អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង និង​មួយ​ខ្នង​ទៀត​ឆេះ​អស់​មួយ​ចំហៀងបណ្តាល​មកពី​ភ្លើងចង្ក្រាន ដែល​បាន​ដាំ​រួច​មិនបាន​ពន្លត់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​កោះ​ត្រឡាច សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ផ្ទះ​ដែល​រង​ការឆាបឆេះ​ទាំងស្រុង​នេះ មាន​ម្ចាស់​ឈ្មោះ​ តា ហៀន​ ប្រពន្ធ​ឈ្មោះ​ ព្រុំ ភី ​មាន​ទទឹក​៧​ម បណ្តោយ​១១​ម ធ្វើ​ពី​ឈើ ជញ្ជាំង​ស្លឹក ដំបូល​ស័ង្កសី រង​ការខូចខាត​ទាំងស្រុង​។ 

​    ​ដោយឡែក​ផ្ទះមួយ​ផ្សេងទៀត​នៅជាប់​គ្នា​នោះ ដែលមាន ម្ចាស់​ឈ្មោះ ​​ទេព សួង​ ​អាយុ​៦០ ប្រពន្ធ​ឈ្មោះ​ ហុង កន​ អាយុ​៥៧​ឆ្នាំ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ដែលមាន​ទទឹក​៦​ម៉ែត្រ និង​បណ្ដោយ​១៤​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់​១​ចំហៀង និង​រង​ការខូចខាត​សម្ភារៈ​ក្នុងផ្ទះ​អស់​១​ចំនួន​ធំ​។ 

​    ​ប្រភពពី​ស្ត្រី​ម្នាក់​​បាន​រៀបរាប់​ទាំង​ក្តី​រន្ធត់​ថា ខណៈ​ភ្លើង​កំពុង​ឆេះ នាង​បាន​ដេក​លង់លក់​នៅក្នុង​បន្ទប់ ជាមួយ​កូនតូច​។ ក្រោយមក​បានឮ​សំឡេង​ផ្ទុះ ក៏​ឆោឡោ​ភ្ញាក់ឡើង​ឃើញ​ភ្លើង​ឆេះ​ពេញ​ក្នុង​បន្ទប់​របស់គាត់​បាត់ទៅ​ហើយ​។ ពេលនោះ​គាត់​បាន​ស្ទុះ​ទៅ​ពន្លត់ តែដោយសារ​ភ្លើង​ឆេះ​ខ្លាំងពេក​ទើប​គាត់​បីកូន​តូច​រត់​ចុះមក ក្រោម​ស្រែក​ឲ្យ​គេ​ជួយ​។ 

​    ​ប្រភព​ដដែល​បន្តថា ក្នុងពេល​ភ្លើង​កំពុង​ឆាបឆេះ គ្មាន​នរណាម្នាក់​នៅលើផ្ទះ​នោះឡើយ មានតែ​គាត់​និង​កូន​តែប៉ុណ្ណោះ​។ ភ្លាមនោះ​ផងដែរ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​ខាង​បាន​នាំ​រត់​ជួយ​ពន្លត់ និង​ខ្លះទៀត​ទៅប្រាប់​សមត្ថកិច្ច ខ្លះទៀត​បាន​ទូរស័ព្ទ​ហៅ​ឡានទឹក ជួយ​អន្តរាគមន៍​។ 

​     ប្រភពពី​សមត្ថកិច្ច ដែល​ស្ថិតក្នុង​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​បញ្ជូនរ​ថ​យន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ នៅពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅដល់​ផ្ទះ​១​ខ្នង​ឆេះ​ខ្ទេច​អស់​ទៅហើយ ក្នុងនោះ​ផ្ទះ​១​ខ្នង​ទៀត​ជាប់​គ្នា​ត្រូវ​ជួយ​សង្គ្រោះបាន​ពាក់កណ្ដាល​។ 

​    ​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​៣​គ្រឿង និង​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​សត្វ​នោះឡើយ តែ​អ្វីដែល​សំខាន់​ទំហំ​នៃ​ការ​ខូច​ខាត់​អស់ទ្រព្យ​សម្បត្តិ​មួយចំនួនធំ គ្មាន​សល់​។ បើតាម​ការសន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច បណ្ដាល​មក​មកពី​ទុស្សេ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​។ ប្រភព​ដោយឡែក មួយ​ផ្សេងទៀត​បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​អគ្គិភ័យ​នេះ​បង្ក​មកពី​ភ្លើងចង្ក្រាន ដែល​បាន​ដាំ​រួច​មិនបាន​ពន្លត់​។​

​      គួរ​បញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ​កើតមានឡើង​ស្ទើរតែ​រៀងរាល់ឆ្នាំ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​សម្ភារៈ​ទ្រព្យសម្បត្តិ និង​មានការ​បាត់បង់​អាយុជីវិត​។ សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​សូម​ធ្វើការ​អំពាវនាវ​ទៅកាន់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ព្រោះ​រដូវ​នេះ ជា​រដូវរំហើយ មុនពេល​ចាកចេញ​ដំណើរ​ទៅកាន់​កន្លែង​ផ្សេង​ត្រូវ​បិទ​បារ៉ែត​ភ្លើង និង​មានទឹក​ដាក់​ក្នុង​ពាង ឬ​បំពង់​ពន្លត់​អគ្គិភ័យ​ទុក​សម្រាប់​ការពារ​៕

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង
អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង
អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង
អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​នៅ​សង្កាត់​ផ្សារឆ្នាំង