លោក ហ៊ុន សែន ជំរុញ​ឲ្យ​ពង្រឹង​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​ដល់​សិស្ស​និស្សិត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អំពាវនាវ​ដល់​មាតា​បិតា ឬ​អាណាព្យាបាល​សិស្ស ព្រម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​ចូលរួម​ក្នុង​ការ​អប់រំ​កូន​ចៅ ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​មាន​ចំណេះ​ដឹង និង​សីលធម៌​ក្នុង​សង្គម។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​ចង់​ឲ្យ​ក្រសួង​អប់រំ ផ្តល់​ការ​បណ្តុះបណ្តាល​ឲ្យ​បាន​ពេញ​លេញ​ដល់​សិស្ស​និស្សិត​នូវ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្រសួង​អប់រំ ក្នុង​ការ​បំពាក់​បំប៉ន​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ ដល់​សិស្ស​និស្សិត​គ្រប់​រូប ដើម្បី​បើក​ឱកាស​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដែល​មាន​សមត្ថភាព​អាច​ជ្រោង​ប្រទេស​ជាតិ​បាន​ទៅ​ថ្ងៃ​មុខ។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ​នៅ​ក្នុង​វីដេអូ​សុន្ទរកថា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥-២០១៦ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​លោក៖ «លើក​ទឹក​ចិត្ត​ចំពោះ​ក្រុម​ស្រាវជ្រាវ​អប់រំ ដែល​ជា​ធនាគារ​ខួរ​ក្បាល​នៃ​ការ​កែ​ទម្រង់​ការ​អប់រំ អភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​សម្រាប់​យុវជន និង​ការ​កែ​ទម្រង់​ការ​អប់រំ​កាយ និង​កីឡា ហើយ​សូម​បន្ត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​អប់រំ​របស់​យើង​ឲ្យ​ឈាន​ឆ្ពោះ​ទៅ​មុខ​ទៀត»

លោក ហ៊ុន សែន ក៏​បាន​លើក​សរសើរ​ដល់​ក្រសួង​អប់រំ គ្រូបង្រៀន មាតា​បិតា សិស្ស និស្សិត និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយ​ជ្រោមជ្រែង និង​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា។

ទាក់ទង​នឹង​ការ​ផ្តល់​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់ ដល់​សិស្ស​និស្សិត អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មើល​ឃើញ​ថា សិស្ស​និស្សិត​នៅ​កម្ពុជា មិន​ទាន់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ស្មើ​គ្នា​លើ​មុខ​ជំនាញ​ទាំង​ពីរ​នៅ​ឡើយ។ លោក កែម ឡី បន្ត​ថា ភាគ​ច្រើន​ការ​សិក្សា​ផ្ដោត​តែ​ទៅ​លើ​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​រឹង ជា​ជាង​ជំនាញ​ទន់៖ «អត់​បាន​បញ្ចូល​ច្រើន​ទេ​នៅ​ថ្នាក់​វិទ្យាល័យ ថ្នាក់​សាកលវិទ្យាល័យ យើង​អត់​ឃើញ​មាន​សិក្ខាសាលា​បង្រៀន​ពី​ភាព​ជា​អ្នក​ដឹក​នាំ​បង្រៀន​អំពី​គំនិត​ផ្ដួចផ្ដើម បង្រៀន​អំពី​ការ​គិត​បែប​ស៊ី​ជម្រៅ យើង​អត់​ទទួល​បាន​ទេ»

ជុំវិញ​ការ​បណ្តុះបណ្តាល​ជំនាញ​ទាំង​ពីរ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​របស់​ខ្លួន​ដែរ។ យុទ្ធសាស្ត្រ​ទី​៦ នៃ​គោល​នយោបាយ​ស្ដីពី​ចក្ខុ​វិស័យ​ឧត្តម​សិក្សា ២០៣០ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចែង​ពី​ការ​ធានា​ចំពោះ “និស្សិត​បញ្ចប់​ការ​សិក្សា​ទទួល​បាន​ចំណេះ​ដឹង និង​ជំនាញ ដែល​អាច​ឲ្យ​ពួក​គេ​រួម​ចំណែក​ពេញ​លេញ​ដល់​ការ​អភិវឌ្ឍ​ជាតិ ក្នុង​ការ​ផ្លាស់ប្ដូរ​បរិយាកាស​ដ៏​ឆាប់​រហ័ស”។ ចំណុច​សំខាន់​នៃ​យុទ្ធសាស្ត្រ​ទី​៦ នេះ រួម​មាន គ្រឹះស្ថាន​ឧត្តម​សិក្សា​ត្រូវ​ធានា​ថា ការ​អភិវឌ្ឍ​កម្មវិធី ត្រូវ​បាន​បញ្ចូល​ជំនាញ​ទន់ ដូចជា ការ​គិត​ប្រកប​ដោយ​ការ​ពិចារណា ការ​វិភាគ និង​ភាព​ជា​អ្នក​ដឹក​នាំ។

យ៉ាង​នេះ​ក្តី លោក កែម ឡី លើក​ឡើង​ថា លោក​មិន​ទាន់​មើល​ឃើញ​ថា សិស្ស​និស្សិត​កម្ពុជា គ្រប់​រូប អាច​ទទួល​បាន​ការ​អប់រំ និង​សមត្ថភាព​ដូច​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​គោល​នយោបាយ​នេះ​នៅ​ឡើយ។ លោក កែម ឡី អះអាង​ថា ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​គ្រប់គ្រាន់ លុះ​ណា​តែ​ក្រសួង​អប់រំ ចាប់​ផ្ដើម​អនុវត្ត​សកម្មភាព​នៅ​ថ្នាក់​វិទ្យាល័យ រួច​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ៖ «បំបែក​នៅ​ថ្នាក់​ទី​១០-១២ ជា​បី វិទ្យាសាស្ត្រ​ពិត វិទ្យាសាស្ត្រ​សង្គម និង​ថ្នាក់​វិជ្ជាជីវៈ។ អ្នក​ណា​រៀន​វិទ្យាសាស្ត្រ​ពិត ប្រឡង​តែ​វិទ្យាសាស្ត្រ​ពិត អ្នក​ណា​រៀន​វិទ្យាសាស្ត្រ​សង្គម ប្រឡង​តែ​វិទ្យាសាស្ត្រ​សង្គម​ទៅ អ្នក​ណា​រៀន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រឡង​តែ​វិជ្ជាជីវៈ​ទៅ ហើយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៦-២០១៧ ទៅ អា​ហ្នឹង​ល្អ​ហើយ ហើយ​ទៅ​ដល់​សាកលវិទ្យាល័យ យើង​ត្រូវ​មាន​ជំនាញ​ឯកទេស​តម្រង់​ឯកទេស​ឲ្យ​ច្រើន កំណត់​ឯកទេស​ណា​ដែល​ត្រូវ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ហើយ​យើង​ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ តាម​វិទ្យុ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ នេះ​ខ្ញុំ​គិត​ថា​វា​ទៅ​រួច»

ដើម្បី​ក្លាយ​ខ្លួន​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ពេញ​លេញ និង​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ លោក កែម ឡី លើក​ឡើង​ពី​ចំណុច​ប្រាំ​ប្រការ ដែល​សិស្ស​និស្សិត​ត្រូវ​តែ​ចេះ។ ចំណុច​ទាំង​នោះ​មាន​ដូចជា ជំនាញ​ឯកទេស ជំនាញ​វិជ្ជាជីវៈ ជំនាញ​អន្តរ​វប្បធម៌ ភាសា​បរទេស និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។