​មតិ​លោក​ប្រាក់ សុវណ្ណរ៉ា និង​ស៊ូ យ៉ាទី ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ ២-០

​មតិ​លោក​ប្រាក់ សុវណ្ណរ៉ា និង​ស៊ូ យ៉ាទី ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ ២-០

ក្លិប​បឹង​កេត​អង្គរ​ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ទៅ​លេង​នៅ​ពាន​រង្វាន់ Toyota Mekong Cup 2015 ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Lao Toyota FC ​ក្នុង​ប្រទេស​ឡាវ​កាល​ពី​ម្សិលមិញ​នេះ ដោយ​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ជុំ​ដំបូង​សន្សំ​ពិន្ទុ។

 

​មតិ​លោក​ប្រាក់ សុវណ្ណរ៉ា និង​ស៊ូ យ៉ាទី ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ ២-០

 ស៊ូ យ៉ាទី សង្គ្រោះបាល់

 

២​គ្រាប់​របស់​ក្រុម​បឹង​កេត​នោះ​ធ្វើ​បាន​ដោយ​កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ​នៅ​នាទី​៤៤ និង​៨៨ ខណៈ​ដែល​ខាង​ក្រុម​ម្ចាស់​ផ្ទះ​ឡាវ​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច​នោះ​ទេ ពោល​គឺ​ខ្សែ​ប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីក​កំពូល Lao Premier League ​កីឡាករ​ជប៉ុន Kazuo Homma ​នោះ ​មិន​អាច​អូស​ផុត​ពី ​សុខ សុវណ្ណ , ទូច បញ្ញារ៉ុង , រស់ សំអឿន​និង​ហុង ផេង​បាន​នោះ​ទេ  ​ជា​ពិសេស​អ្នក​ចាំ​ទី ស៊ូ យ៉ាទី​តែ​ម្ដង។

 

ក្រោយ​ចប់​ការ​ប្រកួត លោក David Booth ​គ្រូ​បង្វឹក​របស់​ក្លិប Lao Toyota FC ​បាន​និយាយ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ខ្លួន​ដែរ​ថា៖ “​យើង​មាន​ឱកាស​ច្រើន​ដែរ តែ​យើង​មិន​អាច​ធ្វើ​វា​ឱ្យ​សម្រេច​បាន។ ប្រសិន​បើ​យើង​អាច​រក​គ្រាប់​បាល់​បាន​ក្នុង​ឱកាស​នោះ យើង​បាន​ឈ្នះ​ទៅ​ហើយ។ ឥឡូវ​យើង​មាន​តែ​រង់ចាំ​ឱកាស​មួយ​ទៀត​ជាមួយ​ក្រុម Yangon ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ប៉ុណ្ណោះ”។

 

​មតិ​លោក​ប្រាក់ សុវណ្ណរ៉ា និង​ស៊ូ យ៉ាទី ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ ២-០

  លោក David Booth ​គ្រូ​បង្វឹក​របស់​ក្លិប Lao Toyota FC

 

ងាក​ទៅ​ខាង​លោក ​ប្រាក់ សុវណ្ណរ៉ា ​គ្រូ​បង្វឹក​បឹងកេត​វិញ​បាន​និយាយ​ដែរ​ថា៖ “​យើង​លេង​ល្អ មាន​លក្ខណៈ​ជា​ក្រុម ហើយ ចាន់ វឌ្ឍនាកា ​អាច​រក​គ្រាប់​បាល់​បាន។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ចំពោះ​ទម្រង់​លេង​លក្ខណៈ​ជា​ក្រុម​នេះ។ ជ័យជម្នះ​នេះ បាន​ធ្វើ​ឱ្យ​យើង​មាន​ទំនុក​ចិត្ត​ថែម​ទៀត ចំពោះ​ការ​ប្រកួត​នៅ​លីក​កម្ពុជា​ ក៏​ដូចជា​ការ​ប្រកួត​ជាមួយ​ក្រុម Yangon ​ដែល​ធ្វើ​ឡើង​នៅ​ដី​កម្ពុជា​នោះ”។

 

​មតិ​លោក​ប្រាក់ សុវណ្ណរ៉ា និង​ស៊ូ យ៉ាទី ក្រោយ​ឈ្នះ​ក្រុម​ខ្លាំង​ឡាវ ២-០

 លោក ​ប្រាក់ សុវណ្ណរ៉ា

 

ចំពោះ​កីឡាករ​ដែល​ក្លាយ​ជា Man Of The Match ​ក្នុង​ការ​ប្រកួត​ខាង​លើ ស៊ូ យ៉ាទី ​វិញ​បាន​បញ្ចេញ​អារម្មណ៍​ដែរ​ថា៖ “ខ្ញុំ​តែងតែ​ព្យាយាម​លេង​ឱ្យ​ល្អ ហើយ​ប្រកួត​នេះ​ក៏​មិន​ខុស​គ្នា​ដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​បាន​មក​ដល់​ទី​នេះ ហើយ​ទទួល​បាន​អ្វី​ដែល​យើង​ត្រូវ​ការ ជា​ពិសេស​ជ័យជម្នះ​នៅ​ក្រៅ​ដី​នេះ” ។

 

​ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯកYangon United ​របស់​មីយ៉ាន់ម៉ា ​នៅ​ថ្ងៃ​ទី​​២៩​ខែ​វិច្ឆិកា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ប្រសិន​បើ​ក្រុម​នេះ​ឈ្នះ​ទៀត នឹង​មាន​ឱកាស​ឡើង​ទៅ​ប៉ះ​ក្រុម​វៀតណាម Becamex Binh Duong FC ​នៅ​ថ្ងៃ​ទី​៦​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម។ ដោយ​ឡែក បើ​ឈ្នះ​ក្រុម​វៀតណាម​ទៀត ​បឹង​កេត​នឹង​ត្រូវ​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​ថៃ(មិន​ទាន់​ច្បាស់​ថា Sisaket ​ឬ Buriram United ) ​ដណ្ដើម​ពាន​រង្វាន់ Toyota Mekong Cup ឆ្នាំ​២០១៥​នេះ​តែ​ម្ដង៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ toyotamekongfootball
រូបថត៖ LAO Toyota F.C.