គង់​ច័ន្ទ​ស្រីមុំ​បោះទុន 10 ម៉ី​ន​ដុល្លារ​ផលិត​ទឹកអប់ បី​ម៉ា​កទៀត​

Sanofi

ទឹកអប់​ម៉ាក SECRET BY SREYMOM បាន​ចរាចរ​នៅលើ​ទីផ្សារ​ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង បណ្តា​ខេត្ត រហូតមកដល់​ពេលនេះ​រយៈពេល​ប្រមាណ​ជាមួយ​ខែ​បាន​លក់ដាច់​អស់​ប្រមាណ​មួយ​ម៉ីន​ដប ។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​មហាជន ជាពិសេស​មិត្ត​យុវវ័យ​ច្រើន ស្រី​ស្អាត គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា នាង​ត្រៀម​បោះទុន ១០ ម៉ី​ន​ដុល្លារ​ទៀត​សម្រាប់​ផលិត​ទឹកអប់​បី​ម៉ាក​បន្ថែម ដែល​ក្នុងនោះ​ក៏មាន​ទឹកអប់​សម្រាប់​បុរស​ផងដែរ ។ ដោយ​ទឹកអប់​ម៉ាក Flore ត្រៀម​នឹង​ចេញលក់​នៅ​ខែវិច្ឆិកា​ខាងមុខ ។​

​គេ​នៅបាន​ចាំ​ថា​កាលពី​ខែ​មុន​តារា​សម្តែង​រូប​ស្រស់ គង់ ច័ន្ទ​ស្រីមុំ បាន​បញ្ចេញ​ផលិតផល​ទឹកអប់​ផ្ទាល់ខ្លួន​ម៉ាក SECRET BY SREYMOM ដែល​នាង​បាន​ទិញ​រូបមន្ត​ពី​ប្រទេស​ហុ​ល្លង់ និង ផលិត​តាម​លក្ខណៈ​ស្តង់ដារ​ដោយ​ចំណាយ​ដើមទុន​ប្រមាណ​ជា ៤ ម៉ីន​ដុល្លារ​ដើម្បី​ទិញ​សារធាតុ​ផ្សំ ។ អ្វីដែល​កត់សម្គាល់​ដើម្បី​តម្រូវ​ទៅតាម​ទីផ្សារ​នៅក្នុង​ស្រុក គង់ ច​ន្ទ័​ស្រីមុំ បាន​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​ប្រមាណ​ជា ១៨ ដុល្លារ ក្នុង​មួយ​ដប ។ ជំហាន​ដំបូង គង់ ច័ន្ទ​ស្រីមុំ បាន​បញ្ចេញ​ទឹកអប់​លក់​ប្រមាណ​ជាង ១ ម៉ីន​ដប​នៅ​ទីក្រុង​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត​ចំនួន​បួន ។ អ្វីដែល​ចាប់អារម្មណ៍​នោះ​ក្នុង​រយៈពេល​តែ​មួយខែ​ប៉ុណ្ណោះ នាង​លក់ដាច់​អស់​ប្រមាណ ១ មឺ​ុ​ន​ដប ដែល​នាង​ចាត់ទុកថា​ជា​លទ្ធផល​ល្អ​ហួស​ពី​ការ​ស្មាន ។ គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា នាង​មានការ​រំភើប​ខ្លាំងណាស់ ដោយសារ​ទឹកអប់​ដំបូង​របស់​នាង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់ យុវវ័យ​ជាច្រើន ដោយ​ម្នាក់ៗ​សរសើរ​ថា ក្រអូប​ប្រហើរ និង ជាប់​ក្លិន​បានយូរ ។ ​

​ក្រៅពី​ទឹកអប់ SECRET BY SREYMOM ស្រី​ស្អាត​រូបនេះ ក៏មាន​បំណង​ផលិត​ទឹកអប់​ចំនួន​បី​ម៉ាក​បន្ថែមទៀត ដែលមាន​ក្លិន​ផ្កា​បែប​សិច​ស ក្លិន​ផ្អែម និង ទឹកអប់​សម្រាប់​បុរស ។ ទឹកអប់​ម៉ាក​ទី​ពីរ​ដែល​នាង​គ្រោង​ចេញលក់​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​មានឈ្មោះ Flore ដែលមាន​ក្លិន​ផ្កា​ក្រអូប​ស្រទន់​បែប​សិច​សី​ុ ប៉ុន្តែ​យ៉ាងណា​នាង​ប្រាប់ថា ទឹកអប់​ដែល​នាង​គ្រោង​ផលិត និង ចេញលក់​ជា​បន្តបន្ទាប់​នោះ មានតម្លៃ​ថ្លៃ​ជាង​មុន​បន្តិច តែ​មហាជន​ទូទៅ​អាច​ទទួលយកបាន ហើយ​អ្វី​ដែលជា​ចំណុច​សំខាន់​នោះ​គឺ​គុណភាព​ល្អ​ជាង​មុន ។ ក្រោយពី​បញ្ចេញ​ទឹកអប់​លក់​នៅលើ​ទីផ្សារ​ទទួលបាន​ជោគជ័យ គង់ ច័ន្ទ​ស្រីមុំ ត្រៀម​នឹង​ផលិត​គ្រឿង​ថែរក្សា​សម្រស់​សម្រាប់​ស្ត្រី មានដូចជា ឡេ និង គ្រឿងសម្អាង ជាដើម ។​

​មិន​ត្រឹមតែ​មានមុខមាត់​ស្រស់ស្អាត​នោះទេ គង់ ច័ន្ទ​ស្រីមុំ ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែលមាន​ភាព​វ័យឆ្លាត​នៅក្នុង​ការងារ​ជំនួញ​គួរឱ្យ​សរសើរ ។ អ្វីដែល​កត់សម្គាល់​នោះ ដោយសារតែ​នាង​រវល់​ជាមួយ​របរ​រក​សី​ុ​បានធ្វើឱ្យ​តារា​រូប​ស្រស់​ម្នាក់នេះ​មិនសូវ​ខ្វាយខ្វល់ នឹង​ការសម្តែង​រឿង​ប៉ុន្មាន​ឡើយ ។ គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា នាង​បាន​ច្រានចោល​រឿង​មួយចំនួន​ដោយសារ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការថត ប៉ុន្តែ​សម្រាប់​ការថត​ចម្រៀង​ខារ៉ាអូខេ និង ស្ប៉ត​ពាណិជ្ជកម្ម នាង​នៅតែ​ទទួល​ដោយសារ​មាន​រយៈពេល​ខ្លី ។ ភាគច្រើន គង់ ច័ន្ទ​ស្រីមុំ បង្ហាញ​ឈុត​ឃោសនា​ផលិតផល​គ្រឿងសម្អាង និង ភេសជ្ជៈ ។ ស្ប៉ត​នីមួយៗ​នាង​សី​ុ​ថ្លៃ​ពី ៧ ០០០ ដុល្លារ ទៅ ១០ ០០០ ដុល្លារ ទៅតាម​កិច្ចសន្យា ។ រាល់ថ្ងៃ​នាង​មានការ​ងារ​រវល់​ច្រើន ជាពិសេស​ចូលរួម​កម្មវិធី​ធំៗ​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស ។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ មិន​ថា​ការចូលរួម​កម្មវិធី​ក្នុង ឬ ក្រៅ​សិល្បៈ​ទេ គេ​តែងតែ​ឃើញ​ស្រី ស្អាត គង់ ច័ន្ទ​ស្រីមុំ និង លោក ស៊ឹម សីហា បណ្តើរគ្នា​ដូច​លលក​ញី​ឈ្មោល​ទៅ​ចូលរួម​ជានិច្ច ។ ជាក់ស្តែង​កាលពី​ថ្ងៃទី ១៩ ខែកញ្ញា កន្លងទៅ ក្នុង​ពិធី​ខួប​គម្រប់ ៩ ឆ្នាំ របស់​ហាង​កាត់ដេរ​ប៉ា​រ៉ា​ឌី គេ​បានឃើញ គង់ ច័ន្ទ​ស្រីមុំ តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ក្នុង​សម្លៀកបំពាក់​ពណ៌​មាស ។ មានការ​សរសើរ​ថា គង់ ច័ន្ទ​ស្រីមុំ ពូកែ​ជ្រើសរើស​សម្លៀកបំពាក់ និង ការតុបតែង​ខ្លួន​មើលទៅ​ស័ក្តិសម និង ទាក់ទាញ ។​

គង់ ច័ន្ទ​ស្រីមុំ និង លោក ស៊ឹម សីហា ត្រូវបាន​គេ​ចាត់ទុកជា​គូស្នេហ៍​ដែល​ស័ក្តិសម​ទាំង​ព្រម មិន​ថា​រូបសម្បត្តិ និង អាយុ​នោះទេ ។ បើ​គិត​មកដល់ពេលនេះ ពួកគេ​បាន​ស្រឡាញ់គ្នា​ប្រមាណ​ជា ១០ ឆ្នាំ​មកហើយ ។ រៀងរាល់ថ្ងៃ​ពិសេស​របស់ គង់ ច័ន្ទ​ស្រីមុំ លោក ស៊ឹម សីហា មិនដែល​ភ្លេច​ជូន​របស់​បញ្ចាំចិត្ត​ដល់​គូស្នេហ៍​ជាទី​ស្រឡាញ់​របស់ខ្លួន​ឡើយ ។ កាលពី​ខួបកំណើត​គម្រប់​អាយុ ២៥ ឆ្នាំ កាលពី​ថ្ងៃទី ៦ ខែកក្កដា កន្លងទៅនេះ លោក​បាន​ជូន​ចិញ្ចៀនពេជ្រ​តម្លៃ ១ ម៉ឺ​ន ៨ ពាន់​ដុល្លារ ដល់ គង់ ច័ន្ទ​ស្រីមុំ ។ ទោះជា​យ៉ាងនេះ​ក្តី កន្លងមក​ក៏មាន​ការជ្រៀតជ្រែក​ពី​សំណាក់​បុរសៗ​មួយចំនួន​ផងដែរ ប៉ុន្តែ គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា នាង​មិន​ចាប់ អារម្មណ៍​បុរស​ទាំង​នោះទេ ។ គ្មាន​នរណាម្នាក់​អាច​បំបែក​ពួកនាង​បាន ឡើយ ។ រហូតមកដល់​ពេលនេះ នាង និង គូស្នេហ៍​បាន​ស្គាល់​ចិត្តថ្លើម គ្នា​ច្បាស់​ណាស់ ។ គង់ ច័ន្ទ​ស្រីមុំ បាន​និយាយថា​«​ប្រសិនបើ​ពេល វេលា​អំណោយផល​ល្អ ខ្ញុំ​នឹង​លៃលក​គិតគូរ​រឿង​រៀបការ​» ៕​ សុធា​រៈ​

Related