ADB គាំទ្រកម្ពុជា ក្នុងការរៀបចំ ផែនការ បរិស្ថានថ្មី

ភ្នំពេញ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ដែលហៅកាត់ថា ADB) នឹងផ្តល់ការគាំទ្រដល់ រដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ យុទ្ធសាស្ត្រ និងផែនការសកម្មភាព បរិស្ថានជាតិ (ដែលហៅកាត់ថា NESAP) ដើម្បីជួយដល់ប្រទេសនេះ ឲ្យ សម្រេចគោលដៅអភិវឌ្ឍន៍ របស់ខ្លួនប្រកបដោយចីរភាព។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ទើបចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា យុទ្ធសាស្ត្រ និងផែនការសកម្មភាព បរិស្ថានជាតិនេះ នឹងផ្តោតជាអាទិភាពលើ គោលនយោបាយ និងជម្រើសផ្តល់ ហិរញ្ញប្បទាននានា សំដៅធានាយ៉ាងណាឲ្យកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ប្រកបដោយ ចីរភាពដើម្បីក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ផែនការនេះត្រូវបានប្រកាសផ្សព្វផ្សាយដល់មន្ត្រីជាន់ខ្ពស់ មកពីក្រសួងចំនួន ១៧ រួមនឹងដៃគូអភិវឌ្ឍន៍ផង ក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងក្នុង រាជធានីភ្នំពេញ ក្រោម ការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ ក្នុងសន្ទរកថាបើកសិក្ខាសាលានេះថា «យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះ គឺជាយុទ្ធសាស្ត្រមួយ សម្រាប់ឲ្យក្រសួងទាំងអស់ ក៏ដូចជា វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដាក់បញ្ចូលក្តីបារម្ភនានាពាក់ព័ន្ធនឹងបរិស្ថាន ទៅក្នុងគោល នយោបាយសេដ្ឋកិច្ច និងការវិនិយោគ»។

លោកបន្ថែមទៀតថា អ្នកពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវតែសហការគ្នាឲ្យបានជិតស្និទ ដើម្បីសម្រេចគោលបំណង ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះ។

ក្រសួងបរិស្ថាន កំពុងសម្របសម្រួលដំណើរការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះឡើង ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីកម្មវិធីបរិស្ថានស្នូលនៃមហាអនុតំបន់ទន្លេមេគង្គ ដែល ដឹកនាំដោយធនាគារអភិវឌ្ឍន៍អាស៊ី។ ដំណើរការនេះធ្វើឡើង ក្រោមការដឹកនាំរបស់ក្រុមការងារមួយ ដែលមាន សមាសភាពជាតំណាងមកពីក្រសួងសំខាន់ចំនួន ១០។

លោក Pavit Ramachandran អ្នកឯកទេសជាន់ខ្ពស់ខាងបរិស្ថាន នៃនាយកដ្ឋានអាស៊ី អាគ្នេយ៍របស់ ADB បាន មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ហើយនឹងចូលរួម សហការឲ្យបានជិតស្និទជាមួយនឹងក្រសួងបរិស្ថាន ក៏ដូចជាអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល និងសង្គមស៊ីវិល ដទៃ ទៀត សំដៅធានាយ៉ាងណាឲ្យដំណើរការនៃការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះ ធ្វើឡើង ដោយមានការពិគ្រោះយោបល់ និងដាក់ចេញនូវសកម្មភាព និងអាទិភាពច្បាស់លាស់»។

យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិនេះ នឹងត្រូវបញ្ចប់រួចរាល់ ហើយរំពឹងថានឹងទទួលបាន ការអនុម័ត ពីរដ្ឋាភិបាល នៅចុងឆ្នាំ ២០១៦ ហើយវាក៏នឹងបំពេញបន្ថែមក្រម បរិស្ថានថ្មីដែលកំពុងតែរៀបចំ ផងដែរ។ ឯកសារ ទាំងនេះនឹងបង្កើតជាក្របខ័ណ្ឌច្បាប់ និងគោលការណ៍ ដើម្បីធានាយ៉ាងណាឲ្យមានការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវច្បាប់ទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹងបរិស្ថាន៕