បុរស​ចំណាស់​ពិការ​ជើង​ស្តាំ ស្ត្រី​ចំណាស់​ពិការ​ជើង​ឆ្វេង កំពុង​ជួប​ការ​លំបាក​ខ្វះខាត

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​មាន​អារម្មណ៍​លំបាកទៅ​ហើយ​ប្រសិនបើ​យើង​ជា​ពួក​គាត់​វិញ តែ​ព្រហ្ម​លិខិត​បាន​កំណត់​ឱ្យ​មនុស្ស​យើង​មានជោគ​វាសនា​ខុស​ៗ​គ្នា ដូច​ជា​បុរស​ស្ត្រី​វ័យ​ចំណាស់​២​នាក់​កំពុង​ប្រឈម​នឹង​ពិការ​ភាព​ដូច​គ្នា ហើយ​មានផ្ទះ​នៅ​ក្បែរ​គ្នា​ទៀត​ផង ។

បុរស​ចំណាស់​ពិការ​ជើង​ស្តាំ ឯ​ស្ត្រី​ចំណាស់​ពិការ​ជើង​ឆ្វេង ដោយសារ​គ្រាប់​មីន​នា​សម័យ​សង្គ្រាម ហើយ​ពេល​នេះ​ជីវិត​ពួក​គាត់​កំពុង​ជួបនឹង​ជីវភាព​ខ្វះខាត ដែល​សុំ​ឱ្យ​អាជ្ញាធរ​ ឬ​សប្បុរសជន​មេត្តា​ជួយ​ដោយ​ក្តី​អនុគ្រោះ​ផង ។

បុរស​ចំណាស់​ឈ្មោះ ខុន សួង អាយុ​៦៦​ឆ្នាំ ពិការ​ជើង​ស្តាំ រស់នៅ​ភូមិ​ខ្ចាស់ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម ហៀ​ម (​ស្លាប់​) មានកូន​ប្រុស​៦​នាក់ ។ ឯ​ស្ត្រី​ចំណាស់​ឈ្មោះ យ៉​ន យឿ​ន អាយុ​៦២​ឆ្នាំ ពិការ​ជើង​ឆ្វេង ប្តី​ឈ្មោះ ពេ​ជ្យ អូន (​ស្លាប់​) មានកូន​៦​នាក់ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

បើ​និយាយ​ពី​ប្រវត្តិ​ពិការ​ជើង បុរស​ឈ្មោះ ខុន សួង រៀបរាប់​ថា គាត់​ពិការ​ជើង​ស្តាំ​ត្រឹម​ភ្លៅ​នៅ​ឆ្នាំ​១៩៨៦ ដោយសារ​គ្រាប់​មីន នៅ​ពេល​គាត់​ទៅ​លើក​ទ្រូ​ជាមួយ​កូនប្រុស​នៅ​អាង​ខាងត្បូង​ភូមិ ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្ទះ ដែល​កាល​ណោះ​ទាហាន​វៀតណាម​ដាក់​ការពារ​ហើយ​មិន​ទាន់​ដោះ​ចេញ ។

ចំណែក​ស្ត្រី​ចំណាស់​ឈ្មោះ យ៉​ន យឿ​ន និយាយ​ថា គាត់​ជួប​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​ដាច់​ជើង​ឆ្វេង​ត្រឹម​ភ្លៅ​នៅ​ឆ្នាំ​១៩៨៥ ដែល​កាល​ណោះ​ទាហាន​វៀតណាម​កេណ្ឌ​ឱ្យទៅ​រែក​ទឹក​ដាក់​ពាង ។ ពេល​នោះ បាន​ទៅ​រែក​ទឹកស្រះ​មួយ​នៅ​ខាងជើង​ភូមិ​ប្រមាណ​ជិត​១​គី​ទ្បូ​ម៉ែត្រ ដោយ​មាន​គ្នា​ស្រី​ៗ​ជិត​១០​នាក់​ស្រី​ៗ លុះ​ពេល​រែក​ទឹក​ដើរ​ចេញពី​ស្រះ​បាន​បន្តិច​ក៏​ជាន់​មីន ។

មក​ដល់​បច្ចុប្បន្ន បុរស​ស្ត្រី​វ័យ​ចំណាស់​ទាំង​២​នាក់ ដែល​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​នៅ​សម័យ​សង្គ្រាម បាន​បន្សល់​ទុក​ជើង​ពិការ​ម្នាក់​ម្ខាង ហើយ​ជីវភាព​ជួប​ការ​លំបាក ដោយសារ​ស្រែ​ចម្ការ​លក់​មើលខ្លួន​អស់ ។ សព្វថ្ងៃ ពួក​គាត់​រស់​ដោយសារ​កូនប្រុស​ស្រី​ទៅ​ធ្វើ​ការងារ​ចំណាកស្រុក​មក​ជួយ​ចិញ្ចឹម​ប៉ុណ្ណោះ ។

ពួក​គាត់​ទាំង​២​នាក់ បាន​សុំ​ឱ្យ​លោក​អភិបាលខេត្ត ក៏​ដូច​ជា​កាកបាទក្រហម និង​មន្ទីរ​ពាក់ព័ន្ធ អង្គការ​ក្នុង​ និង​ក្រៅ​រដ្ឋាភិបាល សប្បុរសជន ជួ​យ​ដល់​ពួក​គាត់​ដែល​មាន​ជីវភាព​តោកយ៉ាក ខ្វះ​ការ​ហូប​ចុក និង​រទេះរុញ​ការពារ​ពេល​ចាស់​បន្តិចទៀត​ដើរ​លែង​រួច ។ ការ​អំពាវនាវ​របស់​ពួក​គាត់​នេះ សង្ឃឹមថា​សប្បុរសជន​នឹង​មិន​មើល​រំលង​ទ្បើ​យ ៕