះ​យ៉ាង​ណា សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នឹង​បញ្ជូន​សំណុំ​រឿង​គំរាម​កំហែង​អ្នក​កាសែត​នេះ ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២ វិច្ឆិកា ដើម្បី​ឲ្យ​តុលាការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី​១ វិច្ឆិកា ឲ្យ​ដឹង​ថា អ្នក​សារព័ត៌មាន គឺ​ជា​ជន​រងគ្រោះ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ជន​រងគ្រោះ​ដទៃ​ទៀត ក្នុង​ករណី​និទ្ទណ្ឌភាព។ នៅ​ពេល​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា លើក​ឡើង​ចំណុច​ខុស​ឆ្គង​របស់​រដ្ឋាភិបាល និង​វិស័យ​ឯកជន អ្នក​ទាំង​នោះ​តែង​ប្រឈម​នឹង​ការ​គំរាម​ដល់​អាយុ​ជីវិត។ ជាក់ស្ដែង អ្នក​សារព័ត៌មាន​ចំនួន ១៣​រូប ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៤។ ក្នុង​ចំណោម ១៣​ករណី​នោះ មាន​តែ ២​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវ​កាត់​ក្ដី​ដោយ​ជោគជ័យ រីឯ​ជនល្មើស​ទាំង ១១​អ្នក​ផ្សេង​ទៀត មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។