មន្ទិលជុំវិញមូលហេតុ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​​​អុំទូក​​​ត្រូវ​​​បាន​​​ផ្អាក​​​​​​​​​​​​

យោង​​​តាម​​​សារាចរណែនាំ​​​​​​មួយ​​​ដែល​​​ចេញ​​​កាលពី​​​ថ្ងៃ​​​សៅរ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ព្រះរាជ​​​ពិធី​​​បុណ្យ​​​អុំទូក​​​ដែល​​​​​​ធ្វើឡើង​​​ប្រចាំ​​​ឆ្នាំ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​​​​ផ្អាក​​​​​​ជា​​​លើក​​​ទី​​​៤​​​ក្នុង​​​រយៈពេល​​​​​​​​​ប្រាំ​​​ឆ្នាំ​​​ ដោយ​​​រដ្ឋាភិបាល​​​លើក​​​ឡើង​​ពី​​​​​​កម្រិត​​​ទឹក​​​ទាប​​​​​​និង​​​គ្រោះ​​​រាំងស្ងួត​​​ជា​​​មូល​​​ហេតុ​​​នៃ​​​ការ​​​ផ្អាក​​​​​​នេះ។

ទោះជា​​​យ៉ាងណា តំណាង​​​រាស្ត្រ​​​ជាន់ខ្ពស់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អ្នក​​​វិភាគ​​​នយោបាយ​​​មាន​​​មន្ទិល​សង្ស័យ​​​ចំពោះ​​​ហេតុផល​​​នៃ​​​ការ​​​សម្រេច​​​នេះ ដោយ​​​លើក​​​ឡើង​​​ថា​​​ រដ្ឋាភិបាល​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​មនុស្ស​​​រាប់​​​ម៉ឺន​​​​នាក់​ធ្វើដំណើរ​​​មក​​​រាជធានី​​​​​​អំឡុង​​​ពេល​​​មាន​​​ភាព​​​តាន​​​តឹង​​​ផ្នែក​​​នយោបាយ។​​​

សារាចរ​​​ស្តី​​​​​​ពី​​​ការ​​​ផ្អាក​​​ពិធី​​​នេះ​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ហ៊ុន​​​សែន បាន​​​លើក​​​ឡើង​ថា ​​​ការ​​​សម្រេច​​​ផ្អាក​​​ព្រះរាជ​​​​​​ពិធី​​​ដែល​​​មាន​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នេះ គឺ​​​ដោយ​​​សារ​​​តែ​​​កង្វះ​​​ខាត​​​ទឹក​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​​ និង​​​ទឹក​​​ទន្លេ​​​មាន​​​កម្រិត​​​​​​ទាប​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារាចរ​​​ណែនាំ​​​នេះ​​​ មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា ​​​”​​​ដោយ​​​ឆ្នាំ​​​នេះ​​​ ទឹក​​​ទន្លេ​​​មាន​​​កម្រិត​​​ទាប​​​ហើយ​​​ចំពោះ​​​មុខ​​​ ព្រះរាជាណាចក្រ​​​កម្ពុជា​​​បាន​​​និង​​​កំពុង​​​ជួបប្រទះ​​​គ្រោះ​​​រាំង​​​ស្ងួត​​​ ដែល​​​ទាមទារ​​​ឲ្យ​​​យើង​​​ត្រូវ​​​ប្រមូល​​​​​ផ្ដុំ​​​កម្លាំង​​​សរុប​​​ មធ្យោបាយ​​​សរុប​​​ ក្នុង​​​ការ​​​ដោះស្រាយ​​​បញ្ហា​​​កង្វះខាត​​​ទឹក​​​សម្រាប់​​​ស្រូវ​​​ប្រាំង​​​ជូន​​​ប្រជាកសិករ​​​នៅ​​​តាម​​​ខេត្ត”។

ទូកទេសចរណ៍មួយ​គ្រឿង​បណ្តែត​ខ្លួន​ចុះ​តាម​ខ្សែទឹកទន្លេ​សាប​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​។ រដ្ឋាភិបាល​ប្រកាស​ផ្អាកផ្អាក​ព្រះរាជធានី​បុណ្យ​អំុទូក​នៅមុខ​ព្រះមរមរាជវំាង​សម្រាប់​ឆ្នាំ​នេះ​ ដោយ​អះអាង​ថា ទឹកទន្លេ​មាន​កម្រិត​ទាប​។​ Olivia Harlow/The Cambodia Daily

ទូកទេសចរណ៍មួយ​គ្រឿង​បណ្តែត​ខ្លួន​ចុះ​តាម​ខ្សែទឹកទន្លេ​សាប​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​។ រដ្ឋាភិបាល​ប្រកាស​ផ្អាកផ្អាក​ព្រះរាជធានី​បុណ្យ​អំុទូក​នៅមុខ​ព្រះមរមរាជវំាង​សម្រាប់​ឆ្នាំ​នេះ​ ដោយ​អះអាង​ថា ទឹកទន្លេ​មាន​កម្រិត​ទាប​។​ Olivia Harlow/The Cambodia Daily

សារាចរ​​​ណែនាំ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ថា​​​ ខណៈ​​​ពេល​​​គ្មាន​​​ការ​​​ប្រណាំង​​​ទូក​​​ គ្មាន​​​ការ​​​ប្រគំ​​​តន្ត្រី​​​ ឬ​​​គ្មាន​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​តាម​​​ផ្លូវ​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​នោះ ការ​​​ឈប់​​​សម្រាក​​​​​​​​​របស់​​​​​​​​​មន្ត្រីរាជការ​​​ និយោជិត​​​ កម្មករ​​​ ចំនួន​​​បីថ្ងៃ​​​ក្នុង​​​ព្រះរាជ​​​ពិធី​​​នេះ​​​​​​នៅ​​​រក្សា​​​ដដែល។​​​

អំឡុង​​​ពេល​​​ថ្លែង​​​សុន្ទរកថា​​នៅ​​​ក្នុង​​​ខេត្តកំពត ​​​កាល​​​ពីម្សិលមិញ លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​លើក​​​ឡើង​​​ថា ព្រះ​​​រាជពិធី​​​នេះ​​​ត្រូវ​​​បាន​​​ផ្អាក ដោយសារ​​​គេ​​​គិត​​​ថា ​​​​​​កម្រិត​​​ទឹក​​​ទន្លេសាប​​​នឹង​​​ស្រក​​​ចុះ​​​​​​នៅ​​​ត្រឹម៤,២ម៉ែត្រ​​​ ពេល​ដល់់ថ្ងៃទី​២៤​​​ខែ​​​វិច្ឆិកា ជា​​​ពេល​​​ដែល​​​ព្រះ​​​រាជពិធី​​​នេះ​​​គ្រោង​​​នឹង​​​ចាប់​​​ប្រារព្ធ​​​ឡើង ពោល​​​គឺ​​​ទាប​​​ជាង​​​​​កម្រិត​​​ទឹកជា​​​ធម្មតា​​​ដែល​​​មាន​​​ជម្រៅ​​​៧​​​ទៅ​​​៨ម៉ែត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​​​មាន​​​ប្រសាសន៍​​​​​​​​​ទៅ​​​កាន់​​​ទាហាន​​​​​ចូល​​​និវត្តន៍​​​ថា​​​​​​​​​​​​ “ឆ្នាំនេះ​​​ ទឹក​​​ទាប​​​ខ្លាំង​​​ណាស់ ​ហើយ​​​មិន​​​មែន​​​តែ​​​កើត​​​ឡើង​​​នៅ​​​កម្ពុជា​​​យើង​​​ទេ ​សូម្បី​​​​​តែ​​​នៅ ចិន​​​ ភូមា​​​ ឡាវ ថៃ ក៏​​​ទឹក​​​មាន​​​កម្រិត​​​ទាប​​​អ៊ីចឹង​​​ដែរ។ អ៊ីចឹង​​​ហើយ​​​​​​ទឹក​​​ វា​​​មិន​​​អាច​​​ហូរ​​​មក​​​កាន់​​​តំបន់​​​ទាប​​​បាន​​​ទេ​​​ ហើយ​​​ប្រជា​ពលរដ្ឋ​​​ដែល​​​រស់នៅ​​​តាម​​​ដង​​​ទន្លេ កំពុង​​​តែ​​​ជួប​​​ប្រទះ​​​នូវ​​​ការ​​​ខ្វះខាត​​​ទឹក​​​ធ្វើ​​​ស្រែ​​​នៅ​​​រដូវ​​​ប្រាំង​​​”។

យោង​​​តាម​​​តួលេខ​​​ពី​​​គណៈ​​​កម្មការ​​​ទន្លេ​​​មេគង្គ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ទឹក​​​​​​ទន្លេសាប​​​មាន​​​ជម្រៅ​​​​៤,៣១​​​ម៉ែត្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាលពី​​​​​ថ្ងៃ​សុក្រ​​​។​​​ នៅ​​​ក្នុង​​​ថ្ងៃ ទី​​​មួយ​​​នៃ​​​ព្រះរាជ​​​ពិធី​​​នេះ​​​កាលពីឆ្នាំមុន ទឹក​​​មាន​​​ជម្រៅ​​​៦,១១ម៉ែត្រ​​​។

កាលពី​​​ម្សិលមិញ​​​ មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​​​​​​​​​​​​​ដូច​​​​​​គ្នា​​​នឹង​​​ការ​​​អះអាង​​​របស់​​​លោក ហ៊ុន សែន ដែល​​​ថា ​​​ទឹកទន្លេ​​​មាន​​​កម្រិត​​​​​​​​​ទាប​​​ពេក​​​​​​​​​មិន​​​អាច​​​​​​​​​ប្រណាំង​​​ទូក​​​បាន​​​​​។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​​​ក្រសួង​​​​​អប់រំ យុវជន​​​ និង​​​កីឡា បាន​​​លើក​​​ឡើង​​​ថា ទឹក​​​រាក់​​​មាន​​​ន័យ​​​ថា ទូក​​​​​​​​​មិន​​​អាច​​​នាំ​​​យក​​​​​​មក​​​រាជ​ធានី​​​​​ភ្នំពេញ​​​តាម​​​ទឹក​​​បាន​​​ឡើយ​​​ ដែល​​​ជា​​​ធម្មតា​​​គេ​​​តែង​​​តែ​​​​​​ធ្វើ​​​ដូច្នេះ​​​ពេល​​​ព្រះ​​​រាជ​​​ពិធីបុណ្យ​​​អុំ​ទូក​​​មកដល់​​​។

​​​​​​​​​​​​​​​​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​​​មានការ​​​លំបាក​​​ចំ​​ពោះ​​​យើង​​​ក្នុង​​​ការ​​​នាំ​​​ទូក​​​ចូល​​​មក​​​ទន្លេ​​​ដើម្បី​​​រៀបចំ​​​ពិធី​​​អុំទូក ដោយសារ​​​តែ​​​ទឹក​​​វា​​​មាន​​​កម្រិត​​​ទាប​​​នៅ​​​ក្នុង​​​តំបន់​​​មួយ​​​ចំនួន”។

លោក សុខ ឥសាន អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​​​​មាន​​​ប្រសាសន៍​​​ថា “​​​លោក​​​​​​​​​មិន​​​មែន​​​ជា​​​អ្នក​​​ជំនាញ” ខាង​​​កម្រិត​​​ទឹក​​​​​​ ឬ​​​ការ​​​ប្រណាំង​​​ទូក​​​ទេ ប៉ុន្តែ​​​ថា វា​​​​​​​​​មិន​​​សម​​​ហេតុ​​​សម​​​ផល​​​ទេ​​​ដែល​​​ប្រារព្ធ​​​ព្រះ​​​រាជពិធី​​​នេះ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ខណៈ​​​កសិករ​​​​​​នៅ​​​តាម​​​​​​បណ្ដា​​​ខេត្ត​​​កំពុង​​​​​​​​​​​​​​​ជួប​​​ការ​​​​​​លំបាក​​​ដោយ​​​សារ​​​កម្រិត​​​ទឹក​​​ភ្លៀង​​​​​​តិច​​​​នោះ​​​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា”​​​យើង​​​មិន​​​គួរ​​​បង្កើត​​​ភាព​​​សប្បាយ​​​រីករាយ​​​ច្រើន​​​ពេក​​​ទេ នៅ ពេល​​​ដែល​​​ប្រជា​​​ពលរដ្ឋ កំពុង​​​ជួប​​​ប្រទះ​​​ភាព​​​រាំងស្ងួត​​​ទូទាំង​​​ប្រទេស​​​ ហើយ​​​ខ្វះ​​​ទឹក​​​បង្កបង្កើនផល”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ឆ្នាំមុន មាន​ការ​ប្រារព្ធព្រះរាជ​ពិធី​បុណ្យអុំទូក​​ដែល​ជា​ការ​អប​អរប្រចាំឆ្នាំឡើង​វិញ​ក្រោយពេល​ផ្អាក​រយៈពេល​បីឆ្នាំ​​បន្ទាប់​ពី​​មានការ​ផ្អើល​​រត់​ជាន់គ្នា​​នៅ​ថ្ងៃចុងក្រោយ​​នៃ​ព្រះរាជ​ពិធីបុណ្យ​​អំទូក​ឆ្នាំ​២០១០​ ដែល​​បាន​បណ្តាល​ឲ្យ​ស្លាប់មនុស្សអស់​​​៣៥៣នាក់​ដែល​ភាគច្រើន​ជា​យុវជន ​នៅលើ​ស្ពាន​ដែល​​​​​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កោះពេជ្រ។

ពិធីបុណ្យ​នេះ​ត្រូវ​បានផ្អាក​​ដោយសារ​គ្រោះ​ទឹក​ជំនន់ក្នុង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ ​​ហើយ​ដោយសារ​ការ​យាង​ចូលទិវង្គត​​របស់​សម្តេច​ឪ​ នរោត្តម សីហនុ ក្នុង​ខែតុលា ឆ្នាំ​២០១២។

លឹម ស្រីអូន ដែល​ឪពុករបស់​គាត់កាន់​កាប់​ទូក ចន្ទ​រស្មីសារាយ ​មកពី​ខេត្ត​កំពង់​ឆ្នាំង​​​រហូត​ដល់​ពេល​គាត់​ស្លាប់​ក្នុង​ឆ្នាំ​២០១៣ បាន​​សម្តែង​ការ​ខក​ចិត្ត​​ចំពោះ​សេចក្តីសម្រេច​ផ្អាក​​​​​​ព្រះរាជពិធីបុណ្យ​អំុទូក​នៅ​ឆ្នាំនេះ ហើយ​បាន​​​​និយាយ​ថា កម្រិត​ទឹក​​​គឺ​ខ្ពស់​ល្មម​​សម្រាប់​ធ្វើ​ការ​ប្រណាំង​ទូក​បាន។

ស្រីអូន ​និយាយថា “ឥឡូវ​នេះ​កម្រិត​​ទឹក​ទន្លេ​ មិន​រាក់ពេក​ទេ គឺ​អាច​ធ្វើការ​ប្រណាំង​ទូកបាន​”។ អ្នក​ស្រី​បន្ថែម​ថា ​កម្រិតទឹក​រាក់​​​អាច​លំបាកក្នុងការ​ចត​ទូក​​នៅ​ពេល​មក​ដល់​រាជធានីភ្នំពេញ។

មជ្ឈដ្ឋាន​ផ្សេង​ទៀត​បាន​និយាយថា ​មូល​ហេតុ​ដែល​រដ្ឋាភិបាល​ផ្អាក​ការ​ប្រណាំង​ទូក​នេះ​មិន​សម​ហេតុ​ផល​ឡើយ។លោក អ៊ូ វីរៈ ស្ថាបនិក​​វេទិកា​អនាគត ដែលជា​អង្គការ​វិភាគ ​​និង​ស្រាវ​ជ្រាវ​នយោបាយ​​​បានមាន​ប្រសាសន៍​​ថា ”​ហេតុ​អ្វី​បាន​ជាយក​កម្រិត​ទឹក​​ជា​មូល​ហេតុ​​ទៅវិញ?”។

លោកបាន​ថ្លែង​បន្ត​ថា “ខ្ញុំគិត​ថា ក្នុងឆ្នាំ​ភាគច្រើន​នៅក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ យើង​ឃើញថា ​កម្រិត​ទឹក​​​ក៏ឡើងខ្ពស់ខ្លាំង​បន្តិច​ ឬ​ទាបខ្លាំង​បន្តិច​ដែរ។ តើ​អ្វី​ជា​កម្រិត​ទឹក​ដ៏ល្អ​ឥត​ខ្ចោះ​ទៅ ហើយ​​ថា តើ​អ្វី​ជា​លក្ខខណ្ឌ​ជា​មុន​​ចំពោះព្រះរាជ​​ពិធី​បុណ្យ​អុំទូក?។ មិន​ដែលមាន​លក្ខខណ្ឌ​ជាមុន​ចំពោះ​ព្រះរាជ​ពិធី​បុណ្យ​អំុទូកឡើយ”។

លោក​ថ្លែង​បន្ត​ទៀត​​ថា ភាព​ចលាចល​នយោ​បាយ​​កាលពី​សប្តាហ៍​មុន​ ដែល​ក្នុង​នោះ​​ តំណាង​​​​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ ត្រូវ​បាន​វាយ​ដំយ៉ាងព្រៃផ្សៃអំឡុង​ការ​តវ៉ា​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា ហើយ​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​ដក​ចេញ​​ពី​​តួនាទី​ជា​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​​​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ​អាច​ជា​ចំណែក​មួយ​ចំពោះ​ការ​សម្រេច​នេះ។

លោក​បានមាន​ប្រសាសន៍ថា ”​នេះ​អាច​ជា​​ចំណែក​មួយ វា​ប្រហែល​ជា​មិន​មែន​បញ្ហា​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ផ្អាក​​បួន​ឆ្នាំ​​ក្នុងរយៈពេល​​ប្រាំឆ្នាំដោយហេតុផល​ផ្សេង​ៗ​គ្នា…។ ខ្ញុំគិត​ថា ហេតុផល​មួយ​គឺ​ថា ពួកគេ​​មិន​ចង់ឲ្យមានមនុស្ស​ម្នា​ជាច្រើន​មក​កាន់​រាជ​ធានី​ភ្នំពេញ ពួកគេ​ហាក់បីដូចជាមិនចង់​បាន​បែប​នេះទេ ព្រោះ​ដោយសារ​​ការ​តវ៉ា​របស់​គណ​បក្ស​ប្រឆាំង​​ [ក្នុង​ឆ្នាំ​២០១៣]​”។

លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា លោក​សង្ស័យ​ថា សេចក្តីសម្រេច​នេះ​អាច​​ដោយសារ​រដ្ឋាភិបាល​បារម្ភ​ពី​​​មនុស្សម្នា​​ជាច្រើន​​មក​កាន់​រាជ​ធានី។

លោក សុន ឆ័យ បាន​ថ្លែង​ថា “ខ្ញុំ​ទទួល​ព័ត៌មាន​ថា កាល​ពី​ពីរ​បីថ្ងៃមុន រដ្ឋាភិបាល​​លើក​ឡើង​ថា នឹង​មិន​មាន​បញ្ហាទេ ដូច្នេះ ពួកគេ​ហាក់​ដូច​ជា​ធ្វើ​តែខ្លួន​ឯង​ ហើយ​ឥឡូវ​នេះ​​មាន​ការ​ផ្អាក…​ ​វាអាច​ថា ពួកគេ​​បារម្ភពី​មនុស្ស​ម្នា​មក​កាន់​រាជ​ធានី​ភ្នំពេញ”។ លោក​​បន្ថែមថា គណបក្ស​ប្រឆាំង​មិនមាន​ផែនការ​​ធ្វើការ​តវ៉ា​​អំឡុង​ព្រះរាជ​ពិធី​​បុណ្យ​អុំទូក​ឡើយ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​​បាន​ច្រាន​ចោល​ការ​លើក​ឡើង​​​ដែលថា រដ្ឋាភិបាល​​បាន​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អំុទូក​​ដោយសារ​​ហេតុការ​ណ៍​នយោបាយ​កាល​​​ពី​ពេល​ថ្មី​ៗ​​នេះ និង​​បារម្ភពី​ចំនួន​មនុស្ស​ម្នា​ដ៏​ច្រើននោះ។

លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា “​តើ​លោក​អ្នក​គិត​ថា រដ្ឋាភិបាល​ខ្លាច​ សម រង្ស៊ី ឬ​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ឬ? ខ្ញុំចង់​ប្រាប់​លោក​អ្នក​ថា ទេ។ ​​អ្វី​ៗ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​យើង។ យើង​​​មិន​ខ្លាច​រឿង​ហ្នឹង​ឡើយ​”៕ ស៊ុយឈាង , សារុន​​

 

The post មន្ទិលជុំវិញមូលហេតុ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​​​អុំទូក​​​ត្រូវ​​​បាន​​​ផ្អាក​​​​​​​​​​​​ appeared first on ខេមបូឌា ដេលី.