​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុងតឺន័រ​​ឈប់​​អត់​ដាក់​ភ្លើង​សញ្ញា​រង​របួសម្នាក់​​

​រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​ចត​អត់​​ស្លាក​សញ្ញា​ និង​ភ្លើង​បំភ្លឺ​ ត្រូវ​​​អ្នក​រត់​ម៉ូតូឌុប​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​រង​របួស​​រយះ​ចង្កា​ដេរ​៨​ថ្នេរ ​កាល​ពី​​វេលា​ម៉ោង៨​និង​៤០​នាទី​យប់ថ្ងៃ​ទី​១ ​​វិ​ច្ឆិ​កា ​​នៅ​តាម​ផ្លូវ​បេតុង​ព្រៃ​ស សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។

ជន​រង​គ្រោះ​ ឈ្មោះ ខេ​ង សៅ ​អាយុ​៣៥​ឆ្នាំ ​ជា​អ្នក​​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​​នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ពោធិ​អង្គ្រង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​​ ​ម៉ូតូម៉ាក​ហុងដា​ឌ្រី​ម ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខភ្នំពេញ​១D-៥៣១៦ ​ជិះ​គ្នា​២នាក់​ក្នុង​ស្ថាន​ភាពស្រវឹង​ ធ្វើ​ដំណើរតាម​ផ្លូវ​បេតុង​ព្រៃ​ស ទិស​ដៅ​ពី​លិចទៅ​កើតក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​កន្លែង​កើតហេតុក៍​ជ្រុល​ទៅ​បុក​​រថយន្ត​សន្តោង​កន្ទុយ​រ៉ឺ​ម៉ក​ម៉ូតូ​អត់​មាន​ទូ​​កុងតឺ​ន័​រ ម៉ាក​OHLH ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​៣A-២១៤៩ ជា​រថយន្ត​របស់​ក្រុមហ៊ុន​​មួយ ដែល​ឈប់​ចត​អត់​មាន​ភ្លើង​សញ្ញា​​សម្គាល់​​ ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​​រង​របួស​រយះ​ចង្កា​ត្រូវ​មិត្ត​ភ​ក្ក្រ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យបង្អែក​ចំការ​ដូង​ដេរ​ចំនួន​៨​ថ្នេរ រីឯ​អ្នក​ជិះ​ក្រោយ​រង​របួសស្រាល​មិន​បាន​ទៅ​ពេទ្យ ចំណែក​ម៉ូតូ​ខូច​ផ្នែក​ខាង​មុខ និង​បែក​ក្បាំង​ទាំ​សងខាង​ ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើករថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន បន្ទាប់​មក​ទើប​មាន​តំណាង​ភាគី​ទាំង​សងខាង​ធ្វើការ​ចរចា​គ្នា ភាគី​ខាង​ម៉ូតូ​​ទារសំណង​​ចំនួន​​៧០០​ដុល្លារ តែ​ភាគី​ខាង​រថយន្ត​សុំ​សង​១០០​ដុល្លា​រ ដើម្បី​បញ្ចប់រឿង ៕