កសិករ​គំរូ​ រស់ ម៉ៅ ប្រាប់​បច្ចេកទេស​ដាំ​ត្រឡាច​មួយ​គុម្ព​បាន ១៦០ ផ្លែ​

Sanofi

លោក រស់ ម៉ៅ ត្រូវបានគេទទួលស្គាល់​ថា​ជា​កសិករ​គំរូ​ម្នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ឲ្យ​ងារ​នេះ​ដល់​គាត់ ក៏​ព្រោះតែ​គាត់​ជា​កសិករ​ម្នាក់​ដែលមាន​បទពិសោធ​ច្រើន ក្នុងការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ក៏ដូចជា​មាន​បទពិសោធ​ក្នុង​ការដាំ​ដំណាំ​គ្រប់​ប្រភេទ ។ ពេលនេះ​លោក រស់ ម៉ៅ បានបង្ហាញ​ពី​បច្ចេកទេស​ដាំ​ត្រឡាច ដោយ​ធ្វើ​យ៉ាង ណា​ឲ្យ​បាន​ទទួលផល​ច្រើន ។​

qq​លោកពូ រស់ ម៉ៅ មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​របស់​«​ប្រជាប្រិយ​» ថា ការដាំ​ដំណាំ​ទៅតាម​ទម្លាប់​ដែល​គ្មាន​ចំណេះ​ជំនាញ​ខាង​បច្ចេកទេស មិនមែន​ថា​មិន​ទទួលផល​នោះទេ គឺ​គ្រាន់តែ​មិនបាន​ដូច​បំណង​របស់​យើង​ចង់បាន​ប៉ុណ្ណោះ ។ បើ​យើង​មាន​បទពិសោធ គួបផ្សំ​នឹង​បច្ចេកទេស ប្រាកដ​ណាស់​ថា​នឹង​បានទទួល​ផល​គួរ​ជាទី​គាប់ចិត្ត​ជាមិនខាន ។ ពូ រស់ ម៉ៅ ជា​កសិករ​សម្បូរ​គំនិត​ច្នៃប្រឌិត​ខាង​កសិកម្ម ដែល​ល្បីឈ្មោះ​បោះ​សំឡេង​ជា​យូរ​ឆ្នាំ​មកហើយ​បច្ចុប្បន្ននេះ​លោក​រស់នៅ​ភូមិ​ពពេល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ គាត់​បានបង្ហាញ​បច្ចេកទេស​ដោយ​ធ្វើយ៉ាងណា​ដើម្បី​ដាំ​ដំណាំ​ត្រឡាច​ឱ្យបាន​ផ្លែ​ច្រើន ។

គាត់​បាន​លើកឡើងថា ជាទូទៅ​ដំណាំ​ត្រឡាច​ក្នុង​មួយ​គុម្ព វា​ផ្តល់​ផល​ច្រើន​បំផុត​តែ ៥ ផ្លែ​ប៉ុណ្ណោះ ហើយ​ភាគច្រើន​វា​រួញ​ទង ឬ មាន​ត្រណម​ផ្សេងៗ​។​ ក្រោយមក​គាត់​បាន​ដក​បទពិសោធ​ទៅលើ​ដំណាំ​ត្រឡាច​មួយ​គុម្ព ដែល​ដុះ​ដោយ​ខ្លួនឯង ហើយ​ឃើញថា​មាន​ផ្លែ​យ៉ាងច្រើន​ខុសពី​យើង​ដាំ​តាម​ទម្លាប់ ។ ដើម្បី​ដាំ​ត្រឡាច​ឲ្យ​មាន​ផ្លែ​ច្រើន​ដូចនេះ យើង​ត្រូវ​កាប់​រណ្តៅ​ទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុង​ក្នុង​ជម្រៅ​កន្លះ​ម៉ែត្រ ហើយ​បើ​យើង​ដាំ​នៅ​ខែប្រាំង​ត្រូវយក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ តែបើ​នៅ​ខែវស្សា​ត្រូវ​បាច​កំបោ​រសក្នុង​រណ្តៅ​មុនពេល​ដាំ ។

ដោយឡែក​គ្រប់​ពូជ​មុនពេល​ដាក់​បណ្តុះ​យើង​ត្រូវ​យកទៅ​ហាលថ្ងៃ​ជាមុនសិន ដើម្បី​ជាការ​ដាស់​ដំណេក​វា បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​មួយ​យប់​រួច​យកទៅ​កប់​ក្នុង​ដី​កន្លះ​ថ្ងៃ​ថែមទៀត ។ ការធ្វើ​បែបនេះ​គ្រាប់​ត្រឡាច​នឹង​អាច​ឆាប់​ដុះ​គឺ​ក្នុង​ចន្លោះពេល​ពី ៨ ទៅ ១២ ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅពេល​វា​ដុះ​បាន​ស្លឹក​ពីរ ទើប​យើង​យក​វា​ទៅ​ដាំ​ក្នុង​រណ្តៅ​ដែល​យើង​បានរៀបចំ​នោះ ។ ​ក្រោយពី​ដាំ​រួច​យើង​ត្រូវអនុវត្ត​បី​ជំហាន គឺ​ជំហាន​ទី ១ ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន ៧ សន្លឹក យើង​ត្រូវ​ក្ដិចត្រួយ​វា​ម្តង ក្រោយមក​យើង​នឹង​បាន ទទួល​ទង​ថ្មី​ចំនួន​បី​បន្ថែមទៀត ។

ជំហាន​ទី ២ ទង​ដែល​បែកចេញ​នោះ នៅពេល​វា​លូតលាស់​បាន ៧ ស្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី ១ ទៀត ពេលនោះ​យើង​នឹង​បាន​ទង​ថ្មី​ចំនួន ៧ បន្ថែមទៀត ។ ជំហាន​ទី ៣ យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី ១ និង ទី ២ ដដែល ហើយ​ពេលនោះ យើង​នឹង​បានទទួល​ទង​ថ្មី​ពី ៣០ ទៅ ៣៥ ទង ដូច្នេះ​វា​ជា​ដំណាក់​កាលដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា ។ ការដាក់​ជី​នេះ យើង​ត្រូវ​វាស់​ចេញពី​រណ្តៅ​ត្រឡាច​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ ជម្រៅ និង មាត់​រណ្តៅ ៥០ សង់ទីម៉ែត្រ រីឯ​បណ្តោយ​ពី ១ ម៉ែត្រ​ទៅ ២ ម៉ែត្រ ធ្វើបែបនេះ​ត្រឡាច​លូតលាស​បានល្អ មាន​រយៈពេល​យូរ​រហូតដល់​ជាង ២ ខែ ហើយក៏​ជា​ដំណាក់​កាលដែល​ត្រឡាច​ចាស់​ទង និង ចាប់ផ្តើម​ចេញ​ផ្កា និង ផ្លែ​ដែរ ។​

លោក​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ ២០១០-២០១១ លោក​ដាំ​ត្រឡាច​មួយ​គុម្ព​បាន​ទទួលផល​ត្រឹមតែ ៥០ ផ្លែ​ប៉ុណ្ណោះ តែ​ឆ្នាំ ២០១៥ នេះ ក្នុង​ត្រឡាច​មួយ​គុម្ព​លោក​បាន​ទទួលផល​រហូត​ដល់​ទៅ ១៥០ ផ្លែ ។ ការដាំ​ត្រឡាច​បានទទួល​ផល​ច្រើន​នេះ​លោក​បាន​ដកស្រង់​បទពិសោធ​ឃើញ​ដោយ​ខ្លួនឯង កាលពី​ឆ្នាំ ២០០៦-២០០៧ បូករួម​នឹង​ការចូលរួម​វគ្គ​សិក្សា​ខ្លះៗ​ពី​អង្គការ​សេ​ដាក និង ក្រសួងកសិកម្ម ហើយពី​ពេលនេះ​ទៅ​លោក​បាន​យក​ជំនាញ​ទាំងនេះ​ទៅ​បង្រៀន​តាម​សហគមន៍​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដើម្បី​ឲ្យ​ពួកគេ​អនុវត្តតាម បាន​ទទួលផល​ច្រើន​។​

​នៅ​ខេត្តស្វាយរៀង ការពិសោធ​របស់គាត់​បានទទួល ១០០ ផ្លែ ក្នុង​ត្រឡាច​មួយ​គុម្ព​ខេត្តក្រចេះ និង ស្ទឹងត្រែង បាន ១២០ ផ្លែ និង ខេត្តសៀមរាប ការពិសោធ​ក្នុង​ការដាំ​របស់គាត់ ជូន​កសិករ​មើល​មួយ​គុម្ព បាន​ទទួលផល ១៦០ ផ្លែ ហើយ​បច្ចេកទេស​ចុងក្រោយ​នេះ ត្រូវបាន​កសិករ​ទូទាំង​ប្រទេស​យក​ជា​គំរូ រហូតមកដល់​ពេលនេះ បើ​គិត​ជា​សមាជិក​ដែល​បាន​ចូលរៀន​បច្ចេកទេស​កសិក​ម្ម​ជាមួយ​គាត់​មាន​ចំនួន​ប្រហែល​ជាង ១ ម៉ឺន​នាក់ មកហើយ ៕​សុធន​



  


Related