លោក Mourinho នៅតែរឹងទទឹង និងថា លោកនឹងបន្តនៅជាមួយ Chelsea

គ្រូ​បង្វឹក​ក្បាល​រឹង​លោក Jose Mourinho បាន​បញ្ជាក់​ថា ​លោក​រំពឹង​ទុក​ថា យើង​នៅ​តែ​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ Chelsea បើ​ទោះ​បី​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​របស់​លោក​បាន​​រង​បរា​ជ័យ​ជា​លើក​ទី​៦​ក៏​ដោយ ខណៈ​ដែល​​​លោក​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ បាន​លើក​ឡើង​ថា ការ​រង​បរា​ជ័យ​​ក្រោម​ស្នា​ដៃ​ក្រុម Liverpool បាន​កើត​ឡើង​ដោយ​ការ​​មើល​រំលង​មួយ​​ផ្នែក​ធំ​របស់​​អាជ្ញា​កណ្តាល​។ គ្រាប់​បាល់​​នាំ​មុខ​នៅ​ដើម​តង់​របស់ Chelsea ត្រូវ​បាន​តាម​ស្មើ​ដោយ​ក្រុម​របស់​លោក Jurgen Klopp ខណៈ​ដែល​ការ​បង្ហាញ​ពី​ទម្រង់​​យ៉ាង​ល្អ​របស់​ក្រុម​ភ្ញៀវ​​​បាន​បង្កើត​​ឲ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​​ទី​២​គ្រាប់​ក្នុង​តង់​ទី​២​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កត់​ត្រា​ជ័យ​ជម្នះ​ក្នុង​ក្រប​ខ័ណ្ឌ Premier League ជា​លើក​ទី​១​ក្រោម​ការ​ដឹក​នាំ​​របស់​អ្នក​ចាត់​ការ​ទូទៅ​​ថ្មី​សញ្ជាតិ​អាល្លឺ​ម៉ង់​របស់​ពួក​គេ​។
1
លោក Roman Abramovich ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ​ក្លិប មិន​មាន​វត្ត​មាន​កីឡ​ដ្ឋាន Stamford Bridge ដើម្បី​ទស្ស​នា​ការ​រង​បរា​ជ័យ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ជា​លើក​ទី​៣​នៅ​រដូវ​កាល​នេះ​របស់​ក្រុម​លោក​ឡើយ ហើយ​​ការ​គាំ​ទ្រ​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ ដែល​ត្រូវ​បាន​សម្តែង​មតិ​​ក្នុង​ការ​បោះ​ឆ្នោត​​ជឿ​ជាក់​​មួយ​នា​ពេល​ថ្មី​ៗនេះ ត្រូវ​បាន​គេ​យល់​ឃើញ​ថា នៅ​តែ​រក្សា​ដដែល​។ ប៉ុន្តែ សម្ពាធ​ក្នុង​ការ​ស្រោច​ស្រង់​ឡើង​វិញ និង​ការ​ចាប់​ផ្តើម​ការ​ឡើង​ទៅ​កាន់​កៅ​អី​ក្នុង​ក្រប​ខ័ណ្ឌ Champions League កំពុង​តែ​កើត​ឡើង​រាល់​ការ​រង​បរា​ជ័យ​ទាំង​អស់ ហើយ​វា​មាន​ភស្តុ​តាង​តិច​តួច​ប៉ុណ្ណោះ​មក​ទល់​ពេល​នេះ​ក្នុង​ការ​បង្ហាញ​ថា លោក Mourinho មាន​សមត្ថ​ភាព​​ក្នុង​ការ​បង្កើត​ភាព​អស្ចារ្យ​​ដើម្បី​សង្គ្រោះ​ក្រុម​ឡើង​វិញ​។ នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​លោក​បារម្ភ​ថា ការ​បរា​ជ័យ​នេះ​នឹងក្លាយ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​លោក​ក្នុង​​នាម​ជា​គ្រូ​បង្វឹក​របស់ Chelsea ឬ​យ៉ាង​ណា លោក​បាន​ឆ្លើយ​ថា៖ «ទេ ខ្ញុំ​​មិន​ខ្លាច​ឡើយ​។ ខ្ញុំ​មើល​ឃើញ​​​យ៉ាង​ច្បាស់​ថា កីឡាករ​នៅ​តែ​លេង​បាន​ល្អ​។ ប្រសិន​បើ​មាន មាន​តែ​កីឡាករ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​​ដែល​លេង​ក្នុង​កម្រិត​ធម្ម​តា​ ពោល​គឺ​មិន​មាន​ច្រើន​ឡើយ​»​៕
2

ប្រភព​ព័ត៌​មាន៖ The Guardian