កាត់ទោស​ប្រហារជីវិត​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់ តុលាការ​រាស្ត្រ​ចោមរោម​វាយដំ​ដោយ​ការ​ស្អប់ខ្ពើម

កាត់ទោស​ប្រហារជីវិត​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់ តុលាការ​រាស្ត្រ​ចោមរោម​វាយដំ​ដោយ​ការ​ស្អប់ខ្ពើម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​តុលាការ​ប្រជាជន​កាត់ទោស​ប្រហារជីវិត​នៅ​នឹង​កន្លែង ក្រោយ​ពេល ក្រុម​ជន​នេះ​ធ្វើ​សកម្មភាព​លួច​កាច់​សោ.​ក​ម៉ូតូ​១​គ្រឿង ពី​ភូមិសាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ដល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន ក៏​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង និង​ខ្លះ​ប្រើ​ដំបង​និង​ដុំ​ថ្ម​វាយ​សំពង រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ។

ជនសង្ស័យ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ ប្រហារជីវិត​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ឡើង​តែមប្រិ៍​ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​កោះកុង​1A-0559 ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ ប៊ូ ប៊ុ​ន​ធួន អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ម៉ូតូ​នេះ​ត្រូវ​បាន​ដកហូត​មក​វិញ ចំណែក​បក្សពួក​ចោរ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​វ៉េវ​១​គ្រឿង បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ទៅ​ច្រូតស្មៅ​នៅ​វាលស្រែ​ដើម្បី​យក​ឲ្យ​គោ​ស៊ី លុះ​ច្រូត​បាន​ហើយ ប្រពន្ធ​របស់​គាត់​បាន​ជិះ​ម៉ូតូ​ខាងលើ​ទៅ​ដឹក​ស្មៅ​ក្នុង​បំណង​យក​ទៅ​ផ្ទះ ។ ពេល​ទៅ​ដល់​ប្រពន្ធ​គាត់​បាន​ទុក​ម៉ូតូ​នៅ​លើ​ខ្នង​ប្រឡាយ រួច​ដើរទៅ​លើក​ស្មៅ​គោ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ម៉ូតូ​ឡើយ ។

គ្រាន់តែ​ដើរ​ចេញ​ផុត​ពី​ម៉ូតូ​បាន​បន្តិច ស្រាប់តែ​ជនសង្ស័យ​ខាងលើ និង​បក្សពួក​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ទៅ​ឈប់​ជិត​នោះ រួច​ជន​ម្នាក់​ដែល​ត្រូវ​វាយ​ស្លាប់​នេះ បាន​ដើរ​ចូល​ទៅ​កាច់​សោ​.​ក​ម៉ូតូ និង​ឡើង​ជិះ​។ ពេល​នោះ​ប្រពន្ធ​គាត់​ឃើញ​ទាន់ ក៏​បាន​ស្រែក​ឆោឡោ និង​រត់​ចូល​ទៅ​ជិត​ប្រតាយ់​យក​ម៉ូតូ​មក​វិញ ក្នុង​ពេល​ដែល​ចោរ​ប្រុង​ជិះ​ចេញ ។

ប៉ុន្តែ​ជន​នោះ​បាន​ចង្អុលមុខ​និង​គំរាម​សម្លាប់​ព្រមទាំង​យកដៃ​ធ្វើ​ជា​លូក​ចង្កេះ​ដូច​ជា​ចង់​យក​កាំភ្លើង​បាញ់ ទើប​ប្រពន្ធ​គាត់​ថយក្រោយ ហើយ​ចោរ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្ដង ។ ទោះបី​បែប​ណា ប្រពន្ធ​គាត់​នៅ​តែ​បន្ត​ស្រែ​កថា ចោរ​ៗ​ដដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ និង​អ្នក​ភូមិ​ជួយ​ដេញ​តាម​បណ្ដើរ​ប្ដឹង​នគរបាល​បណ្ដើរ ។

ដោយឡែក សាច់ញាតិ​ម្ចាស់​ម៉ូតូ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ជួយ​ដេញ​តាម​ចោរ​បណ្ដើរ​ស្រែក​បណ្ដើរ រីឯ​នគរបាល​ក៏​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ឲ្យ​តាម​បណ្ដា​គោលដៅ​នានា ជួយ​ចេញ​ស្ទាក់ ។ ពេល​នោះ​កម្លាំង​ប្រជា​ការពារ​និង​អ្នក​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​គ្នា​ចេញ​ស្ទាក់  ដោយ​យក​រនាំង​ដែក​ដាក់​កាត់​ទទឹង​ផ្លូវ ។ លុះ​ប្រមាណ​២​ទៅ​៣​នាទី​ក្រោយមក ជនសង្ស័យ​ខាងលើ​ដែល​ជិះ​ម៉ូតូ​ដែល​លួច​កាច់​សោ​.​កបាន​នោះ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទៅ​ដល់​ជាន់​ហ្វ្រាំង​មិន​ទាន់ ក៏​បុក​រនាំង​ដែក​បណ្ដាល​ឲ្យ​ដួល​ទៅ​មុខ​លែង​រួច ។ ខណៈនោះ ជន​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ក្រុម​អ្នក​ភូមិ​ដេញ​តាម​ចាប់​បាន និង​ព្រួត​វាយ​រហូត​ដល់​អស់​ដង្ហើម​ដក ។

ដោយឡែក ស្ត្រី​២​នាក់​ដែល​ត្រូវជា​បងប្អូន​ម្ចាស់​ម៉ូតូ ក៏​បាន​ទៅ​វាយ​ចោរ​នឹង​គេ​ដែរ ដោយ​គាត់​និយាយ​ថា គួរ​ឲ្យ​ខឹង​ណាស់​ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ ប្អូន​គាត់​បាន​បាត់​ម៉ូតូ​អស់​១​គ្រឿង រួច​មក​ហើយ រកមុខ​ចោរ​មិនឃើញ​ឡើយ ទើបតែ​ពេល​នេះ​ចាប់​បាន​ម្ដង ក្ដៅ​ណាស់​ទើប​វាយ​បែប​នេះ ។ រីឯ​នគរបាល ក្រោយ​ពេល ប្រជាពលរដ្ឋ​កាត់ទោស​ប្រហារជីវិត​ចោរ​រួច​ទើប​ទៅ​ដល់ ព្រោះ​ប្រជាពលរដ្ឋ​ជា​អ្នក​ចាប់​បាន​មុន ទម្រាំ​នគរបាល​ទៅ​ដល់ អ្វី​ៗ​បាន​ចប់​សព្វគ្រប់​អស់​ទៅ​ហើយ ៕