លោក កឹម សុខា បញ្ជាក់ថា​អំពើហិង្សា​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ធ្វើ​សកម្មភាព​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ថ្លែងថា ជុំវិញ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន អ្វីដែល​យើង​គួរ​យកចិត្តទុកដាក់​នោះ​គឺ ការទាមទារ​ឲ្យ​មានការ​ស៊ើ​អង្កេត​មួយ​ដែល​អាច​ជឿ​ទុកចិត្តបាន ពោលគឺ​ត្រូវធ្វើឡើង​ដោយ​ឯករាជ្យ អព្យាក្រឹត និង​ទាន់ពេលវេលា ដើម្បី​វែកមុខ​រក​ជនដៃដល់​ដែលជា​អ្នក​ប្រ​ព្រឹ​ត្ដ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង ដែល​បានរៀបចំ​ឲ្យ​មាន​អំពើហិង្សា​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន និង លោក គង់ សភា យកទៅ​ផ្តន្ទាទោស​ឲ្យ​បាន​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បន្តថា សមត្ថកិច្ច​រាជរដ្ឋាភិបាល​ក៏ត្រូវ​ទទួលខុសត្រូ​ក្នុងការ​ខកខាន​មិនបាន​បំពេញភារកិច្ច​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ការពារ​សុវត្ថិភាព​ដល់​អ្នកតំណាង​រាស្ត្រ​ផងដែរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដែល​អំពើ​ឃោរឃៅ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាចធ្វើ​សកម្មភាព​តាម​តួនាទី​របស់ខ្លួន​បាន​ប្រសិន​បរិយាកាស​នយោបាយ​ដ៏​អាក្រក់​នេះ​នៅតែ​បន្ត​។ ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ឲ្យ​ប្រើប្រាស់​តួនាទី​របស់ខ្លួន​យ៉ាងខ្លាំង​ក្លា ក្នុងការ​ជំរុញ​រាជរដ្ឋាភិបាល​ឲ្យ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង ធ្វើ​ឲ្យ​មានការ​ធានា​នូវ​សុវត្ថិភាព សេរីភាព របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុងការ​បំពេញ​តួនាទី​របស់ខ្លួន​ដោយ​គ្មាន​ការភ័យខ្លាច និង​ការបំភិតបំភ័យ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​បានលើកឡើង​ថា អ្វីដែល​សំខាន់​នោះ គឺ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហាក់ដូចជា​ចង់រក​លេស​ប្រើ​អំពើហិង្សា​កាន់តែច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន និង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ចៀសវាង​ការបោះឆ្នោត​ខាងមុខ​។ បំណង​បែបនេះ​ឃើញ​កាន់តែច្បាស់ តាំងពី​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្មី​មួយ​ដែល​ប្រជាពលរដ្ឋ​អាច​ជឿ​ទុកចិត្តបាន ពីព្រោះ​បើ​មានការ​បោះឆ្នោត​ដ៏​ត្រឹមត្រូវ គណបក្ស​របស់លោក ហ៊ុន សែន មិនអាច​ឈ្នះឆ្នោត​បានទេ នៅ​ឆ្នាំ ២០១៧ គឺ​បោះឆ្នោត​ឃុំ​-​សង្កាត់ និង ឆ្នាំ ២០១៨ ជាការ​បោះឆ្នោត​ថ្នាក់ជាតិ​៕

19923_1222901171060513_5423795579255625538_n - Copy 19923_1222901171060513_5423795579255625538_n