លោក ឈួន សិរី​វ​ឌ្ឍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក បើកដៃ​ឲ្យ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក​កាប់​ឈើ​ចេញពី​ព្រៃ​ហាមឃាត់ ដឺ​ក​យកទៅលក់​នៅ​វៀតណាម​តាម​ទំនើងចិត្ត

​ខេត្តមណ្ឌលគិរី​៖ ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​ពី​រាជរដ្ឋាភិបាល កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ ក្រៅ បរិវេណ​ដី​សម្បទាន​របស់ខ្លួន​យ៉ាង​ពេញបន្ទុក ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង តែ​គ្មាន​សមត្ថកិច្ច​ណាមួយ​ប​ង្រា​បរប​ឡើយ​ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ និង​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​ព្រៃឈើ​យ៉ាងគំហុក​។ ឈើ​ដែល​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច កាប់​នៅក្រៅ​រង្វង់​ដី​សម្បទាន​របស់ខ្លួន ត្រូវបាន​ដឹក​ឆ្លងកាត់​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ យកទៅ លក់​នៅ​ស្រុក​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​រាប់​ឆ្នាំ​មកហើយ​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ក៏បាន​ឲ្យ​ដឹងថា ការដែល​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​លោក ឈួន សិរី​វ​ឌ្ឍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​សុខ​ស្រូល​យូរ​ឆ្នាំ​មកហើយ​ក្នុង​ការយក​តួនាទី​របស់ខ្លួន​ទៅ​សម្រួល​អំពើ​ល្មើស​ខាងលើ​នោះ​។ ការដែល​លោក ឈួន សិរី​វ​ឌ្ឍ ហ៊ាន​ធ្វើ​អ្វីៗ​ដោយ​បំពាន​ច្បាប់​យ៉ាង​ទទឹងទិស គឺមាន​គេ​ស​ខ្សឹប​ប្រាប់ថា ដោយមាន​ការបើក​ដៃ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ពេញទំហឹង​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ ក្នុងព្រៃ​នៃ ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​កំរោល ហើយ​គេ​សង្កេតឃើញ​សកម្មភាព​ដឹកឈើ​ចេញ ពី​ស្រុក​កោះ​ញែក ក៏មាន​សភាព​កាន់តែ​គគ្រឹកគគ្រេង​នាបច្ចុប្បន្ន​នេះ​ក្រោម​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​ដោយ​រាល់​ការ​ចរាចរណ៍​ឈើ​ខុសច្បាប់​ទាំងនោះ​គឺ​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​បន្លំ​ជាមួយ​ឈើ​មានច្បាប់​អនុញ្ញាតិ​។​

​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក ក៏ដូចជា​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ បញ្ហា​នេះហើយ​ទើប​លោក ឈួន សិរី​វ​ឌ្ឍ ប្រព្រឹត្ត​យ៉ាង​ពេញទំហឹង​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ប៉ា​ស៊ី​ហ្វិ​ច កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ដើម្បី​ប្រមូល​លាភ​សក្ការ​:​សំណូក​ពីបទ​ល្មើស​ចូល​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន និង​បែងចែក​ទៅ​ថ្នាក់លើ​យ៉ាង​សើម​មាត់​លែង​ខ្លាច​ច្បាប់​អស់​ទៅហើយ ដែល​ករណីនេះ​ទាមទារ​ឲ្យ​ថ្នាក់លើ​គ្រប់​ស្ថាប័ន​បើក​ធ្វើការ​ស៊ើបអង្កេត​បញ្ហា​នេះ​ជាបន្ទាន់​៕ ឦសាន​១

KA-01-11-2015-03(ខាងស្តាំ)លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី
និង​(ខាងឆ្វេង) លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី KA01-11-2015-04