ប្រជាពលរដ្ឋ ១៤៤គ្រួសារ នៅក្នុងឃុំស្ពឺខ និងឃុំស្តៅកោង ស្រុកបាភ្នំ បានទទួលថវិកា ពីមូលនិធិ សម្ដេច ស ខេង

ព្រៃវែង៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហួន ចន្ទកក្កដា តំណាងរបស់សម្តេច ក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ឃុំស្ពឺខ និងឃុំស្តៅកោង ស្រុកបាភ្នំខេត្តព្រៃវែង ព្រមទាំងសហការី បាននាំយកមូលនិធិ ស ខេង ទៅចែកជូនដល់គ្រួសារសព និងអ្នក ឆ្លងទន្លេ ចំនួន១៤៤គ្រួសារបន្ថែមទៀត។

នៅពេលអញ្ជើញទៅដល់ តាមបណ្តាភូមិនីមួយៗ នៅក្នុងឃុំស្តៅកោង និងឃុំស្ពឺ ខ ស្រុកបាភ្នំ លោក ចន្ទកក្កដា និងក្រុមការងារ បានសម្តែងភាពសប្បាយរីករាយ នឹងនាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូនទាំងអស់ ពិសេសសម្តេច ក្រឡាហោម ស ខេង ដែលជាម្ចាស់មូលនិធិ បានផ្ញើមូលនិធិរបស់សម្តេច តាមរយៈលោក ហូន ចន្ទកក្កដា ផ្ទាល់ ដើម្បីចូលរួមរំលែកទុក្ខលំបាក ដល់ក្រុមគ្រួសារសព និងអ្នកឆ្លងទន្លេ ។

លោក ហួន ចន្ទកក្កដា មានប្រសាសន៍បន្តថា ទារក ទារិកា ជាចៅៗរបស់សម្តេចក្រឡាហោម និងលោកជំទាវ ដែលទើបប្រសូត្រសុទ្ធតែត្រូវបានទទួលថវិកា ឧបត្ថម្ភពីសម្តេចក្រឡាហោម និងលោកជំទាវ ហើយមូលនិធិ ស ខេង គឺជាមូលនិធិសប្បុរសធម៌សុទ្ធសាទ ដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយ លោកក៏បាន បញ្ជាក់ដែថា តាមការកំណត់ របស់មូលនិធិ គ្រួសារដែលមានសមជិក មរណភាព អាយុក្រោម១០ឆ្នាំទទួល ថវិកា ១០ម៉ឺនរៀល និង១០ឆ្នាំ ឡើង២០ម៉ឺនរៀល ចំណែកគ្រួសារឆ្លងទន្លេមុន ខែមិនាឆ្នាំ២០១៥ ឧបត្ថម្ភ១០ម៉ឺនរៀល ។

រីឯអ្នកឆ្លងទន្លេក្រោយ ខែមិនាឆ្នាំ២០១៥ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ថវិកាទាំងនេះ ត្រូវបានសម្តេចក្រឡាហោម ចាត់ឲ្យមន្ត្រីក្រោមឱវាទរបស់សម្តេច យកមកប្រគល់ដល់ដៃប្រជាពលរដ្ឋជាក់ស្តែង ទោះសម្តេចមិនបានអញ្ជើញ មកដោយផ្ទាល់ក៏ដោយ ។ លោក ហួន ចន្ទកក្កដា បានជម្រាប ជូនដល់បងប្អូន ដែលបានចូលរួមទៀតថា ថវិកា របស់មូលនិធិ ស ខេង នៅតែបន្តឧបត្ថម្ភ ដល់បងប្អូនគ្រប់ក្រុមគ្រួសារ នៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ចំពោះ គ្រួសារមរណភាព និងអ្នកឆ្លងទន្លេ ទោះធ្លាប់បានទទួលហើយក្តី ដរាបណាបងប្អូនប្រជាពលរដ្ឋ នៅតែបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋភិបាល ហើយរាជរដ្ឋាភិដែលដឹកនាំដោយ គណបក្សប្រជាជន កម្ពុជាមិនសន្យាមុនធ្វើនោះទេ គឺដឹងសុខដឹងទុក្ខ និងជួយប្រជាពលរដ្ឋ ទាន់ពេលវេលា មិនដូចគណបក្ស នយោបាយខ្លះ កហក់បោកប្រាស់ប្រជាពលរដ្ឋ យកប្រជាជាពលរដ្ឋធ្វើជាឈ្នាន់នយោបាយរបស់ បក្សខ្លួន សន្យាថាឲ្យចាស់ជរាម្នាក់ បួនម៉ឺនរៀលតែរហូតដល់ពេលនេះគឺសូន្យ ។

លោក ហួន ចន្ទកក្កដា បានជម្រាបជូនដល់បងប្អូន លោកយាយលោកតា ដែលមានគ្រួសារឆ្លងទន្លេ និង មណភាព ដែលមិនទាន់ ទទូលបានថវិកាឧបត្ថម្ភ ពីមូលនិធិសខេងតែឲ្យរស់ នៅក្នុងខេត្តព្រៃវែង បាត់ដំបងសូមប្រញ៉ាប់ រាយការណ៍ ទៅភូមិឃុំដែលខ្លួនរស់នៅ ដើម្បីទទួលថវិកាពីមូលនិធិ ទោះបីបងប្អូនស្ថិតក្នុងគណបក្ស នយោបាយ ណាក៏ដោយ។ ដោយបានផ្តាំផ្ញើដល់លោកយាយលោកតាបងប្អូនទៀតថា សូមបងប្អូនបន្តរួបរួមសាមគ្គី រាបអាន ស្រឡាញ់គ្នាដើម្បីការពារ និងអភិវឌ្ឍន៍មាតុប្រទេសនៃយើងជាមួយរាជរដ្ឋាភិ បាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខហើយថា គ្មានជាតិសាស្ត្រដទៃណា ស្រឡាញ់យើងជាងជាងជាតិសាស្ត្ររបស់យើងនោះទេ។ ចំណែកប្អូនៗក្មួយៗដែលជាឪពុកម្តាយទារកទារិកា ទើបកើតសូមចេះស្រឡាញ់គ្នា និងមើលថែចៅៗរបស់សម្តេច ក្រឡាហោម និងលោកជំទាវឲ្យបានល្អ ដើម្បីក្លាយជាសរសទ្រូងដ៏រឹងមាំសម្រាប់ជាតិ នាពេលអនាគត ។

សូមបញ្ចាក់ថា រយ:ពេល២ថ្ងៃ នៃការនាំយកមូលនិធិ ស ខេង ទៅចែកជូនផ្ទាល់ដៃប្រជាពលរដ្ឋចំនួន២៥៥ គ្រួសារ សរុបថវិកាចំនួន (ដប់ប្រាំពីរលានប្រាំបួនសែនរៀល) ១៧,៩០០,០០០ ៛ ។ ដោយឡែក លោក ហួន ចន្ទកក្កដា និង សហការី បានចូលរួមរំលែកទុក្ខដល់គ្រួសារ សព ប៉ូលីស ទើបទទួលមរណភាព ដោយរោគាពាធ នៅឃុំស្តៅកោង និងបានចូលបុណ្យសពមួយគ្រួសារបច្ច័យ១០ម៉ឺនរៀល ម៉ី២កេស និងគ្រួសារមួយទៀត ទទួលបច្ច័យ១០ម៉ឺនរៀល អង្ករ២០គ.ក្រ៕