ស្រវឹង​ធ្លាក់​ភ្នែកបើក​រថយន្ត​​បុកបង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ចាស់​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ​បើករថយន្ត​រេ​ពេញ​ផ្លូវ​ទៅ​បុក​បង្កាន់ដៃស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បាក់​អស់​មួយ​ផ្ទាំង កាលពី​វេលា​ម៉ោង​៩​និង​៣​នាទី​យប់​ថ្ងៃ​ទី១ ​វិច្ឆិកា ស្ថិត​នៅ​​ពាក់កណ្តាល​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី២ ខណ្ឌ​ច្បារ​អំពៅ​ ។

តាម​សាក្សី​​ឃើញ​ហេតុការណ៍​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើ​ញរថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិចស៊ីស​ RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខភ្នំពេញ 2M-0169 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ដោយសារ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​រេ​ចង្កូត​ទៅ​បុក​​​ខឿន​ស្ពាន​ផ្លោង​ហោះ​ទៅ​បុក​បង្កាន់ដៃស្ពានបាក់​អស់​មួយ​ផ្ទាំង​ ហើយ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​រុលទៅមុខ​ជិត​៣០​​ម៉ែត្រ​ទៀត​រថយន្ត​បែក​កង់​មុខ​ចំហៀង​ខាងឆ្វេង​ និង​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ​ អ្នក​បើករថយន្ត​បង្ក​​បាន​រត់​គេចខ្លួន​បាត់​ស្រមោល​ ​នៅ​សល់​តែ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​​​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​​ខណ្ឌ​ច្បារ​អំពៅ​ ៕