រលំអគារ​ពីរ​ខ្នង​នៅខេត្តហៃណា ប្រទេសចិន បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ចំនួន​១៧នាក់

ហៃណា៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ថា មានករណីដួលរលំអគារចំនួន០២ខ្នង នៅភាគកណ្តាល ខេត្តហៃណាន ប្រទេសចិន ដែលហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃសុក្រម្ល៉េះ បណ្តាល ឲ្យកម្មករចំនួន១៧នាក់បាត់បង់ជីវិត និង២៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ។

ប្រភពព័ត៌មានបានចុះផ្សាយថា ហេតុការណ៍នៃការដួលរលំអគារចំនួន០២ខ្នង គឺបានកើតឡើង ដោយស្ថិតនៅក្នុងតំបន់មួយឈ្មោះថា Wuyang ក្នុងទឹកដីខេត្តហៃណាន ហើយមុនពេលអគារនោះបានដួលរលំ និងសង្កត់ មកលើកម្មករ និងបានបណ្តាលឲ្យស្លាប់នោះ គឺក្រុមកម្មករបាននឹងកំពុងធ្វើការជួសជុលអគារនោះឯង ។

បើតាមសម្តីរបស់ក្រុមកម្មករដែលនៅទីនោះបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងភ្លាមៗ ដោយទាំងអស់គ្នាមិនបាន ដឹងអំពីមូលហេតុដួលនោះទេ តែគ្រាន់តែដឹងថា វាជាអគារចាស់ដែលត្រូវបានតម្រូវឲ្យជួសជុលឡើងវិញ។

គេបានដឹងថា កម្មករដែលមកធ្វើការនោះភាគច្រើនជាអ្នកស្រែចំការ ហើយពួកគេមករកការងារធ្វើ និងមិនមានជំនាញខាង សំណង់នោះពិតប្រាកដឡើយ ព្រោះតែការរកកម្រៃ ទើបពួកគេចូលរួមធ្វើជាកម្មករតែម្តងទៅ ។

តាមការអះអាងពីប្រភពព័ត៌មានមួយទាក់ទិននឹងអគារដែលបានដួលរលំនោះ គឺថា អគារទាំងនោះជាសំណង់ដែលបាន សាងសង់ឡើងតាំងពីឆ្នាំ១៩៩០ ហើយត្រូវបានធ្វើការជួសជុលឡើងវិញ ។

មានសេចក្តីរាយការណ៍មួយផ្សេងទៀតថា កាលពីខែឧសភា កន្លងមកនេះ មានករណីគ្រោះអគ្គីភ័យកើតឡើង ដោយ បណ្តាលឲ្យឆេះអគារមួយកន្លែងនៅខេត្តខាងលើនេះ ដោយការសន្និដ្ឋានទើបដឹងថា ជាអគារចាស់ៗ ហើយអគ្គីភ័យនោះ បានកើតឡើងដោយសារចរន្តអគ្គីសនីដែលខូចដែលគេបង្កប់ក្នុងសំណង់អគារ ហើយបង្កជាអគ្គីភ័យកើតឡើង បណ្តាល ឲ្យមានអ្នកស្លាប់រហូតដល់៣៨នាក់ ។

ប្រភពព័ត៌មានមួយចំនួនទាក់ទិននឹងការវិភាគមួយ ស្តីអំពីគុណភាពអគារ ភាគច្រើននៅក្នុងប្រទេសចិន គឺមានវ័យចំណាស់ៗច្រើនកន្លែងណាស់ ហើយមិនទាន់ដឹងច្បាស់ថា រដ្ឋាភិបាលពិចារណាថាគួរកៃលំអ ឬក៏រៀបចំឲ្យបាន រឹងមាំ និងស្របតាមបច្ចេកទេស នាពេលអនាគតនោះ មិនទាន់ដឹងនៅឡើយទេ ៕

រលំអគារ​ពីរ​ខ្នង​នៅខេត្តហៃណា ប្រទេសចិន បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ចំនួន​១៧នាក់