អតីត​​​ជម្រើស​ជាតិ​អត្តពលកម្ម ​​ចាន់ សីហា ​ជឿ​ថា ​​​​វ៉ូវីណាម​ងាយ​​យក​មេដាយ​​ជាងរត់​ប្រណាំង​


អតីត​​​ជម្រើស​ជាតិ​អត្តពលកម្ម ​​ចាន់ សីហា ​ជឿ​ថា ​​​​វ៉ូវីណាម​ងាយ​​យក​មេដាយ​​ជាងរត់​ប្រណាំង​

​​អតីត​​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​​​អត្តពលកម្ម​​​ និង​​បច្ចុប្បន្ន​ជម្រើស​ជាតិ​កីឡា​វ៉ូវីណាម​ ចាន់ សីហា ​ជឿ​​ថា​ ​កីឡា​វ៉ូវីណាម​ងាយ​ស្រួល​ក្នុង​ការ​ប្រជែង​យក​មេដាយ​ជូន​ជាតិ​ជាង​កីឡា​រត់​ប្រណាំង​ ទើប​​ធ្វើ​ឲ្យ​នាង​ងាក​មក​ចាប់​អាជីព​​កីឡា​ថ្មី។

 

កីឡា​ការិនី​ ចាន់ សីហា ម្ចាស់​មេដាយ​មាស​កីឡា​វ៉ូវីណាម​ថ្នាក់​ជាតិ​​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​​ថា ​​រូប​នាង​បាន​​​ដក​​ខ្លួន​ពី​អត្តពលកម្ម​​មក​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​ក្នុង​ក្លិប​អាស៊ីអឺរ៉ុប​​​កាល​ពី​ដើម​​ឆ្នាំ​២០១៥​ នេះ​ ​និង​​​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ​លើក​ទី​មួយ​ប៉ុណ្ណោះ​​​​ ក៏​ឈ្នះ​បាន​មេដាយ​មាស​ជួន​សាកល​​​​វិទ្យាល័យ​របស់​​ខ្លួន​តែ​ម្ដង​។ ការ​ចាប់​ផ្ដើម​អាជីព​កីឡា​ថ្មី​​ដែល​ចូល​ហ្វឹកហាត់​​ក្នុង​ក្លិប​កីឡា​វ៉ូវីណាម​អាស៊ីអឺរ៉ុប​ មិន​ទាន់​បាន​មួយ​ឆ្នាំ​​ស្រួល​បួល​ ហើយ​អាច​ដណ្ដើម​បាន​មេដាយ​មាស​បែប​នេះ​ធ្វើ​ឲ្យ​នាង​មាន​ទំនុក​ចិត្ត​ថា​​កីឡា​វ៉ូវីណាម​​ងាយ​ស្រួល​​ប្រជែង​​យក​មេដាយ​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាង​កីឡា​អត្តពលកម្ម​។

 

អតីត​​​ជម្រើស​ជាតិ​អត្តពលកម្ម ​​ចាន់ សីហា ​ជឿ​ថា ​​​​វ៉ូវីណាម​ងាយ​​យក​មេដាយ​​ជាងរត់​ប្រណាំង​

លោក ស៊ាង សុវណ្ណ ឡើង​បំពាក់​មេដាយ​​​ជួន​កីឡា​ការិនី​វ៉ូវីណាម​​

 

​កីឡាការិនី​រូប​នេះ​បន្ត​ថា ​ក្លិប​​កីឡា​វ៉ូវីណាម​​​អាស៊ីអ៊ឺរ៉ុប​ ដែល​មាន​លោក​ ពៅ ហុក ជា​គ្រូ​បង្ហាត់​​បាន​យក​ចិត្ត​ទុក​ដាក់​​បណ្ដុះបណ្ដាល​ដល់​នាង​ ព្រម​ទាំង​ចូល​រួម​ផ្ដល់​ដំបូន្មាន​ល្អ​ៗ ​ខាង​ផ្នែក​កីឡា​នេះ​ដល់​​កញ្ញា​​ ទើប​ធ្វើ​ឲ្យ​ការ​ចាប់​ផ្ដើម​កីឡា​ថ្មី​របស់​ខ្លួន​បាន​​ច្បាស់​​លាស់​ និង​អាច​ដណ្ដើម​បាន​មេដាយ​មាស​។ ​កីឡា​ការិនី​ ចាន់ សីហា ធ្លាប់​ចូល​រួម​ប្រកួត​​​អត្តពលកម្ម​​លើ​ឆាក​អន្តរជាតិ​​ចំនួន ១០ប្រទេស​រួច​មក​ហើយ​ ប៉ុន្តែ​មិន​​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​ម្ដង​ណា​ឡើយ ដោយ​ឡែក​ការ​ចាប់​ផ្ដើម​កីឡា​ថ្មី​​នេះ​ធ្វើ​ឲ្យ​នាង​គិត​ថា​ នឹង​អាច​ដណ្ដើម​បាន​មេដាយ​​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ ដូច​ជា​ស៊ីហ្គេម​​ជួន​ប្រទេស​កម្ពុជា​បាន។

 

​ស្រប​ពេល​លោក​ ​ស៊ាង សុវណ្ណ​ ប្រធាន​រដ្ឋបាល​ និង​បុគ្គលិក​របស់​សកល​វិទ្យាល័យ​អាស៊ីអ៊ឺរ៉ុប​បាន​ឲ្យ​ដឹង​ដែរ​ថា ក្លិប​កីឡា​វ៉ូវីណាម​សកល​វិទ្យល័យ​អាស៊ីអឺរ៉ុប​បាន​បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ២០០៦ ​មក​ម៉្លេះ​ ប៉ុន្តែ​ទើប​តែ​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​​ជា​លើ​ក​ទី១។ ក្លិប​របស់​លោក​​ នឹង​រៀប​ចំ​ចូល​រួម​ប្រកួត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​​ ព្រម​ទាំង​​​សន្យា​ថា ​នឹង​ធ្វើ​ឲ្យ​​​​កីឡាករ​ក្នុង​ក្លិប​វ៉ូវីណាម​អាស៊ីអ៊ឺរ៉ុប​ដណ្ដើម​បាន​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗដូច​ជា​ស៊ីហ្គេម​​ជូន​ប្រទេស​ជាតិ​ឲ្យ​បាន​។

 

ចំណែក​លោក ពៅ ហុក​ គ្រូ​បង្ហាត់​កីឡា​វ៉ូវីណាម​ក្លិប​អាស៊ីអឺរ៉ុប​បាន​ឲ្យ​ដឹង​ដែរ​ថា ​ក្លិប​របស់​លោក​មាន​កីឡា​​ និង​កីឡា​ការិនី​ចំនួន​១១ នាក់​ ដែល​បាន​ចូល​រួម​ប្រកួត​កីឡា​វ៉ូវីណាម​ដណ្ដើ​ម​ជើងឯក​ថ្នាក់​​ជាតិ​ក្នុង​ឆ្នាំ​២០១៥ នេះ​ក្នុង​នោះ​រួម​មាន​កីឡាករ-កីឡាការិនី​ចំនួន ៤ រូប​សុទ្ធ​តែ​ជា​អតីត​ជម្រើស​ជាតិ​​អត្តពលកម្ម​​កម្ពុជា​​រួម​មាន កីឡា​ការិនី​ ចាន់​ សីហា ​កីឡាការិនី ម៉ៅ​នីតា កីឡាករ​​​ ពេជ្រ ជុំ​នោ និង​និង​កីឡាករ ​​ម៉ៅ តុលា៕

 

​អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​

​​​​​​​​​​​