ពលរដ្ឋ​ខេត្ត​កោះកុង​បោះ​តង់​ក្បែរ​ក្រុមហ៊ុន​យូញៀន​ទាមទារ​ដំណោះស្រាយ​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់​ក្នុង​ខេត្ត​កោះកុង បាន​នាំ​គ្នា​បោះ​តង់​ស្នាក់​នៅ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន (Union) ដើម្បី​ទាមទារ​ឲ្យ​ផ្ដល់​ដំណោះស្រាយ​ដីធ្លី​ជូន​ពួក​គេ។

លោកស្រី ភូ តាងគាន ជា​ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែអំបិល ស្រុក​អំបិល ខេត្ត​កោះកុង ថ្លែង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ថា លោកស្រី និង​ពលរដ្ឋ​ដែល​ភាគ​ច្រើន​មក​ពី​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល បាន​នាំ​គ្នា​បោះ​តង់​ស្នាក់នៅ​ក្បែរ​ក្រុមហ៊ុន​នេះ​រយៈពេល ៣​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ និង​រដ្ឋាភិបាល ផ្ដល់​សំណង​ដីធ្លី​ជូន​ពួក​គេ។ លោកស្រី​បន្ត​ថា ដី​ទំនាស់​ដែល​ស្ថិត​នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ជាង ២​ពាន់​ហិកតារ ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ជាង ៣០០​គ្រួសារ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ដែល​មិន​ទាន់​មាន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដំណាំ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា ពួក​គាត់​ស្នើ​ឲ្យ​អាជ្ញាធរ រដ្ឋាភិបាល និង​ក្រុមហ៊ុន​យូញៀន ដែល​មាន លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា ដោយ​ផ្អាក​ការ​ឈូស​ឆាយ​ដី​ពួក​គាត់ និង​ឆ្វៀល​ដី​របស់​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​នៅ​នឹង​កន្លែង៖ «គោល​បំណង​ពួក​ខ្ញុំ​កំពុង​ដោះស្រាយ​ជាមួយ លី យ៉ុងផាត់ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ដោះស្រាយ ក្រុមហ៊ុន​ចិន មក​ឈូស​ដី​ខ្ញុំ​ថែម​ទៀត។ ខ្ញុំ​ចង់​ធ្វើ​នេះ​ដើម្បី​ឲ្យ​រាជ​រដ្ឋាភិបាល​ឃើញ​ប្រជាជន​កំពុង​រង​ទុក្ខ កុំ​សម្រេច​ឲ្យ​ដី​ទៅ​ចិន អស់​ហើយ​ដេញ​ពួក​ខ្ញុំ​ទៀត»

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ថ្លែង​ថា លោក លី យ៉ុងផាត់ ជា​អ្នក​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា​ថ្មីៗ​នេះ បាន​ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ។ លោក​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ប្រញាប់​ដោះស្រាយ​បញ្ហា​កុំ​អូស​បន្លាយ​ពេលវេលា​យូរ។

ពលរដ្ឋ បាន​នាំ​គ្នា​បោះ​តង់​ស្នាក់នៅ​រង់ចាំ​ដំណោះស្រាយ​នេះ​ក្បែរ​ស្នាក់​ការ​ក្រុមហ៊ុន តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ក្រោម​ការ​ឃ្លាំ​មើល​ពី​ប៉ូលិស​ទាហាន​ជាច្រើន​នាក់ ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។