ម៉ា​ឡេ​ស៊ី​ប្តេជ្ញា​ស្រូប​យក​ចំណូលពី​វិស័យ​ទេសចរណ៍​ឱ្យ​បាន​168ប៊ី​លាន​រីង​ហ្គី​ត​នៅ​ឆ្នាំ​2020

គូ​ឡា​ឡាំ​ពួ​, ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ម៉ា​ឡេ​ស៊ី ជា​ប្រទេស​គោលដៅ​ទេសចរណ៍​ដ៏​ប្រណីត​មួយ​នៅ​ក្នុង​តំបន់​អាស៊ី ។ នៅ​ក្នុង​ឆ្នាំ​២០១៤ ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​១​ស​ប្ដា​ហ៍​មាន​ចំនួន​៥២៨.៨៤៦​នាក់ ទទួល​បាន​ចំណូល​១,៣៨​ប៊ី​លាន​រីង​ហ្គី​ត ។ ក្នុង​១​ថ្ងៃ​មាន​ចំនួន​៧៥.៣៤២​នាក់ ទទួល​បាន​ចំណូល​១៩៧,៨​លាន​រីង​ហ្គី​ត ហើយ​ក្នុង​១​ម៉ោង​ចំនួន​៣.១៣៩​នាក់ ទទួល​បាន​ចំណូល​៨,២៤​លាន​រីង​ហ្គី​ត ។ ចំណែក​នៅ​ក្នុង​ឆ្នាំ​២០១៤​ទាំងមូល ម៉ា​ឡេ​ស៊ី​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ដ​ពី​ជុំវិញ​ពិភពលោក​ចំនួន​២៧,៥​លាន​នាក់ ដោយ​ស្រូប​យក​ចំណូល​ពី​វិស័យ​មួយ​នេះ​ចំនួន​៧២​ប៊ី​លាន​រីង​ហ្គី​ត ស្មើនឹង​ប្រមាណ​៦២៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ទោះបីជា​យ៉ាងណា នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៥​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ឃើញ​ថា កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ហាក់​មានការ​ធ្លាក់​ចុះ​បន្ដិច ។

ការ​ធ្លាក់​ចុះ​នេះ បើ​តាម​ការ​ផ្ដល់​បទ​សម្ភាសន៍​ពី​លោក Y. Bhg. Dato Hj. Azizan Norrdin អគ្គនាយករង​ផ្នែក​ផ្សព្វផ្សាយ​អន្តរជាតិ នៃ​វិស័យ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី បាន​ប្រាប់​ការី​និពន្ធ​សារព័ត៌មាន​កោះសន្ដិភាព នៅ​ឯ​ពហុ​កីឡដ្ឋាន Sepang International Circuit យ៉ាង​ដូច្នេះ​ថា ៖ «​ការ​ថមថយ​នេះ​នៃ​កំណើន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី ដោយសារ​ឧបទ្ទវហេតុ​បាត់​ដានជើង​យន្ដហោះ​ម៉ា​ឡេ​ស៊ី អ៊ែ​រឡាញ MH 370 កាលពី​អំឡុង​ដើមខែ​មីនា ឆ្នាំ​២០១៤​កន្លង​មក និង​ដោយសារ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចុះ ។ ប៉ុន្តែ​ចាប់ពី​ខែកក្កដា ដល់​ខែសីហា ឆ្នាំ​២០១៥ យើង​សង្កេត​ឃើញ​ថា​កំណើន​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​វិញ​»​។

ទន្ទឹម​នឹង​នោះ លោក​មាន​សុទិដ្ឋិនិយម​ថា ៖ «​នៅ​ដំណាច់ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី នឹង​កើនឡើង​យ៉ាង​ពិតប្រាកដ ព្រោះ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ប្រចាំឆ្នាំ​ចំនួន​៥០ ដូច​ជា ពិធីបុណ្យ​វប្បធម៌​ប្រពៃណី​ជាតិ និង​អន្តរជាតិ​សំខាន់​ៗ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត Formula 1 ការ​ប្រណាំង MotorGP អន្តរជាតិ ការ​ជិះ​ម៉ូតូ​បោះ​ជុំ និង​កម្មវិធី​ពិសេស​ៗ​ជា​ច្រើន​ទៀត ដើម្បី​ស្វាគមន៍​ដំណើរ​កម្សាន្ដ​របស់​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក ។ ជាមួយ​គ្នា​នេះ នៅ​ឆ្នាំ​២០២០​ខាង​មុខ យើង​បាន​ដាក់​ទិស​ដៅ​ថា នឹង​ប្ដេជ្ញា​សម្រេច​ឲ្យ​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី​ចំនួន​៣៦​លាន​នាក់ និង​ស្រូប​យក​ចំណូល​ឲ្យ​បាន​ចំនួន​១៦៨​ប៊ី​លាន​រីង​ហ្គី​ត​» ។

នៅ​ក្នុង​កម្មវិធី «​មហា​គ្រួសារ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី ឆ្នាំ​២០១៥» ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ Renaissnace កាលពី​ពេល​ថ្មី​ៗ​នេះ លោក Y. Bhg. Dato Hj. Azizan Norrdin អគ្គនាយករង​ផ្នែក​ផ្សព្វផ្សាយ​អន្តរជាតិ នៃ​វិស័យ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី ថ្លែង​ថា ៖ «​ភ្ញៀវ​ទេសចរ​ចំនួន​១០​ប្រទេស​ដែល​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី គឺ​ស្ថិត​នៅ​លំដាប់​កំពូល​ដូច​ជា សិង្ហ​បុរី​ឈរ​លេខ​រៀង​ទី​១ មាន​ចំនួន​ជាង​៣,២៤​លាន​នាក់​, ឥណ្ឌូ​ណេ​ស៊ី​ស្ថិត​នៅ​លំដាប់​ទី​២ មាន​ចំនួន​ជាង​៦៧,១​ម៉ឺន​នាក់​, ចិន​ស្ថិត​នៅ​លំដាប់​ទី​៣ មាន​ជាង​៣៧,៩​ម៉ឺន​នាក់​, ថៃ​ស្ថិត​នៅ​លំដាប់​ទី​៤ មាន​ចំនួន​ជាង​៣១,១​ម៉ឺន​នាក់ ។ ចំណែក​ព្រុយ​ណេ​ស្ថិត​នៅ​លំដាប់​ទី​៥ មាន​ចំនួន​ជាង​៣០,៥​ម៉ឺន​នាក់​, ឥណ្ឌា​ស្ថិត​នៅ​លេខ​រៀង​ទី​៦ មាន​ចំនួន​ជាង​១៧,៧​ម៉ឺន​នាក់​, ហ្វ៊ី​លី​ពី​ន​ស្ថិត​នៅ​លំដាប់​ទី​៧ មាន​ចំនួន​ជាង​១៣,៨​ម៉ឺន​នាក់​, ជប៉ុន​ស្ថិត​នៅ​លំដាប់​ទី​៨ មាន​ចំនួន​ជាង​១២,៥​ម៉ឺន​នាក់​, កូរ៉េ​ខាងត្បូង​ស្ថិត​នៅ​លំដាប់​ទី​៩ មាន​ចំនួន​ជាង​១២,១១​ម៉ឺន​នាក់ និង​ភ្ញៀវ​ទេសចរ​អូស្ត្រាលី​មាន​ចំនួន​ជាង​១២,១០​ម៉ឺន​នាក់ ស្ថិត​នៅ​លេខ​រៀង​ទី​១០» ។

ដោយឡែក បើ​តាម​របាយការណ៍​ទទួល​បាន​ពី​ស្ថានទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរ​ខ្មែរ​ដែល​ទៅ​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី​មាន​ចំនួន​២៤.៧៨៨​នាក់ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ មាន​ចំនួន​២៣.៧១៥​នាក់ កើនឡើង​ប្រមាណ​៤,៥% ហើយ​បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​បាន​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​គឺ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ទេសចរណ៍​អ៊ិ​ស្លា​ម ។
ការ​មក​ដល់​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោកចាប់តាំងពី​ទសវត្សរ៍​៧០​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​រៀបចំ​យុទ្ធសាស្ត្រ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ក្នុងស្រុក​ចំនួន​១៤​ការិយាល័យ និង​២២​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ព្រមទាំង​រៀបចំ​បណ្ដាញ​ទំនាក់ទំនង​អន្តរជាតិ​បាន​ចំនួន​៣៥​ការិយាល័យ និង​៨​ការិយាល័យ​ទីផ្សារ ។

ចំណែក​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​បង្កើត​ការិយាល័យ​ទំនាក់ទំនង​ទីផ្សារ​ឡើង​នៅ​ឆ្នាំ​២០០៤ ។

ការ​បង្កើត​បណ្ដាញ​គ្រប់​ទិស​ទី​នេះ លោក Y. Bhg. Dato Hj. Azizan Norrdin បាន​ឲ្យ​ដឹង​ថា ៖ «​ក្នុង​គោលបំណង​ដើម្បី​ស្រូប​យក​កំណើន​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ពង្រីក​រយៈពេល​នៃ​ការ​ស្នាក់ និង​បង្កើន​ការ​ចំណាយ​ជា​មធ្យម​របស់​ភ្ញៀវ​ទេសចរ ។ ជំរុញ​កំណើន​ទេសចរ​ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​គម្រោង​វិសមកាល និង​ដើម្បី​ពង្រីក​ទំនាក់ទំនង​ទីផ្សារ​អន្តរជាតិ តាម​រយៈ​ការ​លើកទឹកចិត្ត ការ​ចុះ​កិច្ចព្រមព្រៀង ក៏​ដូច​ជា​ពិព័រណ៍​អន្តរជាតិ​ជាដើម​» ។

ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ដល់​ម៉ា​ឡេ​ស៊ី​ច្រើន​បំផុត ជា​ទូទៅ គឺ​នៅ​ក្នុង​ខែមិថុនា​ដល់​ខែកញ្ញា និង​ពី​ខែវិច្ឆិកា ដល់​ខែមករា ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ជា​រដូវ​កាលដែល​សម្បូរ​ដោយ​ការ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ ។

លោក Y. Bhg. Dato Hj. Azizan Norrdin មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ «​ពិត​ណាស់ គឺ​ស្ទើរតែ​គ្រប់​ខែ​ទាំងអស់​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​ម៉ា​ឡេ​ស៊ី ដូច​ជា​ថ្ងៃនេះ​ស្រាប់ (​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០១៥) មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ទស្សនាការ​ប្រណាំង MotorGP 2015 នៅ​ពហុ​កីឡដ្ឋាន Sepang នេះ ព្រោះ​យើង​មាន​សកម្មភាព​ជា​ច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ដ និង​ទស្សនា​ប្រណីតភាព​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ហើយ​ពួក​គេ​ក៏​អាច​សប្បាយ​នឹង​ការ​ដើរ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​ធំ​ៗ​ជា​ច្រើន និង​ស្នាក់​នៅ​សណ្ឋាគារ​ទំនើប​ៗ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ​» ។

គួរ​រំឭក​ថា នៅ​ក្នុង​កម្មវិធី «​មហា​គ្រួសារ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី ឆ្នាំ​២០១៥» នា​ឱកាស​នោះ លោក Dato’ Mirza Mohammad Taiyab អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទេសចរណ៍​ម៉ា​ឡេ​ស៊ី បាន​ប្រគល់​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ​២០១៤ ដល់ទី​ភ្នាក់ងារទេសចរណ៍​ម៉ា​ឡេ​ស៊ី​នៅ​តាម​បណ្ដា​ប្រទេស​នានា និង​ប្រគល់​វិញ្ញាបនបត្រ​ដល់​អ្នក​សារព័ត៌មាន​មក​ពី​ជុំវិញ​ពិភពលោក ក្នុង​នោះ​ក៏​មាន​អ្នក​សារព័ត៌មាន​ប្រទេស​កម្ពុជា​ផង​ដែរ ៕