ញ័រ​ដើមទ្រូង​គួរ​ជួប​ពេទ្យ​ដែរ​ទេ​?

ញ័រ​ដើមទ្រូង​គួរ​ជួប​ពេទ្យ​ដែរ​ទេ​?

​ការ​ញ័រ​ដើមទ្រូង​អាច​បណ្តាលមកពី​អា​ការៈស្ត្រេស ហាត់ប្រាណ ការប្រើប្រាស់​ថ្នាំ ឬ​ជំងឺ​ណាមួយ តែ​កម្រ​ណាស់​។ ​ទោះបីជា​ការ​ញ័រ​ដើមទ្រូង​អាចជា​រឿង​គួរឱ្យ​បារម្ភ​ក៏ដោយ ក៏​វា​ច្រើន​តែ​គ្មាន​បង្ក​គ្រោះថ្នាក់​អ្វី​ដែរ​។ ស្ថិត​ក្នុង​ករណី​ដែល​កម្រ​នោះ​គឺថា ការ​ញ័រ​ដើមទ្រូង​អាចជា​រោគសញ្ញា​នៃ​ជំងឺ​បេះដូង​ដ៏​ធ្ងន់ធ្ងរ​ដូចជា បេះដូង​ដើរ​ខុស​ចង្វាក់​ដែល​ត្រូវការ​ការព្យាបាល​។

​ការ​ញ័រ​ដើមទ្រូង​អាចឱ្យ​អ្នក​យល់​ថា​បេះដូង​កំពុងតែ​៖
•​    ​ឈប់​ដើរ​
•​    ​ញ៉ាក់​ខ្លាំង​
•​    ​ដើរ​លឿន​ពេក​
•​    ​ច្របាច់​ខ្លាំង​ជាង​ធម្មតា​

អ្នក​ប្រហែលជា​យល់​ថា ការ​ញ័រ​ដើមទ្រូង​នោះ​កើតឡើង​ក្នុង​បំពង់ក ឬ​ក ព្រមទាំង​ទ្រូង​ផង​។ ការ​ញ័រ​ដើមទ្រូង​អាច​កើតឡើង​មិន​ខ្វល់​ថា​អ្នកធ្វើ​សកម្មភាព ឬ​សម្រាក ឈរ អង្គុយ ឬ​គេង​ឡើយ​។

ការ​ញ័រ​ដើមទ្រូង​ដែ​ល​កើតឡើង​មិន​ញឹកញាប់ និង​យូរ​បំផុត​ពីរ​បី​វិនាទី​នោះ គឺ​មិនបាច់​វាយតម្លៃ​អ្វី     ឡើយ​។ បើសិន​ជា​អ្នក​មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង និង​ឧស្សាហ៍​ញ័រ​ដើមទ្រូង ឬ​ញ័រ​ដើមទ្រូង​កាន់តែខ្លាំង គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ គាត់​អាច​នឹង​ណែនាំ​ឱ្យ​ធ្វើតេស្ត​តាមដាន​បេះដូង​ដើម្បីឱ្យ​ច្បាស់​ថា ការ​ញ័រ​ដើមទ្រូង​របស់​អ្នក​បណ្តាល​មកពី​បញ្ហា​បេះដូង​ធ្ងន់ធ្ងរ​ដែរ​ឬ​អត់​។

ចូរ​ស្វែងរក​ការព្យាបាល​បន្ទាន់​បើសិនជា​ការ​ញ័រ​ដើមទ្រូង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ដូច​ខាងក្រោម​នេះ​៖
•​    ​មិន​ស្រួល​ក្នុង​ទ្រូង ឬ​ឈឺទ្រូង​
•​    ​ខ្យល់គរ​
•​    ​ពិបាក​ដកដង្ហើម​ខ្លាំង​
•​    ​វិលមុខ​ខ្លាំង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។