សាលា​បឋម​សិក្សា​ជ័យ​ជំនះ​បើក​បវេសនកាល​ឆ្នាំ​សិក្សា២០១៥-២០១៦

រាជធានី​ភ្នំពេញ ៖ ដូច​គ្រឹះស្ថានសាធារណៈ​នានា​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា សាលា​បឋម​សិក្សា​ជ័យ​ជំនះ បាន​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៥-២០១៦ ក្រោម​បរិយាកាស​រីករាយ ដោយ​មានការ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​ចៅសង្កាត់​បឹង​កេងកង​ទី​៣ តំណាង​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ប្រធាន​គណៈកម្មការ​ទ្រទ្រង់​សាលា និង​តំណាង​អង្គការ​ផ្ទះបាយ​កុមារ ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស ។

លោកស្រី ទឹម សុខា នាយិកា​សាលា​បាន​អាន​របាយការណ៍​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ សាលា​មាន​សិស្សានុសិស្ស​សរុប​ចំនួន ៩០៩​នាក់ និង​បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ តុលា រហូត​មក​ដល់​ពេល​នេះ សាលា​ចុះ​ឈ្មោះ​សិស្ស​បាន​ចំនួន ១៩២​នាក់ ក្នុង​នោះ​ថ្នាក់​ទី​១​ចំនួន ១៤៤​នាក់ ម​ត្តេ​យ្យ ៣៣​នាក់ ។ លោកស្រី​បន្ត​ថា នៅ​ឆ្នាំ​សិក្សា​២០១៤-២០១៥ កន្លង​ទៅ​នេះ សាលា​បាន​បញ្ជូន​សិស្ស​ពូកែ​លើ​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ​អនុវត្ត​ម្នាក់ ចូលរួម​ប្រឡង​នៅ​ថ្នាក់​មន្ទីរ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ ហើយ​ត្រៀមប្រឡង​ក្នុង​តំបន់​អាស៊ាន​ក្នុង​ពេល​ខ្លី​ខាង​មុខ​នេះ នៅ​ប្រទេស​ថៃ ។ 

លោក ព្រំ សុ​ខឿន ចៅសង្កាត់​បឹង​កេងកង​ទី​៣ បាន​ឡើង​អាន​សារលិខិត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ឆ្លុះ​បញ្ចាំង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​លើ​វិស័យ​អប់រំ ដែល​មានការ​កែទម្រង់​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រឡង​បាក់​ឌុ​ប​កន្លង​មកនេះ ។ សារលិខិត​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី បាន​វាយតម្លៃ​ថា ថ្ងែ​ទី​១ ខែវិច្ឆិកា គឺជា​ការ​បើក​ទំព័រ​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​សិស្ស​គ្រប់​គ្នា​បន្ត​ការ​សិក្សា​របស់​ខ្លួន​ទៅ​ថ្នាក់ខ្ពស់​បន្ត​ទៀត ហើយ​ក៏​ជា​ថ្ងៃ​ចាប់ផ្ដើម​ជីវិត​សិក្សា​ដំបូង​សម្រាប់​កុមារ​ដែល​គ្រប់​អាយុ​ត្រូវ​ចូល​រៀន ។

ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​ចែក​អំណោយ​ជា​និមិត្តរូប​សម្រាប់​សិស្ស​ក្រីក្រ និង​ការ​ចែក​សម្ភារ​សិក្សា និង​សម្លៀក​បំពាក់​ផង​ដែរ​ដែល​ទទួល​បាន​ពី​សប្បុរសជន និង​អង្គការ​នានា ៕