​ចោរ​ម្នាក់ ក្នុងចំណោម ២​នាក់ ត្រួវ​ប្រជាពលរដ្ឋ ព្រួត​វាយ​បណ្ដាល​ឲ្យ​ស្លាប់​

កណ្តាល: យុវជន​២​នាក់ ជា​ចោរ​កាច់ក​ម៉ូតូ ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​ព្រួត​វាយ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រីឯ​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង​១០:៤០ ថៃ្ង​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ខាងកើត​វត្ត​អង្គ​ព​ពាយ ឋិត​ក្នុងភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​នគរបាល បាន​ឲ្យ​ដឹងថា ឈ្មោះ ប៊ូ ប៊ុន​ធួន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​គ្រូបង្រៀន នៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ Dream08 ពាក់​ស្លាក​លេខ កោះកុង 1A-0559 ទៅ​ច្រូតស្មៅ​ដោយ​ទុក​ម៉ូតូ​នៅលើ​ខ្នង​អាង ហើយ​ច្រូតស្មៅ ចំងាយ​ពី​ម៉ូតូ​ប្រហែល​២០០​ម៉ែត្រ​។ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដោយ​ម្នាក់​អង្គុយ​នៅលើ​ម៉ូតូ ហើយ​ម្នាក់ទៀត ដើរ​ចូលទៅ​កាច់​សោ​រក​ម៉ូតូ​។ ពេលនោះ​ជនរងគ្រោះ​បាន​ក្រឡេកឃើញ​ទាន់ ហើយ​ស្រែ​ថា​ជួយ​ផង​ចោរលួច​ម៉ូតូ ។​

​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ រត់គេចខ្លួន ស្របពេល​ជាមួយគ្នា​នោះ អ្នកភូមិ​ជួយ​ដេញ ដោយ​ស្រែកថា ចោរៗ បណ្តើរ ដេញ​បណ្តើរ រហូតមកដល់​ផ្លូវលំ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​បុក​បារាស់​ប្រជា​ការពារ​ភូមិ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ស្ទុះ​រត់គេចខ្លួន ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់បាន វាយ​ជនសង្ស័យ​រហូតដល់​ស្លា​ប់ ក្នុង​ដីឡូត៍​ខាងក្រោយ​វត្ត​ស្ងួន​ពេជ្រ ទើប​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​៕V