ចង់​បាន​របស់​អី​មួយ​ ស្រីៗ​ច្រើន​និយាយ​ពាក្យ​ទាំង​នេះ


ចង់​បាន​របស់​អី​មួយ​ ស្រីៗ​ច្រើន​និយាយ​ពាក្យ​ទាំង​នេះ

មនុស្ស​ស្រី​ខុស​ពី​មនុស្ស​ប្រុស​ត្រង់​ចូល​ចិត្ត​លាក់​អារម្មណ៍។​ ​បើ​ចង់​បាន​អ្វី​មួយ​ ពេល​ដើរ​ផ្សារ​ ឬ ទៅ​ណា​មក​ណា​ជាមួយ​មិត្ត​ប្រុស​នាង​ច្រើន​តែ​និយាយ​​ និង បញ្ចេញ​​កាយវិការ​ដូច​ខាង​ក្រោម៖

 

 

១. រអ៊ូ​រឿង​តម្លៃ

 

លោក សាន់​វិបុល បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មិត្ត​ស្រី​របស់​លោក ឱ្យ​តែ​ចង់​បាន​របស់​​អ្វី​មួយ​តែង​តែ​រអ៊ូ​ថា​វា​ថ្លៃ​។ «ដូច​កាល​ទៅ​ផ្សារ​លើក​មុន​គាត់​ចង់​បាន​ស្បែក​ជើង​​នោះ​តែ​គាត់​ថា​ថ្លៃ​ពេក​មិន​ចង់​បាន​ទេ តែ​ក្នុង​ចិត្ត​គាត់​ស្រឡាញ់​បាត់​ទៅ​ហើយ! អញ្ចឹង​ខ្ញុំ​ត្រូវ​ទិញ​​ឱ្យ​គាត់!»។
ចំណែក​កញ្ញា វ៉េង លីនណា​ ជា​សិស្ស​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ឱ្យ​ដឹង​ថា ពេល​ដែល​កញ្ញា​ចង់​បាន​របស់​អ្វី​មួយ​ នាង​មិន​ដែល​ហា​មាត់​សុំ​មិត្ត​ប្រុស​ទិញ​ទេ នាង​និយាយ​តែ​ពី​តម្លៃ​ថា​ របស់​នោះ​ថ្លៃ​ពេក​ប៉ុណ្ណោះ ជួន​កាល​ក៏​បាន​របស់​នោះ​ដូច​ការ​រំពឹង​ទុក​ តែ​ជួន​កាល​ក៏​មិន​បាន​ព្រោះ​​តែ​វា​ថ្លៃ​លើស​សមត្ថភាព​មិត្ត​ប្រុស​របស់​នាង។

 

 

ចង់​បាន​របស់​អី​មួយ​ ស្រីៗ​ច្រើន​និយាយ​ពាក្យ​ទាំង​នេះ

(រូបតំណាង)

 

២. សម្លឹង​មើល​យូរ​ ហើយ​​ដើរ​ចេញ

 

លោក ​ហេង ជា​បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន​មួយ​​បាន​ឱ្យ​ដឹង​ថា មិត្ត​ស្រី​របស់​លោក​​បើ​ស្រឡាញ់​អី​ហើយ គឺ​សម្លឹង​មើល​ឡើង​យូរ​ ហើយ​ក៏​ដើរ​ចេញ​ទៅ​ ពេល​​ដែល​លោក​សួរ​នាំ​ នាង​ឆ្លើយ​ថា​មិន​ស្រឡាញ់​។ លោក​ហេង បន្ត​ថា «​ស្រីៗ​តែ​ស្រឡាញ់​របស់​អី​ហើយ​គឺ​ចូល​ចិត្ត​មើល​ដោយ​ពិនិត្យ​​ បើ​មិន​ស្រឡាញ់​ទេ​សូម្បី​តែ​ក្រឡេក​ភ្នែក​ក៏​មិន​ខ្ចី​ផង»។

 

អ្វី​ដែល​លោក​ដឹង​ថា​​មិត្ត​ស្រី​របស់​លោក​ស្រឡាញ់​របស់​មិន​ហ៊ាន​ប្រាប់​គឺ​នៅ​ពេល​ដែល​លោក​ ទិញ​របស់​នោះ​ឱ្យ​នៅ​ថ្ងៃ​កំណើត​នាង​បែរ​ជា​​សួរ​ថា «ម៉េច​ដឹង​ខ្ញុំ​ស្រឡាញ់​អាហ្នឹង?»។ «និយាយ​​​ថា​អត់​ស្រឡាញ់​ទេ​តែ​ពេល​លួច​ទិញ​ឱ្យ​បែរ​ជា​រំភើប!»។ លោក​ហេង​ក៏​បាន​បន្ថែម​ដែរ​ថា នេះ​ជា​អត្តចរិត​របស់​មនុស្ស​ស្រី​ដែល​មិន​ហ៊ាន​ទារ​សង្សារ​ព្រោះ​ខ្លាច​អស់​លុយ។

 

៣. រំលឹក​ពី​របស់​នោះ​ញឹក​ញាប់​
«ឱ្យ​តែ​គាត់​ស្រឡាញ់​អី​មួយ​ហើយ ទៅ​ណា​ក៏​និយាយ​ពី​របស់​ហ្នឹង​ដែរ​! ជួន​ក៏​សរសើរ​ជួន​ក៏​រិះគន់!» នេះ​ជា​ការ​លើក​ឡើង​របស់ លោក វីន បុណ្ណរ័ត្ន។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មិត្ត​ស្រី​របស់​លោក​ចង់​បាន​ម៉ូតូ​មួយ​គ្រឿង​ ហើយ​ពេល​ដែល​មាន​អ្នក​ផ្សេង​ជិះ​ម៉ូតូ​​នោះ​ នាង​ប្រាកដ​ជា​​និយាយ​ពី​ម៉ូតូ​មួយ​នោះ​ថា វា​ស៊ី​សាំង រាង​អត់​ស្អាត​ ឯ​ ជួន​កាល​ទៀត​​នាង​ក៏​សរសើរ​ថា​ អ្នក​ជិះ​ម៉ូតូ​បែប​នោះ​ឡូយ ។

 

លោក​រ័ត្ន​ក៏​បាន​បន្ថែម​ដែរ លោក​មិន​គិត​ថា ​នេះ​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ តែ​​នារី​ដែល​មាន​ចរិត​បែប​នេះ​គឺ​គួរ​ឱ្យ​ស្រឡាញ់​ សុខ​ចិត្ត​និយាយ​ពី​វា​មិន​ថា​ល្អ​អាក្រក់​ តែ​មិន​រំអុក​មិត្ត​ប្រុស​ ឱ្យ​ទិញ​ឱ្យ​ឡើយ។

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​ យល់​ឃើញ​យ៉ាង​ណា​ដែរ?

 

 

អត្ថបទ៖ ណេង ណេង