ក្រុមហ៊ុន​យួន​ភី​អិន​ធី​(PNT)​កាប់​ឈើ​ក្នុងស្រុក​រវៀង ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​យួន​ភី​អិន​ធី ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​នេះ កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ក្រុមហ៊ុន​យួន​ភី​អិន​ធី មិន​ត្រឹមតែ​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​យ៉ាង​គឃ្លើន​ផងដែរ​។ ដោយសារតែ​អស់ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ទប់ស្កាត់​បទល្មើស ទើប​ប្រជាពលរដ្ឋ​ចេញមុខ​ប្រមូល​ផ្ដុំគ្នា​ទប់ស្កាត់​បទល្មើស​ដោយ​ខ្លួនឯង​។

​ថ្មីៗ​នេះ​ក្រុមហ៊ុន​យួន​ភី​អិន​ធី បាន​កាប់​ឈើ​ប្រណីត​នៅក្នុង​ព្រៃ​សហគមន៍​និង​ដឹកជញ្ជូន​ចេញពី​ព្រៃ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​យួន​ដឹកឈើ​ចេញ​បានឡើយ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​រវៀង​តែម្ដង​។ ដោយហេតុថា​កន្លងមក​ក្រុមហ៊ុន​យួន ក្រុមហ៊ុន​ចិន កាប់​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នាំគ្នា​សម្ងំស្ងៀម​ដើម្បី​ផលប្រយោជន៍​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​យួន​ភី​អិន​ធី ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​រវៀង ខេត្តព្រះវិហារ មិនបាន​អនុវត្តន៍​ឲ្យ​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​ក្រុមហ៊ុន​យួន​ភី​អិន​ធី បាន​បំពាន​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​យ៉ាង​មហន្តរាយ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ធម្មជាតិ​ក្នុ​ស្រុក​រវៀង​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​យួន​ភី​អិន​ធី ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​បន្តសកម្មភាព​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​៕

12063575_1514454315537320_4602089523650889988_n 12196224_1514454308870654_459469132539965363_n 12196327_1514454252203993_3131119803846913868_n