​ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រ​ប្រទេស​កម្ពុជា ក្នុងការ​រៀបចំ​ផែនការ​បរិស្ថាន​ថ្មី

ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្តល់​ការគាំទ្រ​ដល់ រដ្ឋាភិបាល​កម្ពុជា ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ ដែល​ហៅ​កាត់​ថា NESAP ដើម្បី​ជួយ​ដល់​ប្រទេស​នេះ ឲ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន ប្រកបដោយ​ចីរភាព​។​

​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ នឹង​ផ្តោត​ជា​អាទិភាព​លើ គោលនយោបាយ និង​ជម្រើស​ផ្តល់​ហិរញ្ញប្បទាន​នានា សំដៅ​ធានា​យ៉ាងណា ឲ្យ​កិច្ច​គាំពារ​បរិស្ថាន និង​ការគ្រប់គ្រង ធនធាន​ហិរញ្ញវត្ថុ ប្រកបដោយ​ចីរភាព ដើម្បី​ក្លាយជា​សសរស្តម្ភ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។  ផែនការ​នេះ ត្រូវបាន​ប្រកាស ផ្សព្វផ្សាយ​ដល់​មន្ត្រីជាន់ខ្ពស់ មកពី​ក្រសួង​ចំនួន ១៧ រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​ផង ក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការគាំទ្រ​ពី ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ ក្នុង​សន្ទរកថា​បើក សិក្ខាសាលា​នេះ​ថា “​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ សម្រាប់​ឲ្យ​ក្រសួង​ទាំងអស់ ក៏ដូចជា វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ដាក់បញ្ចូល​ក្តីបារម្ភ​នានា ពាក់ព័ន្ធ​នឹង​បរិស្ថាន ទៅក្នុង​គោលនយោបាយ​សេដ្ឋកិច្ច និង​ការវិនិយោគ​”​។

​លោក​បាន​បន្ថែមទៀតថា អ្នកពាក់ព័ន្ធ​ទាំងអស់ ចាំបាច់​ត្រូវតែ​សហការគ្នា ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​សម្រេច​គោលបំណង ដែល​បាន​ដាក់ចេញ​ក្នុង     យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ​។
 
​ក្រសួងបរិស្ថាន កំពុង​សម្របសម្រួល ដំណើរការ​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ​ឡើង ជាមួយនឹង​ការគាំទ្រ ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ពី​កម្មវិធី​បរិស្ថាន​ស្នូល នៃ​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ដឹកនាំ​ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី​។ ដំណើរការ​នេះ ធ្វើឡើង ក្រោម​ការដឹកនាំ​របស់ ក្រុមការងារ​មួយ ដែលមាន​សមាស​ភាពជា​តំណាង មកពី​ក្រសួង​សំខាន់​ចំនួន ១០​។​

​លោក Pavit Ramachandran អ្នកឯកទេស​ជាន់ខ្ពស់ ខាង​បរិស្ថាន នៃ​នាយកដ្ឋាន​អាស៊ី អាគ្នេយ៍ របស់ ADB បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ហើយនឹង​ចូលរួម​សហកា​រ ឲ្យ​បាន​ជិតស្និទ ជាមួយនឹង​ក្រសួងបរិស្ថាន ក៏ដូចជា​អ្នកពាក់ព័ន្ធ មកពី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ដទៃទៀត សំដៅ​ធានា​យ៉ាងណា ឲ្យ​ដំណើរការ​នៃ ការរៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ ធ្វើឡើង​ដោយមាន​ការ ពិគ្រោះ​យោបល់ និង​ដាក់ចេញ​នូវ​សកម្មភាព និង​អាទិភាព​ច្បាស់លាស់​។​

​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព បរិស្ថាន​ជាតិ​នេះ នឹងត្រូវ​បញ្ចប់​រួចរាល់ ហើយ​រំពឹងថា នឹង​ទទួលបាន​ការអនុម័ត ពី​រដ្ឋាភិបាល នៅ​ចុងឆ្នាំ​២០១៦ ហើយ​វា​ក៏​នឹង​បំពេញបន្ថែម ក្រម​បរិស្ថាន​ថ្មី ដែល​កំពុងតែ​រៀបចំ​ផងដែរ​។ ឯកសារ​ទាំងនេះ នឹង​បង្កើតជា​ក្របខ័ណ្ឌ​ច្បាប់ និង​គោលការណ៍ ដើម្បី​ធានា​យ៉ាងណា ឲ្យ​មានការ​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព នូវ​ច្បាប់​ទាំងអស់ ដែល​ពាក់ព័ន្ធ ជាមួយនឹង​បរិស្ថាន​៕V/S

​ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រ​ប្រទេស​កម្ពុជា ក្នុងការ​រៀបចំ​ផែនការ​បរិស្ថាន​ថ្មី