រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​បញ្ចប់​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​

កាលពី​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចប់​វប្បធម៌​និ​រ​ទណ្ឌ​ភាព​(​ភាព​គ្មាន​ទោសពៃរ៍​)​នៅ​កម្ពុជា​និង​ត្រូវ​ធានាថា ជន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។ សេចក្ដីអំពាវនាវ​រប​ស់​ក្រុម​សង្គម​ស៊ីវិល​បានកើត​ឡើង​ក្រោយពេល​មាន​អំពើហិង្សា​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​វិមាន​រដ្ឋសភា ហើយ​រហូតមក​ដល់ពេលនេះ​ជនដៃដល់​និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង មិនទាន់​ត្រូវបាន​វែកមុខ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​នៅឡើយ​។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ត្រូវ​ក្រុមបាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​ប្រើ​អំពើហិង្សា​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ បច្ចុប្បន្ន​អ្នកតំណាងរាស្ត្រ​ទាំង​២​រូប​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ ហើយ​ជនដៃដល់​មិនទាន់​ត្រូវបាន​គណៈកម្មការ​ពិសេស​បង្កើតឡើង​ដោយ​ក្រសួងមហាផ្ទៃ​វែកមុខ​នៅឡើយ​ទេ​។ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​បានបង្ហាញ​នូវ​អត្តសញ្ញាណ​ជនដៃដល់​មួយចំនួន​យ៉ាងច្បាស់ ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិនទាន់​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​ជនសង្ស័យ​ទាំងអស់នោះ​នៅឡើយ​។

នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០​ក្នុងប្រទេស​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ បានលើកឡើង​ផងដែរ​ថា មាន​ករណី​ជាច្រើន​ទៀត​ដូចជា ករណី​សម្លាប់​លោក ឈុត វុទ្ធី , លោក ជា វិជ្ជា , លោក ខឹម សុផាត និង លោក ម៉ៅ សុខ​ចាន់ ជាដើម ជនល្មើស​មិនទាន់​ត្រូវ​វែកមុខ​យកមក​ផ្ដន្ទាទោស​ទាំង​ច្បាប់​នៅឡើយ​ទេ​។ ក្រុម​សង្គម​ស៊ីវិល​បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​វប្បធម៌​និ​រ​ទណ្ឌ​ភាព​ក្នុងប្រទេស​កម្ពុជា ហើយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ត្រូវ​ធានា​នូវ​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​គ្រួសារ​ពួកគាត់​ជាបន្ទាន់​។ ជាមួយគ្នានេះដែរ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ កំពុង​រង់ចាំ​មើល​សម​ត្ថ​កិច្ច​វែកមុខ​ក្រុម​ជនដៃដល់​ដែល​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ផងដែរ​៕

12118682_711660905602541_9104923027728901196_n12002154_1011995542197244_608948244148071968_n