រៀន​វិស្វករ​ចំណូល​រាប់​ពាន់ តែ​អាច​គ្មាន​មួយ​រៀល​បើ​គ្មាន​ធាតុ​ទាំង​នេះ


រៀន​វិស្វករ​ចំណូល​រាប់​ពាន់ តែ​អាច​គ្មាន​មួយ​រៀល​បើ​គ្មាន​ធាតុ​ទាំង​នេះ

មនុស្ស​ភាគ​ច្រើន​និយាយ​ថា មុខ​វិជ្ជា​វិស្វករ​ក្រោយ​ពេល​រៀន​ចប់ ចំណូល​មិន​ដែល​តិច​ឡើយ អាច​ពាន់​ដុល្លារ​ក៏​មាន។ ប៉ុន្តែ​អ្នក​ដែល​ធ្លាប់​រៀន​មុខ​វិជ្ជា​នេះ ប្រាប់​ថា​ លុយ​ច្រើន​សន្ធឹក​ទាំង​នោះ​អាច​រលាយ​វិញ បើ​អ្នក​រៀន​ផ្នែក​នេះ​ខ្វះ​ខាត​នូវ​ធាតុ​ផ្សំ​មួយ​ចំនួន​ដោយ​សារ​មុខ​វិជ្ជា​នេះ​ជា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ទាម​ទារមនុស្ស​ដែល​ចេះ​អត់ធ្មត់ តស៊ូ​នឹង​ការ​សិក្សា​ ហើយ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ទាំង​ពេល​រៀន ​និង​ ចេញ​ធ្វើ​ការ ។

 

 

រៀន​វិស្វករ​ចំណូល​រាប់​ពាន់ តែ​អាច​គ្មាន​មួយ​រៀល​បើ​គ្មាន​ធាតុ​ទាំង​នេះ

 

 
លោក វិទ្ធ បូ​វែន សិស្ស​អនុបណ្ឌិត​វិស្វករ​ផ្នែក​ការ​គ្រប់​គ្រង​សំណង់ (Construction Management) បាន​ចែក​រំលែក​ថា រៀន​ជំនាញ​វិស្វករ​ជួប​ការ​លំបាក​ជា​ច្រើន​ដូច​ជា ​ទាម​ទារ​នូវ​ការ​គណនា ដែល​តម្រូវ​ឲ្យ​​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ ក៏​ដូច​ជា​អនុវត្ត​ខ្លាំង លើ​គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ។

 
មួយ​វិញ​ទៀត​គឺ​ភាសា​បរទេស​ដូច​ជា​ភាសា​អង់គ្លេស​ឬ​បារាំង ដែល​ជា​ទុន​សម្រាប់​សិក្សា​ស្រាវជ្រាវ​ពី​ឯកសារ​បរទេស ព្រោះ​ឯកសារ​បច្ចេកទេស​ភាគ​ច្រើន ជា​ភាសា​បរទេស ។ លើស​ពី​នេះ ជំនាញ​​ដែល​ត្រូវ​ការ​វិភាគ​និង​យល់​ស៊ី​ជម្រៅ​ជា​អ្នក​បច្ចេកវិទ្យា អ្នក​វិទ្យាសាស្ត្រ ហេតុ​នេះ​ត្រូវ​ការ​គិត​អ្វី​ដែល​ថ្មី ជាមួយ​គំនិត ខុស​គឺ​ខុស ត្រូវ​គឺ​ត្រូវ ។

 

ចំណែក​​ពេល​ចេញ​ធ្វើ​ការ វិស្វករ​ក៏​ត្រូវ​ប្រឈម​បញ្ហា​មួយ​ចំនួន​ដែរ បើ​ទោះ​ប្រាក់​ខែ​ច្រើន​ក្ដី៖
 
-គ្រោះ​ថ្នាក់​ការងារ៖ ជំនាញ​វិស្វករ​សំខាន់​ផ្ដោត​ទៅ​លើ​សុវត្ថិភាព​ជា​ចម្បង ប្រឈម​នឹង​ផ្លូវ​ច្បាប់ និង​បញ្ហា​ថវិកា ហិរញ្ញវត្ថុ ករណី​ដែល​ការ​សិក្សា ការ​គណនា ការ​សាងសង់​មាន​កំហុស​បច្ចេកទេស ដោយ​អចេតនា​ក្ដី ឬ​ចេតនា​ក្ដី ។
 
-បញ្ហា​សុខភាព៖ ព្រោះ​វិស្វករ​ត្រូវ​ការ​ដែល​តម្រូវ​ឲ្យ​គិត វិភាគ ច្រើន ក៏​ដូច​ជា​កំឡុង​ពេល​ត្រួត​ពិនិត្យ​ការ​សាង​សង់ នៅ​ការដ្ឋាន​អាច ប្រឈម​នឹង សារធាតុ​គីមី​ផ្សេងៗ កម្ដៅ​ថ្ងៃ ហាល​ខ្យល់​ហាល​ភ្លៀង។

 
 

ប៉ុន្តែ សិស្ស​អាហារូបករណ៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​សាកល​វិទ្យាល័យ Parahyangan Catholic university រូប​នេះ បន្ត​ថា ថ្វី​ត្បិត​ពេល​សិក្សា​ និង ​ធ្វើ​ការ​វិស្វករ​ជួប​រឿង​លំបាក​ច្រើន​ក៏​ដោយ តែ​ដើម្បី​ក្លាយ​ជា​វិស្វករ​ដ៏​ល្អ​ និង​ រៀន​ជំនាញ​នេះ​ពូកែ​មិន​លំបាក​ឡើយ។​ អ្នក​រៀន​គួរ​អត់ធ្មត់ នឹង​ការ​រៀន​សូត្រ។ មាន​ចម្ងល់ ត្រូវ​មាន​សំណួរ ហើយ​ត្រូវ​ចេះ​រក​ចម្លើយ​តាម​គ្រប់​វិធី ត្រូវ​មាន​ចំណេះ​ផ្នែក​ទ្រឹស្ដី​ឲ្យ​បាន​ខ្លាំង ព្រោះ​ការ​គណនា និង​ ការងារ​ទាំង​អស់ វា​មាន​ទំនាក់ទំនង​ជាមួយ​ទ្រឹស្ដី​ក្នុង​សៀវភៅ ការ​អត់​ធ្មត់ និង​ ការ​ឆ្លាត​នឹង​ការ​រៀន ត្រូវ​ដើរ​ទន្ទឹម​គ្នា ត្រូវ​ពូកែ​រៀន ហើយ​រៀន​ឲ្យ​ពូកែ ។

 
ការ​ចេះ​រក​បញ្ហា ហើយ​មាន​ដំណោះស្រាយ​លើ​ការ​សិក្សា​មុខ​វិជ្ជា ក៏​ដូច​ជា ការងារ​ផ្សេង​ៗ ចេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ដើម្បី​ផ្លាស់​ចំណេះដឹង គំនិត​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា ​ការ​រៀន​ជា​ក្រុម ទំនាក់​ល្អ​ជាមួយ​សិស្ស​ច្បង ជា​ដើម ការ​សិក្សា​វិស្វករ​ ដូច​ជា​ រឿង​ភាគ​ត​ជាប់​គ្នា​លំដាប់​លំដោយ ដូច​នេះ​ត្រូវ​ចេះ​តាម​ដាន​បន្ត​ភាគ​ពី​មួយ​ទៅ​មួយ តែ​បើ​មាន​ចម្ងល់​ឬ​កន្លែង​ណា​មិន​យល់​ត្រូវ​លើក​ជា​សំណួរ​ទៅ​ដល់​សាស្ត្រាចារ្យ មិត្តភ័ក្ដិ ។

 

សូមអាន​៖  សាលា​មួយមាន​តែ​សិស្ស​ម្នាក់ ​គ្រូ​ម្នាក់ អ្នកផ្សេង​សម្រុក​ទៅរៀន​នៅ​​ទីក្រុង

 
អត្ថបទ៖ លឹម សុ​នា

រូបភាព៖ បរទេស