តើ សៅ ឧត្តម និយាយ​អ្វី​ខ្លះ​ក្រោយ​បរាជ័យ​ក្នុង​កម្មវិធី Cambodian Idol យប់មិញ?

តើ សៅ ឧត្តម និយាយ​អ្វី​ខ្លះ​ក្រោយ​បរាជ័យ​ក្នុង​កម្មវិធី Cambodian Idol យប់មិញ?

នៅ​ទី​បំផុត​បេក្ខជន សៅ ឧត្ដម បាន​ត្រឹម​ពោល​ពាក្យ​សោកស្ដាយ ព្រោះ​មិន​អាច​នាំ​យក​ជ័យជម្នះ​ពី​កម្មវិធី Cambodian Idol សម្រាប់​អ្នក​គាំទ្រ​រូប​គេ ជា​ពិសេស​អ្នក​រស់​នៅ​ខេត្ត​ស្វាយរៀង​តែ​ម្ដង។

 

តើ សៅ ឧត្តម និយាយ​អ្វី​ខ្លះ​ក្រោយ​បរាជ័យ​ក្នុង​កម្មវិធី Cambodian Idol យប់មិញ?

 

រូបភាព៖ FB Cambodian Idol

 

“ខ្ញុំ​ស្ដាយ​នោះ ស្ដាយ​ពេក​ហើយ ដែល​ធ្វើ​ឱ្យ​បង​ប្អូន​អ្នក​គាំទ្រ​ខក​បំណង តែ​ធ្វើ​ម៉េច​ការ​ប្រកួត​មាន​ឈ្នះ​មាន​ចាញ់​អ៊ីចឹង​ហើយ ខ្ញុំ​ក៏​មិន​ចង់​ដែរ”។ សៅ ឧត្ដម ថ្លែង​មក​កាន់ Sabay ព្រឹក​មិញ។ បេក្ខជន​រូប​នេះ​បន្ត​ថា ដោយ​សារ​រូប​គេ​មាន​កំហុស​ឆ្គង​មួយ​ចំនួន​កាល​យប់​មិញ ខណៈ​សម្ដែង​លើ​ឆាក​នៅ​ចំពោះ​មុខ​គណៈកម្មការ និង​ទស្សនិកជន។ ក្នុង​នោះ​រូប​គេ ច្រៀង​ចូល​ខុស​ចង្វាក់​ភ្លេង​​បទ “Rock n Roll” នៅ​ជុំ​ទី៣​ជា​ដើម។

 

ឧត្ដម បញ្ជាក់​ថា កំហុស​ទាំង​នោះ កើត​ចេញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ផង លាយឡំ​ដោយ​ក្ដី​ភ័យ​រំភើប​ផង ទើប​បង្ក​ជា​កំហុស​ឆ្គង​ដូច្នេះ ដែល​បន្សល់​ទុក​នូវ​ការ​សោកស្ដាយ​សម្រាប់​ខ្លួន​ឯង និង​ការ​ខក​បំណង​ដល់​អ្នក​គាំទ្រ​ទាំង​ឡាយ​តាំង​ពី​វគ្គ​ដំបូង​រហូត​មក​ដល់​បញ្ចប់។

 

ជាមួយ​គ្នា​នោះ សៅ ឧត្ដម បន្ថែម​ទៀត​ថា រូប​គេ​នៅ​មិន​ទាន់​ដឹង​ត្រូវ​ទៅ​ណា​នៅ​ឡើយ ដោយ​កំពុង​រង់​ចាំ​ដំណឹង​ពី​ទូរទស្សន៍​ហង្ស​មាស​បន្ត​ទៀត​សិន។ ប៉ុន្តែ​អ្នក​ខេត្ត​ស្វាយរៀង​ខាង​លើ​អះអាង​ថា ជីវិត​​មាន​ភាព​ផ្លាស់ប្ដូរ​ច្រើន​ជាង​ពី​មុន ក្រោយ​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​មួយ​នេះ​ រួម​មាន​សមត្ថភាព​ច្រៀង​ជា​ដើម ក្រោយ​ការ​ហ្វឹកហាត់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក ។

 

បេក្ខជន​វ័យ ២៩ ឆ្នាំ​រូប​នេះ​ សង្ឃឹម​ថា មហាជន​ទូទៅ​នៅ​តែ​មាន​ការ​គាំទ្រ​ដដែល ទោះ​បី​ជា​រូប​គេ​បរាជ័យ​ក្នុង​ការ​ប្រកួតប្រជែង​សមត្ថភាព​លើក​នេះ​ក៏​ដោយ។ បេក្ខជន​រូប​នេះ​សោកស្ដាយ ដែល​មិន​អាច​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ ជា​ពិសេស​មិន​បាន​លើក​មុខមាត់​ដល់​អ្នក​រស់​នៅ​ខេត្ត​ស្វាយរៀង ជា​ទី​កន្លែង​ផ្ដល់​កំណើត​កម្សត់កម្រ៕​

 

អាន​អត្ថបទ៖  ម៉ៅ ហាជី ទោះ​ធ្លាក់​ពី Cambodian Idol តែ​ចង់​បន្ត​អាជីព​តារា​ចម្រៀង​នៅ​ភ្នំពេញ

 

អាន​អត្ថបទ៖  ទី​បំផុត នី រតនា ឈ្នះ​ជយលាភី Cambodian Idol រដូវ​កាល​ទី​១

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ Page Cambodian Idol