សហភាព សហព័ន្ធ យុវជន​កម្ពុជា នឹងត្រូវ​ទទួលពានរ​ង្វាន់ «​ប្រជាជន​អាស៊ាន​»

​សហភាព សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹងត្រូវ​ទទួល​ជ័យលាភី​ពានរង្វាន់ «​ប្រជាជន​អាស៊ាន​» នៅ​ថ្ងៃទី​២១ វិច្ឆិកា នៅ​ប្រទេស​ម៉ាឡេស៊ី ។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ពិនិត្យ​និង​វាយតម្លៃ​លើ​សកម្មភាពរ​បស់​ស្ថាប័ន ស​.​ស​.​យ​.​ក នេះ ហើយ​បានជ្រើសរើស​ជា​ស្ថាប័ន​គំរូ តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុងការ​ទទួលពានរ​ង្វាន់ «​ប្រជាជន​អាស៊ាន​»​។​

​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា មានប្រសាសន៍ថា គណកម្មការ​ចំនួន​៥ បាន​ពិនិត្យ​និង​វិនិច្ឆ័យ​លើ សមាគមន៍ អង្គការ និង​ស្ថាប័ន​ផ្សេងៗ​ដែល​បាន​ចូលរួម​ប្រឡង​ពាន់រង្វាន់​«​ប្រជាជន​អាស៊ាន​»​នេះ​។ លោក​ថា ក្រោយពី​វិនិច្ឆ័យ​រួចមក គណកម្មការ​ទាំងអស់ ក៏បាន​សម្រេច​ជ្រើសរើស សហភាព សហព័ន្ធ យុវជន​កម្ពុជា ដែលជា​ស្ថាប័ន​គំរូ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ក្នុងការ​ទទួលបាន​ពានរង្វាន់​«​ប្រជាជន​អាស៊ាន​»​។

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រូបនេះ បន្ថែមថា មូលហេតុ​ដែល ស​.​ស​.​យ​.​ក ទទួលបាន​ជ័យលាភី «​ប្រជាជន​អាស៊ាន​» នេះ ដោយសារតែ​ស្ថាប័ន​មួយ​នេះ​មាន​សកម្មភាព និង​វិសាលភាព​យ៉ាង​ទូលាយ​ជាច្រើន ក្នុង​ការជួយ​ចូលរួមចំណែក​លើកកម្ពស់​វប្បធម៌ ការរួបរួម​យុវជន​ក្នុងការ​អភិវឌ្ឍ​ជាតិ និង​ក្នុង​ក្របខណ្ឌ​អាស៊ាន ដែល​ធ្វើ​ឲ្យ​សហគមន៍​អាស៊ាន​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថាប័ន​នេះ​។​

​ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហព័ន្ធ យុវជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ហោ ណាំហុង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ផ្ទាល់ និង​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងអស់ មានការ​រីករាយ​ណាស់ ដែល ស​.​ស​.​យ​.​ក បានទទួល​ជ័យលាភី​នេះ​។ ហើយ​ជ័យលាភី​មិនមែន​គ្រាន់តែ​កិត្តិយស​របស់ ស​.​ស​.​យ​.​ក ទេ គឺជា​កិត្តិយស​របស់​ជាតិ​យើង ប្រជាជន​ទាំងអស់​…​។ ដូច្នេះ​យើងខ្ញុំ​ជា​ក្រសួងការបរទេស គណៈកម្មការ​នេះ យល់ឃើញថា​ជាការ​សមស្រប​បំផុត​ដែល ស​.​ស​.​យ​.​ក បានទទួល​ជ័យលាភី​នេះ​»​។​

​ប្រធាន​សហភាព សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ជ័យលាភី​ពានរង្វាន់ «​ប្រជាជន​អាស៊ាន​»​នេះ គឺជា​ជោគជ័យ​ថ្មី​មួយទៀត​របស់ ស​.​ស​.​យ​.​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅក្នុង​ការចូលរួម​សកម្មភាព​នានា​របស់ខ្លួន​កន្លងមក​។  លោក​ថា ជ័យលាភី​នេះ ក៏​ជំរុញ​និង​លើកទឹកចិត្ត ស​.​ស​.​យ​.​ក បន្ថែមទៀត ក្នុងការ​បន្ដសកម្មភាព​ខ្លួន​នៅក្នុង​ការចូលរួម​កិច្ចការ​សង្គម​។

​គួរ​បញ្ជាក់ថា ពានរង្វាន់ «​ប្រជាជន​អាស៊ាន​» នេះ ត្រូវបាន​រៀបចំឡើង​ដោយ ប្រទេស​ម៉ាឡេស៊ី ដែលជា​ម្ចាស់ផ្ទះ​អាស៊ាន ក្នុង​គោលបំណង​ប្រគល់​ជ័យលាភី ទៅដល់​អង្គការ សមាគមន៍ និង​ស្ថាប័ន​នានា ដែល​បានធ្វើ​សកម្មភាព​សង្គម​យ៉ាង​ទូលំទូលាយ​ជាងគេ ក្នុង​បណ្ដា​ប្រទេស​នីមួយ ដែលជា​សមាជិក​អាស៊ាន​ទាំងអស់​។ អង្គការ សមាគមន៍ និង​ស្ថាប័ន​នានា ដែល​ត្រូវបាន​ក្រសួងការបរទេស​នៃ​ប្រទេស​ខ្លួន​ជ្រើសរើស​ឲ្យ​ជាប់​ជ័យលាភី​នោះ នឹងត្រូវ​ទទួលពានរ​ង្វាន់ «​ប្រជាជន​អាស៊ាន​» នៅ​ថ្ងៃទី​២១ វិច្ឆិកា នៅ​ប្រទេស​ម៉ាឡេស៊ី​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​