ពូ​កាប់​ក្មួយបង្កើត​៣​កាំបិត​ស្លាប់ ដោយសារ​តែ​ទាស់​សំដី​គ្នា​បន្តិចបន្តួច

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ពូ​បង្កើត​របស់​ខ្លួន​កាប់​៣​កាំបិត​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ នៅ​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ប៉ុន ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ចំណែក​ជនសង្ស័យ​មានឈ្មោះ ប៉ុន ពត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវ​ពូ​បង្កើត​របស់​ជន​រង​គ្រោះ ។ ទាំង​២​នាក់​មាន​ទីលំនៅ​ជាមួយ​គ្នា​ក្នុងភូមិ​កើតហេតុ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ទាស់​សំដី​គ្នា ពេល​នោះ​ជន​រង​គ្រោះជា​ក្មួយ ត្រូវ​ជនសង្ស័យ​ជា​ពូ​វាយ​ត្រូវ​មុខ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ឲ្យ​ជីតា​ឈ្មោះ ប៉ាត់ ប៉ុន ជួយ ។ ពេល​នោះ​ជនសង្ស័យ​ក៏​ដេញ​តាម ហើយ​បាន​ឆក់​កាំបិត​ពី​ឪពុក​ដែល​កំពុង​បិត​ឫស្សី​ធ្វើ​ឈ្នាង​លក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​៣​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់ បន្ទាប់​មក​សមត្ថកិច្ច​ក៏​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​បាន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕