ប្តី​អគតិ​សាហាវព្រៃផ្សៃ ខឹង​ប្រពន្ធ​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​​លើ ចាក់​សម្លាប់​មិន​ញញើត​ដៃ

ប្តី​អគតិ​សាហាវព្រៃផ្សៃ ខឹង​ប្រពន្ធ​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​​លើ ចាក់​សម្លាប់​មិន​ញញើត​ដៃ

ខេត្តបន្ទាយមានជ័យ ៖ ស្ដ្រី​អ្នក​រុញ​រទេះ​លក់​ម៉ាំល្ហុង នៅ​ផ្សារ​រុង​ក្លឿ ទឹកដី​ថៃ​ម្នាក់ បាន​ស្លាប់​យ៉ាង​អយុត្តិធម៌​ក្នុង​ថ្លុកឈាម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១ តុលា នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយសារ​ស្នាដៃ​ប្ដី​អគតិ​​ចិត្ត​អប្រិយ​ចាក់​នឹង​កូនកាំបិត​ខ្លី ព្រោះតែ​ជម្លោះ​គ្នា​តិចតួច ខឹង​ប្រពន្ធ​ចិញ្ច្រាំ​ម្ទេស​ខ្ទាត​ចំ ។

ស្ដ្រី ​រង​គ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម​នេះ ឈ្មោះ អេ​ង គី​សា​វន អាយុ​៤៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខាងលើ ឯ​ជន​ដៃ​ដល់​ជា​ប្ដី​ឈ្មោះ ដេ​ត សម្បត្តិ អាយុ​៤៧​ឆ្នាំ ជា​កម្មករ​សំណង់ និង​ជា​អ្នក​រត់​ម៉ូតូឌុប​ផង​ដែរ​។ នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ស្ដ្រី​រង​គ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ផ្លូវលំ​ក្បែរ​បន្ទប់​ស្នាក់​នៅ ដោយសារ​ត្រូវ​ប្ដី​អប្រិយ​នោះ​ចាក់​១​កូនកាំបិត​ចិតបន្លែ​ចំ​ទ្រូង ហើយ​ប្រឹង​រត់​ទាំង​ត្រដរខ្យល់​ទៅ​ដល់​ចំណុច​ខាងលើ ។

តាម​សាក្សី​ នៅ​កន្លែង​កើតហេតុ​និយាយ​ថា ដំបូង​គេ​ឃើញ​ស្ដ្រី​រង​គ្រោះ​អង្គុយ​ចិញ្ច្រាំ​ម្ទេស ដើម្បី​ធ្វើ​មាំ​ុ​ល្ហុង​លក់​នៅ​ថ្ងៃស្អែក ជា​ចៃដន្យ​ខ្ទាត​ម្ទេស​ទៅ​លើ​បុរស​ជា​ប្ដី ក៏​ស្ទុះ​មក​ទាញ​ជ្រញ់​ម្ទេស​នោះ​គ្រវែង​ចោល បណ្ដាល​ឱ្យ​កើត​មាន​ជម្លោះ​ហើយ​បុរស​ជា​ប្ដី​ក៏​ទាញ​កាំបិត​ចាក់​ប្រពន្ធ​ ស្លាប់​តែ​ម្ដង ។

ប្រភព​ព័ត៌មាន​ប្រាប់​ថា គ្រួសារ​មួយ​នេះ​កន្លង​មក​តែងតែមាន​ជម្លោះ​នឹង​គ្នា​ជា​ញឹកញាប់ គឺ​បុរស​ជា​ប្ដី​ជា​អ្នក​បង្ករឿង​រហូត​ឱ្យ​តែ​ស្រវឹង​រករឿង​ប្រចណ្ឌ​ប្រពន្ធ ​ទៅ​អ្នក​នេះ​ទៅ​អ្នក​នោះ​។ អ្នកស្រុក​និយាយ​ថា ស្ដ្រី​រង​គ្រោះ​មានកូន​ប្រុស​ស្រី​៤​នាក់​ក្នុង​បន្ទុក ប៉ុន្តែ​មិនមែន​ជា​កូន​ជាមួយ​បុរស​អប្រិយ​ខាងលើ​នេះ​ទេ គឺជា​កូន​ប្ដី​មុន ឯ​បុរស​សាហាវ​នេះ​ជា​ប្ដី​ក្រោយ ទើប​រស់​ជុំ​គ្នា​បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ។

ក្រោយ​ពី​ចាក់​សម្លាប់​ប្រពន្ធ​ហើយ ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ជាមួយនឹង​កាំបិត​ប័​ុ​ង​តោ​១ លុះដល់​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ វិច្ឆិកា ក៏​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​តាម​ផ្លូវ​បេតុង​ម្ដុំ​មុខ​សណ្ឋា​គារ​ប៉ោយ​ប៉ែ​ ត​ស៊ី​ធី ព្រំ​ប្រទល់​​ភូមិ​ក្បាលស្ពាន​១ និង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ការ​សួរនាំ ជន​ដៃដល់​ប្រាប់​សមត្ថកិច្ច​ថា ការ​ជ្រុលដៃ​ចាក់​ប្រពន្ធ​នេះ ដោយសារ​ខឹង​ប្រពន្ធ​ជេរ​ខ្លួន​ពេល​ឈ្លោះ​គ្នា​នោះ​។

លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ជន​ដៃដល់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​​ជាមួយ​វត្ថុ​តាង គឺ​កាំបិត​ខ្លី និង​ប៉័ង​តោ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ឯ​សព​ស្ដ្រី​ជា​ប្រពន្ធ ត្រូវ​បាន​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕