បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​


បន្ទាប់ពីបានឈ្នះ ជាប់ជាបវរកញ្ញាឆ្នាំ២០១៥ ប្រចាំប្រទេសថៃរួច កញ្ញា កានីថា ផាសឿង (Khanittha Phasaeng) បាន​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​វិញ ដើម្បីថ្លែងអំណរអរគុណ ដល់​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​នាង។ រូបភាព​លុត​ជង្គង់ និងអោន​ក្បាល​ដល់ចុង​ជើង​ម្ដាយ របស់​បវរកញ្ញា បាន​បង្ក​ការ​រំជួល​ចិត្ត​ពាសពេញ​ពិភពលោក។
បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​

បវរកញ្ញាថៃ នាង កានីថា ផាសឿង លុតជង្គង់សំពះចុងជើងម្ដាយ បង្កការរំជួលចិត្តពេញពិភពលោក។ (រូបថតទ្វីសធើរ)

មានអាយុត្រឹមតែ១៧ឆ្នាំ កញ្ញា កានីថា ផាសឿង បានជាប់ជារាជនីសម្ផស្ស របស់ប្រទេសថៃ ឆ្នាំ២០១៥នេះ​ទៅហើយ។ ប៉ុន្តែកាយវិការរបស់នាង នៅចំពោះអ្នកមានគុណ បានធ្វើឲ្យអ្នកផងនិយាយពីនាង កាន់តែខ្លាំង​ថែមទៀត និងនៅពាសពេញពិភពលោក។ កាយវិការដែលប្រទេសមួយចំនួន នៅទ្វីបអាស៊ី ជាពិសេស​កម្ពុជា ចាត់ទុកថាមិនអាចខ្វះបាន សម្រាប់មនុស្សដែលខ្លួនគោរពខ្លាំង ដូចជា ម្ដាយឪពុកបង្កើត ព្រះសង្ឃ ឬព្រះ​មហាក្សត្រ​ជាដើម។

បន្ទាប់ពីបានឈ្នះម្កុដពេជ្រ គ្រប់គ្រងតំណែង ជាស្ត្រីកំពូលសម្រស់ នៃឆ្នាំ២០១៥នេះមក ម្ចាស់ជ័យលាភី​វ័យក្មេង បានវិលត្រឡប់ មកកាន់ស្រុកកំណើតរបស់នាងវិញ។ មានមូលហេតុអ្វី? គឺដើម្បីសម្ដែងគារវកិច្ច ដល់ស្ត្រីម្នាក់ ដែលបានបង្កើត ចិញ្ចឹម និងថែរក្សា ឲ្យកម្លាំងចិត្តនាង រហូតដល់វ័យប៉ុណ្ណេះ។ រូបថតរបស់​បវរកញ្ញា ដែលឃើញលុតជង្គង់ សំពះ និងអោនក្បាល ទៅដល់ចុងជើងម្ដាយ ត្រូវបានសារព័ត៌មាន​ប្រចាំ​ថ្ងៃ​អង់គ្លេស «Daily Mail» យកមកចុះផ្សាយ ហើយត្រូវបានបន្តចែកផ្សាយ យ៉ាងគគ្រឹកគគ្រេងនៅលើ​បណ្ដាញ​សង្គម។

បវរកញ្ញា កានីថា ផាសឿង ដែលបានឈ្នះតំណែងនេះ កាលពីខែកន្លងទៅ បានសម្ដែងការដឹងគុណ ទៅ​ដល់ម្ដាយនាង ដែលបានធ្វើអ្វីគ្រប់យ៉ាង ក្នុងទំនុបបម្រុងនាង រហូតមកដល់ថ្ងៃនេះ។ នាងបានប្រកាស​ឲ្យ​ដឹង​ទៀតថា ការងារដែលម្ដាយនាងបានធ្វើ ដើម្បីរកប្រាក់មកចិញ្ចឹមនាង និងគ្រួសារ គឺ«រើសសម្រាម»។ នាង​បាន​និយាយយ៉ាងមុតមាំថា គឺការងារនេះហើយ ដែលបានធ្វើឲ្យនាង ក្លាយជាបវរកញ្ញា។

គេហទំព័រ «DramaFever News» បានអះអាងបន្ថែមថា បវរកញ្ញាជាប់តំណែងថ្មី មិនមានភាពខ្មាសអៀន នឹង​ស្ថានភាពក្រីក្ររបស់គ្រួសារ និងម្ដាយនាងនោះទេ។ នាងបានថ្លែងឲ្យដឹងថា៖ «យើងរកស៊ីចញ្ចឹមជីវិត ដោយ​ធ្វើ​ការងារត្រឹមត្រូវ។ ដូច្នេះ វាមិនមានមូលហេតុអ្វី ដែលធ្វើឲ្យខ្ញុំអន់ ថោកទាបនោះឡើយ។» នាងបាន​អះ​អាង​ថា ខ្លួននាងក៏បានធ្លាប់ជួយម្ដាយនាង ដោយការដើររើសកាកសំណល់នានា ដើម្បីយកមកលក់ រកប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារនោះដែរ៕


» រូបភាពមួយចំនួន របស់នាង កានីថា ផាសឿង៖

បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​


បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​


បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​