ថៅកែ​ថៃ​ចាត់​ទុក​ពលករ​ខ្មែរ​ជា​កម្លាំង​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​ខ្លួន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ពលករ​កម្ពុជា​ជា​ច្រើន​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ ក្រុមហ៊ុន​មួយ​ដែល​ល្បីឈ្មោះ​របស់​ថៃ និង​ជា​ក្រុមហ៊ុន​បោះទុន​វិនិយោគ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត បាន​ចាត់​ទុក​ពលករ​ខ្មែរ​ដែល​កំពុង​បំពេញការងារ​ឱ្យ​ខ្លួន​ថា ជា​កម្លាំង​ច​លករ​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ ។

លោក ស៊ូ​ឆាត ស៊ី​ទី​ត​ឆៃ អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី បាន​មាន​ប្រសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​ថៃ ក្នុងក្រុមហ៊ុន​ស៊ី​ភី កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖ «​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ស៊ី​ភី ក្នុង​ខេត្ត​នគ​រាជ​សី​ម៉ា មាន​ចំនួន​ប្រមាណ​២.០០០​នាក់ ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ។

ក្រុមហ៊ុន​បាន​ផ្ដល់​សិទ្ធិ​ស្មើគ្នា​ជូន​កម្មករ​មក​ពី​កម្ពុជា ដោយ​គ្មាន​ការ​រើសអើង ។ ក្រុមហ៊ុន​ក៏​អនុ​ឡោម​តាម​គោលការណ៍​ច្បាប់​ការងារ ដែល​ព្រមព្រៀង​ដោយ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​ផង​ដែរ ។ ពលករ​ខ្មែរ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់​យើង ក្រៅពី​ទទួល​បាន​ប្រាក់ខែ​ទៀងទាត់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​ហើយ ពួក​គេ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក ដោយ​ទទួល​បាន​ប្រាក់​បន្ថែម​ម៉ោង និង​អាច​ធ្វើ​ដំណើរ​ចេញចូល​ដោយ​សេរី​ក្នុង​ប្រទេស​ថៃ ឬ​ក៏​ទៅ​លេង​ស្រុក​កំណើត​របស់​ខ្លួន​ជាដើម​» ។

លោក​បន្ត​ថា ៖ «​ពលករ​ខ្មែរ​ត្រូវ​បាន​ក្រុមហ៊ុន​ផ្តល់​ជូន​កន្លែង​ស្នាក់​នៅ ថ្លៃ​ទឹក ថ្លៃ​ភ្លើង ដោយ​មិន​គិតការ​ប្រាក់​ទៀត​ផង ។ ពួក​គេ​អាច​រក​ចំណូល​បានជា​មធ្យម​ជាង​៤០០​បាត ឬ​ស្មើនឹង​ជាង​១០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ​» ។

លោក​ជំទាវ អិុត សុភា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «​ពលករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​បរទេស មិន​ថា​តែ​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេង​ៗ​ឡើយ ពួក​គេ​មិន​ឯកោ​ទេ ព្រោះ​មាន​តំណាង​ស្ថានទូត​ចាំ​ជួយ និង​ដោះស្រាយ​រាល់ពេល​ដែល​មាន​បញ្ហា​ណាមួយ​កើតឡើង​ចំពោះ​មុខ​» ។

លោក​បណ្ឌិត ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូច​ជា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប កា​ណា​ដា ជប៉ុន ចិន សិង្ហ​បុរី និង​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ជាង​កម្ពុជា ដូច​ជា ថៃ ម៉ា​ឡេ​ស៊ី ដែល​កំណើន​អត្រា​ប្រជាជន​របស់​គេ​មាន​កម្រិត​ទាប ហើយ​មាន​វ័យ​ចំណាស់​ផង​ដែរ ។ ពួក​គេ​គ្មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​ឧស្សាហកម្ម​បាន​ទេ ចំណែក​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា​ចិន សូ​ម្បី​តែ​គម្រោង ក៏​គ្មាន​កម្លាំង​ពលកម្ម​ដែរ ដែល​ឧស្សាហកម្ម​ទាំងមូល​ត្រូវ​ប្រើ​មនុស្ស​យន្ត​ជំនួស​» ។

លោក​បន្ត​ថា ៖ «​ទាក់ទង​នឹង​ក្រុមហ៊ុន​ថៃ​និយាយ​ថា ពលករ​ខ្មែរ​ជា​កម្លាំង​ច​លករ​ស្នូល​នៃ​សេដ្ឋកិច្ចជាតិ​របស់​ថៃ​នោះ គឺជា​ការ​ត្រឹមត្រូវ ។ កម្លាំង​ពលករ​កម្ពុជា គឺ​មាន​វ័យក្មេង​និង​ស្វាហាប់ ហើយ​ត្រូវ​បាន​ទទួល​បានការ​បណ្តុះបណ្តាល និង​ធ្វើការ​តាម​វិស័យ​ផ្សេង​ៗ​នៅ​ថៃ​បាន (​វិស័យ​កសិកម្ម​ឧស្សាហកម្ម ឧស្សាហកម្ម​សំណង់ និង​សេវាកម្ម​)» ។

ទាក់ទង​នឹង​ការ​ធ្វើ​ចំណាកស្រុក​របស់​ពលរដ្ឋ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ជា​ពិសេស​ប្រទេស​ថៃ លោក ស្រី ច​ន្ធី បាន​មាន​ប្រសាសន៍​បន្ត​ថា ៖ «​ខ្ញុំ​ខ្លាច​ថា ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​នៃ​កម្លាំង​ពលករ​ខ្មែរ អាច​មាន​បញ្ហា​ដល់​ការ​សម្រេច​បាន​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ដែល​អនុម័ត​នា​ពេល​ថ្មី​នេះ​» ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ «​គិត​ត្រឹម​ចុងឆ្នាំ​២០១៤​កន្លង​មកនេះ ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​ថៃ ជាង​៦០​ម៉ឺន​នាក់​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​មាន​ឯកសារ​ត្រឹមត្រូវ​តែ​ជាង​១៥​ម៉ឺន​នាក់ ។ ដូចនេះ សរុប​ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​មាន​ជាង​៧០​ម៉ឺន​នាក់ ។ ជា​រៀង​រាល់​ឆ្នាំ មាន​ពលករ​កម្ពុជា​ចាកចេញ​ទៅ​ធ្វើការ​នៅ​ថៃ​ជា​បន្តបន្ទាប់​ផង​ដែរ​» ។

លោក​បន្ត​ថា ៖ «​សម្រាប់​ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ​ក្នុង​មួយ​ឆ្នាំ​ៗ អ្នកមាន​ឯកសារ​ត្រឹមត្រូវ​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ដោយ​ធ្វើការ​តាម​ផ្នែក​ផ្សេង​ៗ​ដូច​ជា រោងចក្រ​ផលិត​សម្ភារ ផ្នែក​សំណង់ កសិកម្ម និង​នេសាទ ក្នុង​នោះ ផ្នែក​រោងចក្រ ជា​ផ្នែក​មួយ​មាន​តម្រូវការ​ច្រើន និង​មាន​បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​ច្រើន​ជាងគេ​» ។

បើ​តាម​លោក ហេង សួរ ពលករ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ថៃ ក្នុង​មួយ​ខែ​ៗ​អាច​មាន​លទ្ធភាព​បង្វិលប្រាក់​មក​ក្រុម​គ្រួសារ​វិញ ក្នុង​ម្នាក់​ៗ​ប្រមាណ​១០០​ដុល្លារ ហើយ​សរុប​ក្នុង​មួយ​ខែ​ពលករ​នៅ​ថៃ​ទាំងអស់​អាច​បង្វិលប្រាក់​មក​ស្រុក​ប្រមាណ​ជា​៧០​លាន​ដុល្លារ និង​មួយ​ឆ្នាំ​ជាង​៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕