ក្រសួងមហាផ្ទៃ លេចធ្លោខ្លាំងក្នុងការប្រកួតវ៉ូវីណាម ខណៈក្លិបអាស៊ីអឺរ៉ុប ធ្វើឲ្យភ្ញាក់ផ្អើល ចំពោះវត្តមានលើកដំបូង

សមាគម​កីឡា​ក្រសួង​មហាផ្ទៃ ​បាន​ប្រើ​ប្រាស់​អត្តពលិក​ត្រឹម​១៣​នាក់(ស្រី​១នាក់) ដើម្បី​ប្រមូល​មេដាយ​បាន​រហូត​ដល់១៥ ក្នុង​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០១៥ ខណៈ​ក្លិប​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប ក៏​បាន​បង្ហាញ​ភាព​ខ្លាំង​ដ៏​គួរ​ឲ្យកត់​សម្គាល់ផង​ដែរ សម្រាប់ការ​​ចូល​រួម​ជា​លើក​ដំបូង ក្នុង​ព្រឹត្តិការណ៍​នេះ​​។
6
7
តាម​រយៈ​ការ​ប្រកួតយ៉ាង​ស្វិត​ស្វាញ​ចំនួន​​៤​ថ្ងៃ នៅ​ក្នុង​វិមាន​ពហុកីឡដ្ឋាន​ជាតិ ដែល​បាន​បញ្ចប់​កាល​ពី​​ល្ងាច​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ អត្ត​ពលិក​​របស់​សមាគម​​ក្រសួង​មហាផ្ទៃ បានឈ្នះ​មេដាយ​មាស​ចំនួន​៦ នៅ​លើ​វិញ្ញាសា មេគុន​កាំបិត​ធំ​បុរស​២នាក់ មេគុន​បុរស​៤​នាក់​មាន​អាវុធ មេគុន​នារី​ឯកត្តជន ប្រយុទ្ធ​បុរស​ទម្ងន់​៥០​គ.ក្រ ៥៥គ.ក្រ និង​៦៥​គ.ក្រ រួម​ទាំង​មេដាយ​ប្រាក់​៥ និង​សំរឹទ្ធ​៤​ទៀត ដើម្បី​ក្លាយ​ជា​ក្រុម​ឈ្នះ​បាន​មេដាយ​ច្រើនជាង​គេ ខណៈ ខណៈ​ក្លិប​​វ៉ូវីណាម​ក្រុម​ហ៊ុនរ័ត្ន​សាខន បាន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ឈ្នះ​បាន​មេដាយ​មាស​៥ ប្រាក់​១ និង​សំរឹទ្ធ​៤។
5
4
ចំណែក​ក្លិប​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប បានឈ្នះ​មេដាយ​មាស​លើ​វិញ្ញាសា​​​ប្រយុទ្ធ​​ផ្នែក​នារី​ទាំង​២​ប្រភេទ​ទម្ងន់​តែ​ម្តង ដោយ​ក្នុង​នោះ​កីឡាការិនី ចាន់ ស៊ីហា បាន​ឈ្នះ​ក្នុង​ទម្ងន់​៦០​គីឡូ​​ក្រាម ឯ ម៉ៅ ម៉ូនីតា ឈ្នះ​មេដាយ​មាស​ក្នុង​ទម្ងន់​៥៥គ.ក្រ ដែល​អ្នក​ទាំង​២​នេះ​សុទ្ធ​តែ​មាន​ប្រភព​ចេញ​មក​ពី​កីឡាអត្ត​ពលកម្ម ហើយ​អាស៊ីអឺរ៉ុប ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​៣ និង​សំរឹទ្ធ​១​ទៀត​ផង​ដែរ។ រីឯ​ក្លិប​វិទ្យាល័យ​វត្ត​កោះ ​ឈ្នះ​បាន​មេដាយ​មាស​១ ប្រាក់​៣ ​សំរឹទ្ធ​៤ ក្លិប​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី​ ​ឈ្នះ​បាន​មេដាយ​​ប្រាក់​១ សំរឹទ្ធ​៥ និង​ក្លិប​អង្គការ​សង្រ្គោះ​កុមារ​កម្ពុជា ​ដោយ​​​ឈ្នះ​បាន​មេដាយ​ប្រាក់​១ និង​សំរឹទ្ធ​២​។
3
2
លោក ទៀង សុវណ្ណ ប្រធាន​រដ្ឋបាលទូទៅ និង​បុគ្គលិក​ ​នៃ​​សាកល​វិទ្យាល័យអាស៊ីអឺរ៉ុប ​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បិទ​ការ​ប្រកួតនោះ ​បាន​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឈ្នះ​មេដាយ​សរុប​ចំនួន​៦ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នេះ ប៉ុន្តែ​លោក​បាន​ផ្តាំ​ផ្ញើ​ឲ្យ​គ្រូ​បង្វឹក និង​អត្ត​ពលិក​របស់​អាស៊ីអឺរ៉ុប បន្ត​ព្យាយាម​ឲ្យ​ខ្លាំង​ជាង​នេះ ដើម្បី​បន្ត​ឈ្នះ​មេដាយ​មាស​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិនេះ។
1
ចំណែក​លោក ពៅ ហុក ជា​ប្រធាន​ផ្នែក​កិច្ច​ការ​ស្រ្តាចារ្យ និង​ជា​អនុ​ប្រធាន​ដេប៉ាតឺម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន នៃ​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប បានប្រាប់​​ឲ្យ​ដឹង​​ថា ក្លិប​វ៉ូវីណាម​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប មិន​ទាន់​បាន​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​វ៉ូវីណាម​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង​៣​ខែ​ទៀត​យើង​នឹង​បើក​សម្ពោធ​ក្លិប​វ៉ូវីណាម​ជា​ផ្លូវការ​មួយនៅ​សាកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប​តែ​ម្តង ហើយ​ពេល​នោះ​យើងនឹង​កាន់​តែសម្បូរ​ធន​ធាន​កីឡាករ ​ក្នុង​ការ​ដណ្តើម​យក​មេដាយឲ្យ​បាន​ច្រើន​ជាង​នេះ ​ក្នុង​​ការ​ប្រកួតកីឡាវ៉ូវីណាម​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត៕