ក្រុមហ៊ុន Urban ​​បង្កើត​កម្មវិធី​ជិះ​កង់ Fun Race ​រ៉ៃ​អង្គាសប្រាក់​ជូន​កុមារ​កំព្រា

ក្រុមហ៊ុន Urban ​​បង្កើត​កម្មវិធី​ជិះ​កង់ Fun Race ​រ៉ៃ​អង្គាសប្រាក់​ជូន​កុមារ​កំព្រា

ក្រុមហ៊ុន Urban Architecture  និង Flying Bikes2 ​បាន​រួម​គំនិត​គ្នា​បង្កើត​កម្មវិធី​ប្រណាំង​កង់​មួយ​ឈ្មោះ​ថា Fun Race For Orphans ​នៅ​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ ដើម្បី​រ៉ៃ​អង្គាស​ប្រាក់​ជូន​ដល់​កុមារ​កំព្រា​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុង​តែ​ជួប​បញ្ហា​ខ្វះខាត។

 

ក្រុមហ៊ុន Urban ​​បង្កើត​កម្មវិធី​ជិះ​កង់ Fun Race ​រ៉ៃ​អង្គាសប្រាក់​ជូន​កុមារ​កំព្រាអ្នក​តំណាងក្រុមហ៊ុន Urban Architecture

 

លោក អេង រិនបូ ​អ្នក​តំណាង​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ខាង​លើ បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាល​ពី​ព្រឹក​មិញ​នេះ​ថា​ការ​រៀបចំ​កម្មវិធី​ប្រណាំង​កង់​នេះ​គឺ​មាន​គោលបំណង​ចង់​រឹត​ចំណង​សាមគ្គី ក៏​ដូចជា​យក​ថវិកា​ដែល​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​នេះ ទៅ​ជូន​ដល់​អង្គការ​កុមារ​កំព្រា​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត គឺ​បែងចែក​ជា​២​ផ្នែក ដោយ​បេក្ខជន​ធម្មតា​តម្រូវ​ឱ្យ​បង់​ប្រាក់​៥​ដុល្លារ ហើយ​ចំណែក​បេក្ខជន VIP ​ត្រូវ​បង់​ប្រាក់​១៥​ដុល្លារ (ចន្លោះ​អាយុ​៣៥​ឆ្នាំ​ឡើង) ។ ចំនួន​ប្រាក់​ដែល​ទទួល​បាន ក្រុមហ៊ុន​នឹង​យក​មួយ​ចំនួន​ទៅ​ទិញ​សំលៀកបំពាក់​ជូន​ដល់​បេក្ខជន​ចូល​រួម​ប្រកួត​វិញ ហើយ​ចំណែក​នៅ​សល់​នឹង​ត្រូវ​យក​ទៅ​ទិញ​របស់របរ​ផ្សេង​ៗ​ជូន​កុមារ​កំព្រា។

 

ចំពោះ​ទីកន្លែង​ប្រកួត​វិញ នឹង​ចេញ​ដំណើរ​ពី​កោះពេជ្រ រហូត​ដល់​កោះ​ដាច់​ហើយ​ជិះ​ជុំ​វិញ​កោះ​នេះ ដោយ​មិន​ទាន់​គិត​រយៈ​ចម្ងាយ​នោះ​ទេ។ តែ​ដោយសារ​តែ​មាន​ចម្ងាយ​ឆ្ងាយ ខាង​ក្រុម​ការងារ​អាច​នឹង​ត្រូវ​បែងចែក​ការ​ប្រកួត​នេះ​ជា​ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ជា​៤​នាក់ ជិះ​កង់​បណ្ដាក់​គ្នា ប៉ុន្តែ​នេះ​មិន​ទាន់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ត្រូវ​រង់ចាំ​ចំនួន​អ្នក​ចុះ​ឈ្មោះ​សិន។

 

​នេះ​ជា​លើក​ទី​មួយ​ហើយ សម្រាប់​ក្រុមហ៊ុន Urban Architecture ​ដែល​បង្កើត​កម្មវិធី​ជិះកង់​នេះ​ឡើង ដោយ​រំពឹង​ថា​នឹង​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ ព្រោះ​ការ​ជិះ​កង់​នេះ​បាន​ទាំង​សុខភាព​និង​ជួយ​ដល់​កុមារ​រងគ្រោះ​ថែម​ទៀត៕

 

​អត្ថបទ៖ មុន្នី រម្យ