ក្រសួងពីរ រួមគ្នា រៀបចំព្រឹត្តិការណ៍ រៃអង្គាសថវិកា ជួយតបស្នង អតីតសិល្បៈ និងមនុស្សធម៌

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍ ប្រគំតន្ត្រី រៃអង្គាសថវិកាសប្បុរសធម៌ « ពេលវេលាដែលត្រូវតបស្នង» នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសាល មហោស្រព មហាសន្និបាតកោះពេជ្រ ។

សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តារាចម្រៀងជើងចាស់កម្ពុជា ចំនួន១៥រូប នឹងចូលរួម សម្តែងជាកិត្តិយស ដើម្បីឧទ្ទិសជូនដល់ អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត នាឱកាស នៃព្រឹត្តិការណ៍ ប្រគំតន្ត្រី សប្បុរសធម៌ខាងលើនេះ។

ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសនេះ គឺជាការប្រមូលផ្តុំរៃអង្គាសថវិកា ដើម្បីរួមចំណែក ជួយដល់ ភរិយារបស់ លោក ស៊ីន ស៊ីសាមុត , សមាគមស៊ីន ស៊ីសាមុត , បងស្រីរបស់ លោកស្រី រស់ សេរីសុទ្ធា , ការអភិរក្សតន្ត្រីចាស់ៗរបស់ កម្ពុជា , ការបង្កើតមូលនិធិ ដើម្បីទ្រទ្រង់ដល់សិល្បៈករ សិស្បៈការិនី សម័យដើម ដែលនៅសេសសល់ និងកំពុង រស់នៅក្នុងជីវភាពលំបាក និងមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យព្រះអង្គឌួង ។

ព្រឹត្តិការណ៍នេះ នឹងត្រូវបានថតទុក ជាវីដេអូឯកសារ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ តាមរយៈកញ្ចក់ទូរទស្សន៍ ធំជាងគេចំនួនបីនៅកម្ពុជា ៕