អង្គការសហប្រជាជាតិ​ដឹង​រឿង​ពិត​ជុំវិញ​ការប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​កម្ពុជា

​រឿងរ៉ាវ​ជនដៃដល់​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប​នៅមុខ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​។ ក្នុងនោះ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្រសួងការបរទេស​អា​មេ​រិ​ក សហភាព​អឺរ៉ុប និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ជាដើម បាន​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់វិធានការ​វែកមុខ​ជនដៃដល់​យកទៅ​កាត់ទោស​តាមច្បាប់​។ អង្គការសហប្រជាជាតិ​ក៏បាន​ដឹងឮ​រឿង​នេះដែរ ហើយ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​អ្នកនាំពាក្យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani បាន​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​និង​មត់​ចត់​ទៅលើ​ករណី​អំពើហិង្សា​វាយប្រហារ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា​។ លោកស្រី Ravina Shamdasani បាន​សង្កត់ធ្ងន់ថា​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​នេះ ដាច់ខាត​ត្រូវតែ​នាំយកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ ហើយ​ថា​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​អំពី​បរិយាកាស​កាន់តែ​អាក្រក់ សម្រាប់​អ្នកនយោបាយ​ប្រឆាំង​និង​សកម្មជន​នៅ​កម្ពុជា​។ មានន័យថា​អង្គការសហប្រជាជាតិ​ដែលមាន​លោក បាន គី​មូ​ន ជា​អគ្គលេខាធិការ បានដឹង​យ៉ាងច្បាស់​ជុំវិញ​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា រួមទាំង​ករណី​ប្រើ​អំពើហិង្សា​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ផងដែរ​។

កាលពី​ថ្ងៃទី​០១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ទទូច​ជាថ្មី​ម្ដងទៀត​ឲ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ករណីនេះ ឲ្យ​បាន​ឆាប់រហ័ស​និង​អញ្ជើញ​តំណាង​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចូលរួម​ស៊ើបអង្កេត ដើម្បី​ឲ្យ​មាន​ឯករាជ្យភាព​ក្នុងការ​ស៊ើបអង្កេត​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​។ សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បង្ហាញ​កង្វល់​យ៉ាងខ្លាំង​ចំពោះ​ដំណើរការ​យឺតយ៉ាវ​ក្នុងការ​ស៊ើបអង្កេត​រក​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើហិង្សា ដែល​បាន​វាយប្រហារ​មកលើ​តំណាងរាស្ត្រ​របស់ខ្លួន​ឲ្យ​រងរបួស​ជា​ទម្ងន់​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​និង​អង្គការសហប្រជាជាតិ ជួយ​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ដោយ​យុត្តិធម៌ និង​ធានា​ដល់​សុវត្ថិភាព​របស់​តំណាងរាស្ត្រ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​៕

12187648_632019636941157_4641277777908083296_n 12186671_632020413607746_1273313668931950370_o