លោក សម រ​ង្ស៊ី ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ដដែល ត្រូវ​តែ​រក្សា​វប្បធម៌​សន្ទនា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក សម រង្ស៊ី នឹង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ វេលា​ម៉ោង​១៩ និង​៣៥​នាទី នេះ​បើ​តាម​លោក សម ស​ង្ស៊ី បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​កាលពី​១​ម៉ោង​មុន​នេះ ។

លោក សម រ​ង្ស៊ី បាន​ថ្លែង​ក្នុង​វី​ដេ​អូ​ឃ្លី​ប​រយៈពេល​១​នាទី​២០​វិនាទី​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា «អ្វី​ដែល​សំខាន់​គឺ​ទឹកចិត្ត​យើង​ពិតប្រាកដ ទឹកចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​តែ​រក្សា​ជំហរ​នៅ​ដដែល ទោះបីជា​មាន​ភ្លៀង មាន​ផ្គរ មាន​ខ្យល់ ក្តៅ​ត្រជាក់ តែ​យើង​នៅ​តែ​រក្សា​វប្បធម៌​សន្ទនា ព្រោះ​វប្បធម៌​សន្ទនា​មិនមែន​ធ្វើ​ឡើង កសាង​ឡើង​សម្រាប់​តែ​គណបក្ស​២ សម្រាប់​តែ​បុគ្គល​២​នាក់​នឹង​ទេ វប្បធម៌​សន្ទនា​គឺ​ដើម្បី​មក​ជំនួស​វប្បធម៌​ហិង្សា ព្រោះ​មាន​តែ​២​ទេ ឬ​មួយ​វប្បធម៌​ហិង្សា កំចាត់​គ្នា ឬ​មួយ​វប្បធម៌​សន្ទនា និយាយ​គ្នា គោរព​គ្នា​ទៅ​វិញ​ទៅ​មក រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​ដោយ​សន្តិវិធី...» ។

លោក សម រ​ង្ស៊ី បាន​ថ្លែង​ទៀត​ថា «យើង​នៅ​មានការ​គោរព​គ្នា ចង់​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ខ្ញុំ​ជឿ​ថា​មិនយូរ​មិនឆាប់​អ្វី​ដែល​មាន​ភាព​តានតឹង​នឹង​មាន​ភាព​ធូរស្រាល​មក​វិញ» ៕