ចិន​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ជួប​គ្នា​ដើម្បី​បញ្ចប់​ការជាប់​គាំង​ទំនាក់ទំនងការទូត

ចិន​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ជួប​គ្នា​ដើម្បី​បញ្ចប់​ការជាប់​គាំង​ទំនាក់ទំនងការទូត

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye នាយ​ករដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe នាយករដ្ឋ​មន្រ្តី​​​ចិន Li Keqiang ចូល​រួម​ការប្រជុំ​កំពូល​ក្នុង​ទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​​

កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ចិន ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​ ដើម្បី​ធ្វើ​ឱ្យ​មាន​ជា​ថ្មី​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​និងបញ្ចប់​ភាព​មិន​ឈ្នះ​មិន​ចាញ់​អំពី​បញ្ហា​នានា​ដែល​នាំ​ឱ្យ​ពួក​គេ​មាន​ការ​ខ្វែងគំនិត​គ្នា។

លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រោយ​ជំនួប​កំពូល​នេះ​ថា​ «តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ត្រី​ភាគី ​ខ្ញុំ​មាន​ជំនឿ​ថា​យើង​នឹង​ធ្វើ​វិភាគទាន​ដល់​សន្តិភាព​និង​ភាព​សំបូរ​រុងរឿង​ ព្រម​ទាំង​ដល់​សន្តិសុខ ​មិន​មែន​គ្រាន់​តែ​សម្រាប់​ប្រទេស​ទាំង​បី​របស់​យើង​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែសម្រាប់​តំបន់​នេះ​និង​សហគមន៍​អន្តរជាតិ​ផងដែរ។»​

លោកស្រី​ប្រធានាធិបតី​ Park បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក​នាយករដ្ឋមន្ត្រី​ចិន​ Li Keqiang និង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe ដើម្បី​ធ្វើការ​ចរចា​គ្នា​ដែល​មេដឹកនាំ​ទាំង​បី​នាក់​នេះ​បាន​ពណ៌នា​ថា​មាន​ភាព​ស៊ី​ជម្រៅ​និង​ភាព​ស្មោះត្រង់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ផ្អាក​ជំនួប​កម្រិត​ខ្ពស់​ជា​ទៀងទាត់​ទាំង​នេះ​ជាមួយ​រដ្ឋាភិបាល​ក្រុងតូក្យូ​កាល​ពី​ឆ្នាំ​២០១២​ ដោយសារ​មាន​ជម្លោះ​ខាង​ទឹកដី​និង​មាន​កង្វល់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe បាន​ព្យាយាម​មិន​ផ្តល់​សារៈសំខាន់​ច្រើន​ដល់​អំពើ​ឃោរឃៅ​កាល​ពី​អតីតកាល​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​កងយោធា​ជប៉ុន​នៅ​ពេល​ជប៉ុន​ធ្វើ​អាណានិគម​លើ​តំបន់​ភាគ​ច្រើន​នៃ​ទ្វីប​អាស៊ី​រហូត​ដល់​ទី​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ Li Keqiang​ បាន​មាន​ប្រសាសន៍​ថា​ ការ​ខ្វែង​គំនិត​គ្នា​ជា​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ​នៅ​តែ​អាច​ដោះ​ស្រាយ​រួច​ ក៏​ប៉ុន្តែ​ការ​ខ្វែង​គំនិត​គ្នា​ទាំង​នេះ​មិន​គួរ​រារាំង​កិច្ចសហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​និង​ខាង​សន្តិសុខ​ក្នុង​តំបន់​ទេ។​

លោក Li បាន​មាន​ប្រសាសន៍​ថា​ «យើង​ត្រូវ​ការ​ធ្វើ​ឱ្យ​សម្រេច​ការយល់​គ្នា​ទៅ​វិញ​ទៅ​មក​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​និង​បញ្ហា​ប្រវត្តិសាស្ត្រ​ ហើយ​យើង​ត្រូវ​ការ​ក្រឡេក​មើល​ទៅ​អនាគត​និង​យល់​ស្រប​គ្នា​អំពី​ទិស​ដៅ​អនាគត​មួយ​ដែល​ផ្អែក​លើ​ការ​សន្ទនា​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា»៕