ព្យួរ​អ្នកគ្រូ​វ័យ​ក្មេង​ម្នាក់​ពី​ការងារ ព្រោះ​សង្ស័យ​ធ្លាប់​សម្ដែង​កុន​«X»

អ្នកគ្រូបង្រៀន ថ្នាក់អនុវិទ្យាល័យ​ឯកជនមួយរូប ត្រូវបានព្យួរជើង ជាបណ្ដោះអាសន្ន ពីការងាររបស់នាង។ តើ​មាន​មូលហេតុ​អ្វី? ព្រោះអ្នកគ្រូដ៏ស្រស់ស្អាត ទំនងជាធ្លាប់សំដែង ជាតារា«កូនជ្រូក»ឬ«X» ដែល​គេ​អាច​រក​វីដេអូ​របស់​នាង​បាន នៅ​តាម​បណ្ដាញអ៊ិនធើណែត យ៉ាងងាយជាទីបំផុត។
ព្យួរ​អ្នកគ្រូ​វ័យ​ក្មេង​ម្នាក់​ពី​ការងារ ព្រោះ​សង្ស័យ​ធ្លាប់​សម្ដែង​កុន​«X»
រូបជំនួស៖ តារាបីនាក់ ស្រាតថតនៅក្នុងវីដេអូ«កូនជ្រូក»មួយ។ (រូបថតឯកសារ)

អ្នកគ្រូបានបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះការចោទប្រកាន់ទាំងនេះ ដែលធ្វើឲ្យអ្នកគ្រូ​ត្រូវ​បានព្យួរការងារ ជាបណ្ដោះអាសន្នពីការងារ ជាសាសាស្ត្រាចារ្យ នៃអនុវិទ្យាល័យ «Jésus-Marie» ដែល​ជា​ស្ថាប័នឯកជនមួយ នៅក្នុងក្រុង កេប៊ិច ប្រទេសកាណាដា។ សារព័ត៌មានកាណាដាឈ្មោះ «TVA Nouvelles» បានរាយការណ៍រឿងរ៉ាវឲ្យដឹងថា អ្នកគ្រូវ័យក្មេងត្រូវបាន​អតីតកាលរបស់នាងតាមលង ដោយ​សារ​នាង ធ្លាប់​ជាតារា​ថត​កុន​«កូនជ្រូក» នៅក្នុងភាពយន្ដ និងវីដេអូជាច្រើន ដែលគេអាចរកឃើញ តាម​អ៊ិនធើណែត។

សារព័ត៌មានថែមទាំង ទទួលបានការអះអាង ពីផលិតករវីដេអូ«កូនជ្រូក»មួយរូប ដែលបញ្ជាក់ថា អ្នកគ្រូ​ដែល​មានឈ្មោះ នៅក្នុងវីដេអូជា «Candy Kiss» បានសម្ដែងនៅក្នុងវីដេអូជាច្រើន រវាងពីឆ្នាំ២០០៧ មកទល់​​ឆ្នាំ​២០០៩ ដោយ​មានកិច្ចសន្យាការងារច្បាស់លាស់ ជាមួយនឹងផលិតកម្មរបស់លោក។

ប៉ុន្តែស្ត្រីជាម្ចាស់ខ្លួន បានបដិសេធដាច់អហង្កា ពីការចោទប្រកាន់នេះ និងសង្ឃឹមថានាង នឹងត្រឡប់​ចូល​ទៅ​បង្រៀនវិញ ក្នុងពេលឆាប់ៗ។ សម្រាប់នាយកដ្ឋាន គ្រប់គ្រងសាលាវិញ មិនបានគិតដូច្នេះទេ ដោយបាន​អះអាង​ថា ការងារមុនរបស់បុគ្គលិកខ្លួន មិនត្រូវគ្នាជាមួយ នឹងការងារសព្វថ្ងៃនេះ ជាពិសេសនៅពេល​ដែល​នាង នៅជិតស្និតជាមួយនឹងកុមារៗ។

នាយកដ្ឋានបានចេញលិខិតមួយ ប្រាប់ពីការសម្រេចចិត្ត ក្នុងការព្យួរការងាររបស់អ្នកគ្រូ យ៉ាងដូច្នេះថា៖ «អនុ​វិទ្យាល័យចង់រំលឹកថា ដោយសារការបោកបក់ខ្លាំងក្លា នៃការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងរឿង ដែល​ពិបាក​នឹងទទួលយកបាននោះ បុគ្គលិកដែលពាក់ព័ន្ធ ត្រូវបានព្យួរពីការងារ ដោយមានថវិកាមួយចំនួន។ តែ​កាយវិការនេះ មិនមែនជាការដាក់ពិន័យនោះទេ ប៉ុន្តែដើម្បីអនុញ្ញាត ឲ្យឈប់សម្រាកមួយរយៈ និងទុក​ឲ្យ​ភាគី​​ទាំង​សង​ខាង នូវការដកដង្ហើមឲ្យស្រួល ទាក់ទងនឹងការវិលវល់ ដោះស្រាយមិនចេញ ក្នុងរឿងនេះ។»

សារព័ត៌មានដដែល បានរាយការណ៍បន្ថែមទៀតថា នាយកដ្ឋានរបស់សាលាឯកជន បានបើក​ការស៊ើប​អង្កេត​ផ្ទៃក្នុងមួយ ដើម្បីចង់ដឹងពីការពិត ទាក់ទងនឹងព័ត៌មានទាំងនេះ មុននឹងសម្រេច​ព្យួរការងារ​អ្នកគ្រូ​វ័យ​ក្មេង ផ្អាក​មិនឲ្យបង្រៀន។ យោបល់ឪពុកម្ដាយ​របស់កូនសិស្ស ក៏ត្រូវបានយកមក​ពិចារណា​ដែរ នៅក្នុងការ​សម្រេច​ខាង​លើ៕