ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ មាន​ការ​ពេញ​និយម​កម្រិត​ណា?

ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ មាន​ការ​ពេញ​និយម​កម្រិត​ណា?

នៅ​លើ​អ៊ីនធឺណិត​ជាពិសេស​បណ្ដាញ​សង្គម Facebook ឃើញ​ថា​ការ​ប្រើប្រាស់​ភាសាខ្មែរ​កាន់​តែ​ច្រើន​ឡើង ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែ​មាន​ទំនោរ​ទៅ​លើ​ការ​ប្រើប្រាស់​ភាសាបរទេស។

 

ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ មាន​ការ​ពេញ​និយម​កម្រិត​ណា?

 

កំពុង​អង្គុយ​នៅ​ក្នុង​ចំណត​រថយន្ត​ក្រុង​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​កញ្ញា ស្រី​ពេជ្រ បាន​ប្រាប់ Sabay ថា កញ្ញា​មិន​សូវ​បាន​ប្រើប្រាស់​ភាសាខ្មែរ​ច្រើន​ទេ​នៅ​លើ​អ៊ីនធឺណិត ភាគច្រើន​ប្រើប្រាស់​ភាសា​អង់គ្លេស​។

 

កញ្ញា​បន្ត​ថា កញ្ញា​និយម​ប្រើប្រាស់​ភាសា​អង់គ្លេស​សម្រាប់​ការ​សរសេរ​និង​ទំនាក់ទំនង​គ្នា ដោយសារ​ភាសា​អង់គ្លេស​ការ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល លឿន​​មិន​សូវ​ស្មុគស្មាញ។ ដូច​នៅ​លើ​បណ្ដាញ​សង្គម ការ​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​​ប្រើអក្សរ​ឡាតាំង ភាសា​អង់គ្លេស​សំនៀង​ខ្មែរ​ឬ​ភាសា​សាមញ្ញ​ហៅ​ថា​សីងខ្មែរ។

 

លើក​ហេតុផល​ដូច​កញ្ញា​ស្រីពេជ្រ​ដែរ សម្ជស្ស និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ និយាយ​ថា​ កញ្ញា​ចូលចិត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាង​ភាសាខ្មែរ ដោយសារ​ភាសា​ខ្មែរ​មាន​ភាព​ស្មុគស្មាញ និង​ការ​ប្រើប្រាស់​មិន​សូវ​លឿន​ទាន់​ចិត្ត។

 

យ៉ាង​ណា បញ្ញា យុវជន​មួយ​រូប​ទៀត​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ពី​ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ថា លោក​ចូលចិត្ត​ប្រើ​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត។

 

យុវជន​រូប​នេះ​បន្ត​ថា លោក​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឲ្យ​ពលរដ្ឋ​ងាក​មក​គាំទ្រ​និង​ចូលរួម​ប្រើប្រាស់​ភាសាខ្មែរ​ឲ្យ​បាន​កាន់​តែ​ច្រើន​ទាំង​នៅ​លើ​ Facebook លើ​បណ្ដាញ​សង្គម​ផ្សេងៗ និង​នៅ​លើ​អ៊ីនធឺណិត ដើម្បី​បង្ហាញ​ពី​ការ​ស្រលាញ់​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្តល់​តម្លៃ​ធ្វើ​ឲ្យ​អក្សរសាស្ត្រ​ជាតិ​មាន​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ។

 

ចំណែក​លោក​ពូ វុធ​ ដែល​កំពុង​អង្គុយ​លេង​អ៊ីនធឺណិត​នៅ​​ក្បែរ​សាលា​ពេទ្យ​ប្រាប់ Sabay ថា៖ “ខ្ញុំ​មិន​ចេះ​អង់គ្លេស​ទេ ដូច្នេះ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ជា​ជម្រើស​របស់​ខ្ញុំ”។

 

លោក​ក៏​សំណូម​ពរ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក៏​ដូចជា​អ្នក​លេង Facebook ព្យាយាម​ប្រើប្រាស់​អក្សរ​​ខ្មែរ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ក៏​ដូចជា​ចូលរួម​ចំណែក​លើក​កម្ពស់​មុខមាត់​អក្សរសាស្ត្រ​ជាតិ។

 

ជាក់​ស្ដែង​ មាន​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ Facebook ជាច្រើន​ក៏​មាន​ការ​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​ រួម​គ្នា​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន​ ចៀសវាង​សរសេរ​អក្សរ​បរទេស​ជា​សំនៀង​ខ្មែរ​ក្នុង​ Facebook។

 

បន្ត​អាន៖ ស្ថាបនិក​ខ្មែរ​យូនីកូដ​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​អស់​លទ្ធភាព

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ មាន​ការ​ពេញ​និយម​កម្រិត​ណា?