លោក​ឧកញ៉ា ថៃ និង​ចែ​នី នៅតែ​ជា​មេ​ឈ្មួញ​ដែលមាន​មុខ និង​ឈ្មោះ​បោះ​សម្លេង​ខាង​រកស៊ី​ឈើ​កាប់​ដាវ​ក្នុង​ខេត្តក្រចេះ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

​ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​បាន​និយាយថា សកម្មភាព នៃ​ការ​ចរាចរ​ជួញ ដូរ​ផល​អនុផល​ព្រៃឈើ​នៅតែ​បន្ត​កើតមានឡើង​ដោយ​ក្រុម​មេ​ឈ្មួញ​ធំៗ កំពុង​ឈរជើង​ចាំ​ប្រមូល​ទិញ​ឈើ​ដោយ​ប្រើប្រាស់​នូវ​មធ្យោបាយ​គ្រប់​រូបភាព ក្នុង​តំបន់​មួយចំនួន​នៅក្នុង​ទឹកដី​ស្រុក​សំបូរ ដើម្បី​ប្រមូល​ដឹក​តាម​រថយន្ត​យី​ឌុប​រាល់​យប់​ថ្ងៃ ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដោយ​រលូន មិនដែល​រំខាន​ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​នោះទេ តែមាន​អ្នក​ខ្សឹប​ថា ពួក​មេ​ឈ្មួញ​បាន​រត់ការ​បង់ប្រាក់​គ្មាន​ចន្លោះ​មន្ត្រី​ចាំ​ចាប់​បង្ក្រាប​នោះទេ ទើប​របរ​ល្មើសច្បាប់​ទាំងនោះ​ប្រព្រឹត្ត​បាន​យ៉ាង​រលូន​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ បាន​អះអាងថា មួយរយៈ​កាល​ចុង​ក្រោយនេះ គឺ​ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​សកម្មភាព​ប្រមូល ទិញ​ឈើ​ពី​ឃុំរ​លួ​ស្រែ​ជិះ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​កែឆ្នៃ និង​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​ប្រទេស​ដំណើរ​ទៅដោយ​រលូន​ដោយមាន​ការបើក​ដៃ​ពី​មន្ត្រី​ម្នាក់​ឈ្មោះ សុខ គោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រលួស ដែល​តែងតែ​ចេញមុខ​សម្របសម្រួល​ឲ្យ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​នានា​យកមក​លក់​ឲ្យ​ក្រុម​មេ​ឈ្មួញ​ប្រមូល​ទិញ​ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ចេញពី​ឃុំរ​លួ​ស្រែ​ជិះ​បាន​យ៉ាង​សុខសាន្ត ដែល​ធ្វើ​ឲ្យ​សកម្មភាព​ល្មើស​អាច​ប្រព្រឹត្ត​យូរអង្វែង និង​ធ្វើ​ឲ្យ​លោក​សុខ គោ សប្បាយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល​។​

​ប្រភព​បន្ត​រថា ក្រៅពី​តំបន់​ឃុំ​រលួស​ស្រែ​ជិះ ឈើ​មួយចំនួនទៀត​គឺ​ក្រុម​ឈ្មួញ ដឹក​តាម​ទូក មកពី​តំបន់​ដង​ទន្លេរ​មេគ្គង​លើ មក​សាង​លើកដាក់​រថយន្ត​កែឆ្នៃ​តូចៗ​នៅ​ចំណុច​ឃុំ​កោះ​ខ្ញែរ ដើម្បី​ប្រមូល​ទៅ​ដាក់​រថយន្ត​យី​ឌុប ចេញដំណើរ​បន្លំ​ជាមួយ​ក្បួន​រថយន្ត​ដឹក ឈើ​របស់ ឧក​ញ្ញា ថៃ ក្នុង​គោលដៅ​ឆ្ពោះ​ប្រទេស​វៀតណាម​ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ណា​ម្នាក់​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះឡើយ តែ​ពលរដ្ឋ​លួច​បង្ហើប​ថា លោក​ឧកញ៉ា ថៃ បាន​រត់ការ​រៀបចំ កញ្ចប់​ប្រាក់​បង់​ជូន​មន្ត្រី​មិន​ឲ្យ​ហើបមាត់​រួច​នោះទេ ដែល​ធ្វើ​ឲ្យ​គេ​សង្កេតឃើញថា លោក ឧកញ៉ា ថៃ បាន​ដឹកនាំ​បក្ខពួក​របស់គាត់​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​តាម​ទំនើងចិត្ត​ក្នុង​ខេត្តក្រចេះ​។

បើតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​នោះ​បញ្ជាក់ថា សកម្មភាព​ឈរជើង​ប្រមូល​ទិញ​ឈើ​ផ្តាច់មុខ​ម្នាក់ទៀត​នៅ​តំបន់​នោះ ជា​របស់​ថៅ​ស្រី​ដុះ​ស្លែ​ម្នាក់​ឈ្មោះ នី ដែលជា​ថៅកែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ស្ពាន​ទេរ រស់នៅ​ភូមិ​រកា​កណ្ដាល សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ គឺជា​ឈ្មួញ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ឃុំ​រលួស ឃុំ​កោះ​ខ្ញែរ នៅ​មួយចំនួនទៀត​ចេញ​តាម​ក្រុមហ៊ុន​តុង​មិន ស្ថិតក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ នាំ​ឆ្ពោះទៅ​លក់​នៅ​វៀតណាម យ៉ាង​រលូន​គ្មាន ក្រោម​ការសម្របសម្រួល​បើកផ្លូវ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ។​

​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ​ឈ្មោះ ចែ​នី គឺ​សុំ​ជ្រកកោន​តាមរយៈ​ក្បួន​រថយន្ត​ដឹកឈើ​របស់លោក ឧកញ៉ា​ថៃ (​ដោយ​ត្រូវ​បង់ប្រាក់​រត់ការ និង​ប្រាក់ចំណូល​ខ្លះ​) ដែលមាន​ឈ្មោះ ធី ជា​មេការ​របស់លោក ឧកញ៉ា​ថៃ ជា​អ្នកកាង​នាំ​រថយន្ត​ដឹកឈើ​ឆ្ពោះទៅ​ប្រទេស​វៀតណាម ហើយ​មេការ​ម្នាក់នេះ មាន​មុខងារ​រត់ការ បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​ជាប្រចាំ​ទើប​មិនដែល​រំលង ឡើយ គ្មាន​ការបង្ក្រាប​សោះឡើយ​ដែល​គេ​ដឹងថា លោក ឧកញ៉ា​ថៃ ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់ ភាគច្រើន​រកស៊ី​កាប់​ដា​វ​ជាមួយ​សមត្ថកិច្ច ដោយ​គេចវេស​ការបង់ពន្ធ​ចំណូល​រដ្ឋ​។​

មានការ​កត់សម្គាល់ថា ក្នុង​រដូវ​កាល​នេះ សកម្មភាព​បទល្មើស​ព្រៃឈើ​ខុសច្បាប់​កើតមានឡើង​សុទ្ធសឹង​ជា​ទង្វើ​របស់​ឈ្មួញ​ដែលមាន​អំណាច និង ងារ​ឧកញ៉ា ហើយ សមត្ថកិច្ច​លែង​ខ្វល់ខ្វាយ​រឿង​បង្ក្រាប​ទៅហើយ បន្ទាប់ពី​មាន​ផ្លាស់ប្តូរ​នាយ​ខណ្ឌ និង​មន្ត្រី​ផ្នែក​មួយចំនួន គឺ​នាំគ្នា​សំងំ​សម្រួល និង​មើលផ្លូវ​ឲ្យ​ឈ្មួញ​ប្រមូល​ផល ពី​សកម្មភាព​នៃ​ការដឹកឈើ អត់​ច្បាប់​ពី​សំណាក់ ក្រុម​ឈ្មួញ​ទាំងនោះ​ទៅវិញ ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ភារកិច្ច​យ៉ាងធ្ងន់ធ្ងរ​ ៕ មហាគ្រុឌ

KA-30-10-2015-09 KA-30-10-2015-10 KA-30-10-2015-11 KA-30-10-2015-15 KA-30-10-2015-12 KA-30-10-2015-13 KA-30-10-2015-14 KA-01-11-2015-05​ ​