បាញ់​កាំជ្រូច​ខុស​បច្ចេកទេស​បណ្តាល​ឱ្យ​​កីឡាករអុំ​ទូក​​រង​របួសធ្ងន់​ស្រាល៦​នាក់​​​នៅ​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ​៖ ​កីឡាករ​អុំទូក​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​​ដែលមក​​ចូល​រួម​ប្រកួត​​ប្រណាំងទូក​​​នៅ​​ខេត្ត​ស្វាយ​រៀង ​​ខណៈកំពុង​សម្រាក​នៅ​ក្រោម​តង់​​ ហើយ​​គ្រាប់​កាំជ្រួច​ហោះ​បុក​ចំ​មែកឈើ​ជះ​​ផ្កាភ្លើង​​​​បណ្តាល​​ឱ្យត្រូវ​​កីឡា​ករ​​រង​របួសធ្ងន់​​ស្រាលចំនួន​​៦​នាក់ ​ក្នុង​ចំណោម​៣០នាក់ កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១ ​វិច្ឆិកា​ ២០១៥​ ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន ​សង្កាត់​ពោធិ​តា​ហោ​​ក្រុង​ស្វាយ​រៀង ។​

បើ​តាម​កីឡាករ​ម្នាក់ បាន​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ក្រុម​កីឡាករ​អុំទូក​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​៣០​នាក់​ខ្លះ​អង្គុយ ​ខ្លះ​ឈរ​នៅ​ក្រោម​តង់ ​ស្រាប់តែឮ​​​សូរ​​សំឡេង​ខ្វោក​ក៏​នាំ​គ្នា​ក្រាប ​​ហើយ​ក៏​មាន​ផ្កាភ្លើង​បាច​មក​ដី​​ចំ​អ្នក​អុំទូក​បណ្តាល​ឱ្យ​​​​​របួស​ធ្ងន់​​ឆេះ​​រលាក​​ផ្ទៃមុខ​ ដងខ្លួន ​ដៃជើង​​ចំនួន​៥​នាក់​ ​និង​ស្រាល​ម្នាក់​ ​ដោយ​សារ​តែ​​​ការបាញ់​កាំជ្រួចខុស​បច្ចេកទេស​ ។ នេះ​​​សំណាងល្អ​​ហើយ​ ដោយ​គ្រាប់​កាំជ្រួច​ហោះ​បុក​ចំ​មែកឈើ​ធ្លាក់​មក​ចំ​ដំបូល​តង់​ដែល​មានទឹក​ដក់​​ធ្វើ​ឲ្យ​កាំជ្រួច​នោះ​រលត់​មិន​ផ្ទុះ ​​គ្រាន់​តែជះ​ផ្កាភ្លើង ប្រសិនបើ​ផ្ទុះ​វិញ​មិនដឹង​ថា​វាសនា​កីឡាករទាំង​​៣០​នាក់​​ទៅ​ជា​យ៉ាងណា​​នោះទេ ។​

​ក្រោយ​​ពេល​កើតហេតុ ​កីឡាការ​ដែល​រង​របួស​ធ្ងន់​ស្រាល​ទាំង​៦នាក់​ខាង​លើ ​​ត្រូវ​បាន​​គេ​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​​ ៕