ឧទ្ធរណ៍ នឹងបើកសវនាការ សុំនៅក្រៅឃុំ លោក ហុង សុខហួរ ថ្ងៃ៤ វិច្ឆិកា

ភ្នំពេញ ៖ មេធាវីការពារក្តី ឲ្យលោក ហុង សុខហួរ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ថា សាលាឧទ្ធរណ៍ នឹងបើកសវនាការ ការស្នើសុំ នៅក្រៅឃុំរបស់កូនក្តីខ្លួន ។

បច្ចុប្បន្ននេះស្ថានភាពជំងឺ របស់ជនជាប់ចោទ ហុង សុខហួរ មានលក្ខណៈធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែ គ្រាន់តែមានភាពលំបាក ក្នុងការរស់នៅ និងហូបចុក នេះបើយោងតាម លោកមេធាវី ជួង ជូងី ។

លោក ជួង ជូងី មេធាវីការពារ លោក ហុង សុខហួរ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ថា តុលាការនឹងបើកសវនាការ នៅក្នុងសប្តាហ៍នេះហើយ ក្នុងនោះ លោក ហុង សុខហួរ ក៏បានតម្កល់ប្រាក់១០លានផងដែរ ដើម្បីស្នើសុំនៅក្រៅពន្ធនាគារ ។

ទោះបីជាយ៉ាងណាលោកមេធាវី មិនទាន់បង្ហាញការព្យាករណ៍ទុកជាមុនថា សាលាឧទ្ធរណ៍នឹងធ្វើតាម សំណើ របស់ខ្លួនឡើយ ប៉ុន្តែលោកនៅតែព្យាយាម ការពារក្តីឲ្យលោក ហុង សុខហួរ ដើម្បីឲ្យមានសេរីភាពឡើងវិញ។

សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ ពីលោកធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម អមដោយរូបភាពកែខៃខ្លឹមសារដើម នៃសន្ធិ សញ្ញានេះ ហើយបង្ហោះនៅលើ Facebook របស់លោក សម រង្ស៊ី ។

លោក ហុង សុខហួរ ត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន៖ បទ ក្លែងឯកសារសាធារណៈ , ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទាក់ ទងនឹងផែនទី និងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ៕

ឧទ្ធរណ៍ នឹងបើកសវនាការ សុំនៅក្រៅឃុំ លោក ហុង សុខហួរ ថ្ងៃ៤ វិច្ឆិកា